+855 16 757 168     samnob@keiladaily.com
KD Logo

Solskjaer បញ្ជាក់ថា Sanchez និង Smalling នៅតែមានអនាគតនៅ Man Utd ព្រោះ…

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 263

ខ្សែប្រយុទ្ធ Alexis Sanchez និងខ្សែការពារ Chris Smalling នៅតែមានអនាគតនៅ Manchester United ទោះបីរដូវកាលនេះគេទៅចូលរួម Inter Milan និង AS Roma លើកិច្ចសន្យាខ្ចីរៀងខ្លួនក៏ដោយ។ នេះជាការបញ្ជាក់របស់លោក Ole Gunnar Solskjaer។

តារាជម្រើសជាតិឈីលីវ័យ៣០ឆ្នាំ Sanchez មានពេលវេលាដ៏អាប់អួរនៅ Old Trafford ដោយ១៨ខែមកនេះ គេរកបានតែ៥គ្រាប់ប៉ុណ្ណោះពីការចូលលេង៤៥លើកសម្រាប់ក្រុមបិសាចក្រហម ក្រោយផ្ទេរមកពី Arsenal ក្នុងខែមករាឆ្នាំ២០១៨។ ពេលនេះគេរំពឹងស្ដារអាជីពឡើងវិញតាមរយៈការលេងនៅ Serie A ក្នុងរដូវកាល២០១៩-២០។ ស្របគ្នានេះ Smalling បានទៅចូលរួម Roma លើកិច្ចសន្យាខ្ចី១ឆ្នាំដែរ បន្ទាប់ពីការមកដល់ Old Trafford ពីសំណាក់ Harry Maguire។

អ្នកគាំទ្រជាច្រើនយល់ថាការផ្ទេរលើកិច្ចសន្យាខ្ចីរបស់ Sanchez និង Smalling នេះមានន័យថាពួកគេអស់ផ្លូវនៅ Man Utd ទៀតហើយ។ តែផ្ទុយទៅវិញ លោក Solskjaer អះអាងថាទាំង Sanchez និង Smalling នៅមានអនាគតក្នុងនាមជាកីឡាករ Man Utd ដ្បិតពួកគេទៅអ៊ីតាលីនេះគឺលើកិច្ចសន្យាខ្ចី១ឆ្នាំប៉ុណ្ណោះ។

លោក Solskjaer បានបញ្ជាក់តាម Sky Sports ថា៖ «ប្រាកដណាស់ ពួកគេ (Sanchez & Smalling) នៅតែមានអនាគតនៅ Manchester United។ នេះគឺជាការខ្ចីរយៈពេល១ឆ្នាំ។ ពួកយើងរំពឹងថាពួកគេនឹងប្រកបដោយវិជ្ជាជីវៈ។ ទៅលេងនៅទីនោះ(អ៊ីតាលី)និងតំណាងឱ្យ Manchester United ផង។ ពួកយើងចង់ឱ្យពួកគេធ្វើបានល្អ»។

សូមរំឭកថា Sanchez រកបានជាង៧០គ្រាប់ក្នុងពេល៣ឆ្នាំកន្លះនៅ Arsenal ហើយក្នុងរដូវកាលមុនគេមកចូលរួម Man Utd គេបានជាប់ឈ្មោះប្រជែងពាន PFA Players' Player of the Year បន្ទាប់ពីរកបាន៣០គ្រាប់និងបញ្ជូន១៧គ្រាប់ក្នុងមួយរដូវកាល៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Skysports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖