+855 16 757 168     samnob@keiladaily.com
KD Logo

ទោះបីចាញ់ តែ កូសូវ៉ូ បានបង្កើតកំណត់ត្រា២ទល់នឹងអង់គ្លេស ខណៈ Sancho និង Kane ក៏​បាន​បង្កើត​រឿង​គួរ​ឱ្យ​កត់សម្គាល់ដែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 289

អង់គ្លេសបានបន្តឈ្នះក្នុងវគ្គជម្រុះ Euro 2020 ពូល A ដោយផ្ដួល កូសូវ៉ូ ៥-៣ នៅកីឡដ្ឋានក្លិប Southampton យប់ថ្ងៃអង្គារទី១០ខែកញ្ញាឆ្នាំ២០១៩។

ទោះចាញ់បែបនេះក្ដី កូសូវ៉ូ បានក្លាយជាក្រុមទី១តាំងពីឆ្នាំ២០០៧មកដែលស៊ុតចូលម្ចាស់ផ្ទះអង់គ្លេស៣គ្រាប់ បន្ទាប់ពីក្រូអាតបានធ្វើកាលពី១២ឆ្នាំមុនក្នុងការប្រកួតពានផ្លូវការ។

យប់មិញ ភ្ញៀវកូសូវ៉ូ បានបើកការនាំមុខយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្រោយកែបាល់បាន៣៤វិនាទី ដោយកីឡាករ Valon Berisha តាម​រយៈ​កំហុស​របស់ Michael Keane។ នេះក៏ជាលើកដំបូងដែលអង់គ្លេស បានរបូតគ្រាប់បាល់ក្នុងនាទីទី១ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ១៩៩៣មកពេល Davide Gualtieri របស់ សានម៉ារីណូ បានធ្វើដូច្នេះដាក់អង់គ្លេស។

យ៉ាងណាក្ដី បន្ទាប់ពីរបូតគ្រាប់បាល់យ៉ាងលឿននោះរួច អង់គ្លេសវាយបក៥គ្រាប់វិញក្នុងវគ្គទី១ ដោយ Raheem Sterling ក្នុងនាទីទី ៨, Harry Kane ក្នុងនាទី១៩,  Mergim Vojvoda ភ្លាត់ស្នៀតប៉ះបាល់ចូលទីខ្លួនឯងក្នុងនាទី៣៨ក្រោយការបញ្ជូនដោយ Jadon Sancho រួច Sancho ស៊ុតចូល២គ្រាប់ផ្ទួនក្នុងនាទី៤៤និង៤៥+១។

Sancho (វ័យ១៩ឆ្នាំនិង១៦៩ថ្ងៃ) ពេលនេះក្លាយជាកីឡាករក្មេងបំផុតដែលរកបានគ្រាប់បាល់លើសពី១គ្រាប់សម្រាប់អង់គ្លេសក្នុងមួយប្រកួត បន្ទាប់ពី Wayne Rooney ដែលបានធ្វើក្នុងខែមិថុនាឆ្នាំ២០០៤ ទល់នឹង ក្រូអាត ក្នុងវ័យ១៨ឆ្នាំនិង២៤១ថ្ងៃ។

នៅវគ្គទី២ មានគ្រាប់បាល់កើតឡើង២គ្រាប់ដោយបានទៅខាងកូសូវ៉ូទាំងអស់ ដោយសារកំហុសការពាររបស់អង់គ្លេស។ Berisha ដដែលរកបានគ្រាប់ទី២ក្នុងការប្រកួតក្នុងនាទី៤៩ មុន Muriqi ស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងនាទី៥៥ ក្រោយ Harry Maguire បង្កកំហុស។

ការស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលរបស់ Kane ក៏បានបញ្ចប់ការធ្វើបានជោគជ័យ២៣គ្រាប់ជាប់ៗគ្នាពីសំណាក់កីឡាករក្រុមជម្រើសជាតិអង់គ្លេសក្នុងពានផ្លូវការផងដែរ។ កីឡាករអង់គ្លេសដែលស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលលើកមុនគឺ David Beckham ក្នុងព្រឹត្តិការណ៍ Euro 2004 ទល់នឹង បារាំង។


Raheem Sterling ​បាន​ពាក់ព័ន្ធ​ក្នុង​គ្រាប់​បាល់​១២​គ្រាប់​របស់​អង់គ្លេស​ក្នុងការ​បង្ហាញ​ខ្លួន​៨​លើក​ចុង​ក្រោយ ដោយ​ស៊ុត​ចូល​៨​គ្រាប់​និង​បញ្ជូន​៤​គ្រាប់​។


អង់គ្លេស បន្ត​ក្ដោបក្ដាប់​លេខ​១​ពូល A ​ដោយ​៤​ប្រកួត​ឈ្នះ​ទាំង​អស់ ខណៈ ឆេក លេខ​២​មាន​៩​ពិន្ទុពី​៥​ប្រកួត ស្រប​ពេល កូសូវ៉ូ ធ្លាក់​មក​លេខ​៣​មាន​៨​ពិន្ទុ​ពី​៥​ប្រកួត​។ ម៉ុងតេណេក្រូ និង ប៊ុលហ្គារី មាន២ពិន្ទុដូចគ្នាពី៥ប្រកួត។

ការប្រកួតបន្ទាប់នឹងធ្វើឡើងក្នុងខែក្រោយ ដោយអង់គ្លេសត្រូវលេងនៅផ្ទះ ឆេក ថ្ងៃទី១១ខែតុលានិងនៅផ្ទះ ប៊ុលហ្គារី ៣ថ្ងៃបន្ទាប់៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖