+855 16 757 168     samnob@keiladaily.com
KD Logo

អតីតគ្រូបង្គោលកម្ពុជា Scott O’Donell បង្ហាញការយល់ឃើញលើក្រុមជម្រើសជាតិបច្ចុប្បន្ន 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1332

លោក Scott O’Donell អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយល់ឃើញថា ក្រុមបច្ចុប្បន្នមានការរីកចម្រើនជាងមុន ជាពិសេសបើប្រៀបទៅនឹងសម័យដែលលោកដឹកនាំអំឡុង១០ឆ្នាំ ទាំងសមត្ថភាព និងការចូលរួមគាំទ្រ។


អ្នកបច្ចេកទេសជនជាតិអូស្ត្រាលីសង្កត់ធ្ងន់ថា ការរីកចម្រើននៃក្របខណ្ឌក្នុងស្រុកក៏ជាកត្តារួមចំណែកជួយដល់ជម្រើសជាតិ។ លោកថា ជារឿងល្អដែលមានការប្រឹងប្រែងអភិវឌ្ឍដល់ក្លិបក្នុងស្រុក ព្រោះបណ្ដាក្រុមជម្រើសជាតិនៅប្រទេសរីកចម្រើន ក៏ទទួលបានរួមចំណែកពីក្លិបក្នុងលីគដូចគ្នាផងដែរ។

លោក Scott O’Donell ពន្យល់ ៖”ខ្ញុំគិតថា បច្ចុប្បន្នពួកគេធ្វើបានល្អ។ ទោះមិនបានឈ្នះលើក្រុមហុងកុងនៅប្រកួតដំបូង តែខ្ញុំមើលឃើញថា ពួកគេមានការរីកចម្រើនខ្លាំង ហើយខ្ញុំគិតថា ក៏ដោយសារតែមានការរីកចម្រើសពីក្របខណ្ឌក្នុងស្រុកដែរ។ ឥឡូវកើនឡើងច្រើនជាងមុន។ បើយើងក្រឡេកទៅក្រុមជម្រើសជាតិនៅតាមបណ្ដាប្រទេសរីកចម្រើន ពួកគេខ្លាំង ក៏ដោយសារតែលីគក្នុងស្រុកគេខ្លាំងដែរ។ អ៊ីចឹងវាពិតជាសំខាន់ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍការប្រកួតក្នុងស្រុកបែបនេះ”។

បុរសវ័យ៥២ឆ្នាំបានមកទស្សនកិច្ចនៅកម្ពុជា និងបានឆ្លៀតទៅទស្សនាជំនួបជាមួយហុងកុងកាលថ្ងៃទី០៥ កញ្ញាកន្លងទៅទៀតផង។ ក្រោយការប្រកួតលោកមើលឃើញថា កីឡាករមានជំនឿចិត្តលើខ្លួនឯង ដែលខុសពីមុន ហាក់មានសភាពរអារពេលប៉ះក្រុមខ្លាំងៗម្ដងៗ។ មិនតែប៉ុណ្ណោះ ពួកគេក៏អាចលេងបានច្រើនទម្រង់ ពោលគឺមិនមែនមានតែមួយច្រកឡើយ។


គួរដឹងដែរថា លោក Scott ធ្លាប់ដឹកនាំជម្រើសជាតិកម្ពុជាពីរលើកពីចន្លោះឆ្នាំ២០០៥ដល់២០០៧ និង២០០៩ដល់២០១០។ ស្នាដៃរបស់លោកគឺបានដឹកនាំកម្ពុជាឈ្នះពានយុវជនប្រចាំតំបន់ គឺ BIDC Cup 2009។

ជាចុងក្រោយ លោកក៏ផ្ដាំផ្ញើដល់កីឡាករកម្ពុជាឲ្យបន្តការខិតខំប្រឹងប្រែងរបស់គេ ហើយថា ប្រសិនបើមានឱកាសល្អ លោកអាចនឹងវិលមកធ្វើការនៅកម្ពុជាសាជាថ្មីនៅថ្ងៃណាមួយនាពេលអនាគត៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖