+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែសីហា ខណៈ Pukki បានពានកីឡាករឆ្នើម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 400

អ្នកចាត់ការ Liverpool លោក Jurgen Klopp បានឈ្នះពានរង្វាន់អ្នកចាត់ការឆ្នើមប្រចាំខែសីហាក្នុងក្របខ័ណ្ឌ Premier League ក្រោយដឹកនាំក្រុមហង្សក្រហមឈ្នះទាំង៤ប្រកួត។

ក្នុង៤ប្រកួតនោះ ក្រុមហង្សក្រហមរបស់លោក Klopp បានបំប៉ោងសំណាញ់ទីគូប្រកួត១២គ្រាប់ តែរបូតវិញត្រឹម៣គ្រាប់ប៉ុណ្ណោះ។

Liverpool បានផ្ដើមរដូវកាលដោយឈ្នះ៤-១លើ Norwich ក្នុងផ្ទះ រួចផ្ដួល Southampton ២-១ នៅ St Mary’s។ បន្ទាប់មកទៀត ពួកគេបានលត់ Arsenal ៣-១ មុនឈ្នះ៣-០នៅផ្ទះ Burnley ធ្វើឱ្យលោកប្រជែងឈ្នះ Pep Guardiola, Roy Hodgson និង Brendan Rodgers ដើម្បីយកពាននេះ។

ដោយឡែក ខ្សែប្រយុទ្ធជម្រើសជាតិហ្វាំងឡង់ Teemu Pukki របស់ Norwich City បានឈ្នះពានកីឡាករឆ្នើមប្រចាំខែសីហា បន្ទាប់ពីចាប់ផ្ដើមរដូវកាលបានយ៉ាងអស្ចារ្យ ហើយប្រជែងឈ្នះ Sergio Aguero, Kevin de Bruyne, Raheem Sterling, Ashley Barnes និង Roberto Firmino។

កីឡាករវ័យ២៩ឆ្នាំរូបនេះរកបាន៥គ្រាប់និងបញ្ជូន១គ្រាប់ក្នុង៤ប្រកួតខែមុន រួមទាំងហ៊ែតទ្រីកទល់នឹង Newcastle United។ គេក៏បានស៊ុតចូល Liverpool និង Chelsea ផងដែរ ធ្វើឱ្យគេក្លាយជាកីឡាករទី១០ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតចូលក្នុង៣ប្រកួតដំបូងជាប់គ្នា។ គេក៏ជាកីឡាករហ្វាំងឡង់ដំបូងដែលឈ្នះពាននេះតាំងពីខែមីនាឆ្នាំ២០០៤មក បន្ទាប់ពី Mikael Forssell បានធ្វើ។ កីឡាករហ្វាំងឡង់តែម្នាក់ផ្សេងទៀតដែលធ្លាប់ឈ្នះពាននេះគឺខ្សែការពារ Sami Hyypia ក្នុងខែវិច្ឆិកាឆ្នាំ១៩៩៩។

ចំណែកខ្សែបម្រើស្លាប Harvey Barnes របស់ Leicester City បានឈ្នះពានគ្រាប់បាល់ស្អាតបំផុតប្រចាំខែសីហា សម្រាប់គ្រាប់បញ្ចូលទី Sheffield United៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ PL

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖