+855 16 757 168     samnob@keiladaily.com
KD Logo

Felix Dalmas ៖ អ៊ីរ៉ង់ជាក្រុមខ្លាំងបំផុតមួយក្នុងអាស៊ី តែយើងនឹងលេងដោយគ្មានភាពភ័យខ្លាច

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 139

មុនការប្រកួតនៅទឹកដីអ៊ីរ៉ង់ចាប់ផ្ដើមនៅម៉ោង៨៖៣០យប់ថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០១៩នេះក្នុងវគ្គជម្រុះ FIFA World Cup 2022 ជុំទី២ លោក Felix Dalmas គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានិយាយថា អ៊ីរ៉ង់ ជាក្រុមខ្លាំងបំផុតមួយក្នុងទ្វីបអាស៊ី ប៉ុន្តែកម្ពុជានឹងព្យាយាមលេងឱ្យបានល្អដោយគ្មានភាពភ័យខ្លាចនៅក្នុងចិត្ត។

កម្ពុជានឹងជួបក្រុមគីឡូធ្ងន់ អ៊ីរ៉ង់ ក្នុងពូល C នៅកីឡដ្ឋាន Azadi យប់ថ្ងៃព្រហស្បតិ៍នេះ ស្របពេល អ៊ីរ៉ង់ កំពុងមាន៣ពិន្ទុពីជ័យជម្នះ២-០លើ ហុងកុង ខណៈកម្ពុជាមាន១ពិន្ទុពី២ប្រកួត ទល់ ហុងកុង (ស្មើ១-១) និង បារ៉ែន (ចាញ់០-១)។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនរបស់កម្ពុជានិយាយថា៖ «វានឹងជាឱកាសល្អសម្រាប់យើងដើម្បីតេស្តសមត្ថភាពយើង ព្រោះយើងនឹងលេងទល់ក្រុមខ្លាំងបំផុតមួយក្នុងទ្វីបអាស៊ី។ ខ្ញុំសង្ឃឹមថាពួកយើងនឹងបោះជំហានទៅមុខមួយជំហានទៀតក្នុងផែនការរបស់យើងក្នុងការអភិវឌ្ឍបាល់ទាត់កម្ពុជា»។

«អ៊ីរ៉ង់ជាក្រុមដ៏ខ្លាំងមួយ ប៉ុន្តែមនោគមវិជ្ជាបាល់ទាត់របស់យើងគឹច្បាស់លាស់។ ពួកយើងនឹងប្រឹងប្រែងគ្រប់យ៉ាងដើម្បីលេងឱ្យបានល្អទល់នឹងគ្រប់ក្រុមទាំងអស់។ នេះជាចំណុចសំខាន់បំផុត»។

គ្រូវ័យ៣១ឆ្នាំបន្តថា៖ «ពួកយើងចាត់ទុកការប្រកួតនេះជាឱកាសអស្ចារ្យមួយដើម្បីបង្កើនសក្ដានុពលរបស់យើង។ យើងចង់ប្រកួតប្រជែង អីចឹងហើយទើបយើងមកទីនេះ។ យើងដឹងពីភាពខុសគ្នារវាងក្រុមទាំង២ ប៉ុន្តែយើងនឹងប្រឹងឱ្យអស់ពីសមត្ថភាព។ ខ្ញុំនិង Keisuke Honda មានមនោគមវិជ្ជាបាល់ទាត់ដូចគ្នានៅក្នុងក្រុម ហើយជួយគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅរបស់យើង។ Honda ជាគ្រូបង្វឹកអាជីពមួយរូប និងបានដើរតួយ៉ាងសំខាន់ក្នុងភាពរីកចម្រើនរបស់ក្រុម។ ពួកយើងមានបុគ្គលិកលក្ខណៈផ្សេងគ្នា ប៉ុន្តែពួកយើងសម្លឹងទៅគោលដៅរួមគ្នា»។

គួរដឹងដែរ​ថា អ៊ីរ៉ង់ មាន​ចំណាត់​ថ្នាក់​ទី​២៣​ពិភពលោក ក្នុង FIFA Ranking និង​លេ​ខ​១​ក្នុង​ទ្វីប​អាស៊ី ខណៈ​កម្ពុជា មាន​ចំណាត់​ថ្នាក់​ទី​១៦៩​ពិភពលោក​​ និង​ទី៣៦​ក្នុង​ទ្វីប​អាស៊ីក្នុង​ចំណោម​៤៦​ក្រុម៕


ប្រែសម្រួល៖ រាជសម្ភារ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖