+855 16 757 168     samnob@keiladaily.com
KD Logo

លោក ទេព ឡុងរចនា ៖ ច្រឹង ពលរដ្ឋទើបវិលមករកស្ថានភាពដើមបាន៦០%ប៉ុណ្ណោះ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 541

អ្នកចាត់ការទូទៅក្រសួងការពារជាតិ លោក ទេព ឡុងរចនា បានលើកឡើងពីស្ថានភាព ច្រឹង ពលរដ្ឋ ក្រោយពេលជាពីរបួស និងអាចវិលចូលលេងទីលានវិញបានថា ពេលនេះពុំទាន់ល្អប្រសើរឡើងវិញដូចដើមនៅឡើយទេ ដោយទើបតែសម្រេចបាន៦០ភាគរយប៉ុណ្ណោះបើធៀបនឹងស្ថានភាពរបស់គេពីមុន ដោយនៅខ្វះខាតទាំងកាយសម្បទា និង កម្លាំង ដែលធ្វើអោយបច្ចេកទេសក៏ថមថយផងដែរ ។ លោករំពឹងថាខ្សែបម្រើរូបនេះនឹងវិលមករកស្ថានភាពល្អប្រសើរដូចពីមុនឡើងវិញឆាប់ៗ ដើម្បីជួយក្រុម និង មានឱកាសជាប់ជម្រើសជាតិឡើងវិញ ។


អ្នកចាត់ការទូទៅក្រុមជើងឯកពានរង្វាន់សម្តេចតេជោ៣សម័យ ក្រសួងការពារជាតិ លោក ទេព ឡុងរចនា លើកឡើងពីស្ថានភាពទូទៅរបស់ ច្រឹង ពលរដ្ឋ បែបនេះ៖” ពលរដ្ឋទើបឈានបាន៦០ភាគរយទេ ព្រោះគាត់ខានហ្វឹកហាត់យូរដែរពេលមានរបួសហ្នឹង។ ដូចខ្ញុំនិយាយចឹងកាយសម្បទាត្រូវតែរឹងមាំ ព្រោះវាជួយដល់បច្ចេកទេស។ ពេលណាយើងបាត់បង់ថាមពលហ្នឹងទៅ វាមិនបានបម្រើដល់ផលប្រយោជន៍បច្ចេកទេសបានទេ ព្រោះបច្ចេកទេសពឹងទៅលើកម្លាំង។ បើមានបច្ចេទេសតែអត់កម្លាំង ទៅមិនរួចដដែល”។

អ្នកចាត់ការដដែលបន្ថែមថា ប្រសិនបើពលរដ្ឋបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ទាំងកាយសម្បទា និង កម្លាំងឡើងវិញនោះ គេនឹងអាចវិលមករកស្ថានភាពដើមបានវិញ១០០ភាគរយ ព្រោះភាពរហ័សរហួននិងភាពវ័យឆ្លាតរបស់គេនៅតែល្អ ហើយលោករំពឹងថា កីឡាករវ័យ២២ឆ្នាំរូបនេះអាចជួយក្រុមបានយ៉ាងពេញលេញ ព្រមទាំងអាចមានឱកាសក្រសោបកៅអីជម្រើសជាតិជាថ្មីបាន ។


គួរបញ្ជាក់ថា ច្រឹង ពលរដ្ឋ បានរងរបួសយារសរសៃជង្គង់ខាងស្តាំ នៅក្នុងការប្រកួតសប្តាហ៍ទី១៧នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៧ ក្នុងជំនួបយកឈ្នះ២-១ លើខេមបូឌានថាយហ្គឺរ ។ បច្ចុប្បន្ន ច្រឹង ពលរដ្ឋ អាចវិលមកជួយក្រុមក្រសួងការពារជាតិបានវិញហើយ ក្រោយខកខានបង្ហាញខ្លួនលើទីលានជាងមួយរដូវកាល៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖