+855 16 757 168     samnob@keiladaily.com
KD Logo

Arsenal វាយបកឈ្នះ Aston Villa ចុងម៉ោង ទាំងសល់គ្នាត្រឹម១០នាក់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 154

លោក Unai Emery សរសើរស្មារតីក្រុមដ៏មហស្ចារ្យរបស់ Arsenal ដែលបានវាយបកឈ្នះ Aston Villa ៣-២ ទាំងសល់គ្នា១០នាក់តាំងពីចុងវគ្គទី១ យប់ថ្ងៃអាទិត្យទី២២ខែកញ្ញាឆ្នាំ២០១៩នៅកីឡដ្ឋាន Emirates។ តែអ្នកចាត់ការរូបនេះក៏បានសារភាពថាក្រុមកាំភ្លើងធំត្រូវពង្រឹងបន្ថែមផ្នែកការពារ បន្ទាប់ពី Aston បានបើកការនាំមុខ២ដង។

ភ្ញៀវ Aston បានបើកការនាំមុខក្នុងនាទីទី២០ ដោយ John McGinn។ តាំងពីចូលលេងឱ្យ Aston លើកដំបូងក្នុងខែសីហាឆ្នាំ២០១៨មក ខ្សែបម្រើស្កុតលែនរូបនេះជាអ្នករកគ្រាប់ក្នុងលីគជូន Aston បានច្រើនជាងគេក្នុងចំណោមកីឡាករបច្ចុប្បន្ន ស្មើនឹង Jonathan Kodjia ដោយរកបាន៩គ្រាប់។

ខ្សែការពារ Ainsley Maitland-Niles រងការបណ្ដេញចេញក្នុងនាទី៤១ ធ្វើឱ្យ Arsenal សល់គ្នាត្រឹម១០នាក់ ហើយសម្រាកវគ្គទី១ដោយចាញ់គេ១គ្រាប់ទៀត។

តែចូលដល់វគ្គទី២ ពួកគេបានព្យាយាមរហូតបានបាល់ពិន័យ១១ម៉ែត្រ ស៊ុតបានសម្រេចដោយ Nicolas Pepe ក្នុងនាទី៥៩។ តាំងពីដើមរដូវកាលមុនមក Pepe បានស៊ុតប៉េណាល់ទីចូល១០គ្រាប់(គិតទាំងកាលនៅបារាំង) ដែលជាតួលេខច្រើនបំផុតក្នុងចំណោមកីឡាករលេងក្នុងលីគធំបំផុតទាំង៥របស់អឺរ៉ុប ស្មើជាមួយ Luka Milivojevic និង Fabio Quagliarella។

តែនៅនាទី៦០ Wesley រកបានគ្រាប់នាំមុខសម្រាប់ Aston ជាថ្មី។ យ៉ាងណាក្ដី Arsenal ព្យាយាមរហូតរកបាន២គ្រាប់ជាប់គ្នាដោយ Callum Chambers ក្នុងនាទី៨១ និង Pierre Emerick Aubameyang ក្នុងនាទី៨៤។ នេះជាគ្រាប់បាល់ទី១៦ក្នុងការចូលលេង១៦លើកចុងក្រោយរបស់ Aubameyang សម្រាប់ Arsenal ក្នុងគ្រប់ពានទាំងអស់។

យប់មិញនេះដែរ Bukayo Saka ក្លាយជាកីឡាករក្មេងបំផុតទី៣នៅថ្ងៃដែលគេចាប់ផ្ដើមការប្រកួត Premier League សម្រាប់ Arsenal បន្ទាប់ពី Cesc Fabregas និង Theo Walcott៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖