គ្រាប់បាល់ក្នុងវគ្គទី២របស់ខ្សែប្រយុទ្ធហ្គាបុង Pierre-Emerick Aubameyang ជួយក្រុមកាំភ្លើងធំ Arsenal ផ្ដួលភ្ញៀវ Burnley ២-១ ដើម្បីយកជ័យជម្នះ២លើកដំបូងជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League ជាលើកទី១តាំងពីឆ្នាំ២០០៩មក។
ខ្សែប្រយុទ្ធបារាំង Alexandre Lacazette បានត្រលប់ពីរបួសជាមួយនឹងសមត្ថភាពគួរឱ្យសរសើរដោយគ្រប់គ្រងបាល់ផុតពីការរំខានរបស់ Erik Pieters ហើយស៊ុតចូលប្រឡោះជើងអ្នកចាំទី Nick Pope ឱ្យ Arsenal នាំមុខក្នុងនាទី១៣។
Burnley បានតាមស្មើក្នុងនាទី៤៣ដោយខ្សែប្រយុទ្ធសែស្រឡាយអូទ្រីសកើតនៅអង់គ្លេស Ashley Barnes ដែលជាគ្រាប់ទី៣របស់គេក្នុង២ប្រកួតដំបូងនេះ។
តែនៅនាទី៦៤ Aubameyang ស៊ុតគ្រាប់៣ពិន្ទុសម្រាប់ក្រុមលោក Unai Emery ដែលបានដាក់សមាជិកថ្មី David Luiz និង Dani Ceballos ចូលលេងលើកដំបូងយប់មិញ។ Ceballos បានជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតនេះ ហើយគេក៏ជាកីឡាករទី៣ក្នុងប្រវត្តិសាស្ត្រ Arsenal ដែលបានចូលលេងលើកដំបូងហើយបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូល២គ្រាប់ឬច្រើនជាងនេះ បន្ទាប់ពី Ray Parlour និង Henrikh Mkhitaryan។
គួរជម្រាបថា Arsenal មិនបានឈ្នះ២ប្រកួតដំបូងក្នុងក្របខ័ណ្ឌ Premier League តាំងពីរដូវកាល២០០៩-១០មក។
Arsenal ប៉ះ Burnley ក្នុងក្របខ័ណ្ឌ Premier League ១០ប្រកួតចុងក្រោយ ឈ្នះរហូត៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖