+855 16 757 168     samnob@keiladaily.com
KD Logo

ជំនាន់ខ្មែរខ្លាំងបានលេខ៤ទ្វីបអាស៊ីឆ្នាំ១៩៧២ អ៊ីរ៉ង់ស៊ីខ្មែរ២ដងក្នុងឆ្នាំនោះ ចំណែកយប់នេះនឹងយ៉ាងណា?

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 231

អ្នកស្នេហាបាល់ទាត់ជាតិប្រាកដជាបានដឹងអំពីប្រវត្តិសមិទ្ធផលល្អបំផុតក្នុងវិស័យបាល់ទាត់ខ្មែរ គឺការទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងព្រឹត្តិការណ៍ AFC Asian Cup 1972។


រំឭកទៅឆ្នាំ១៩៧២បន្តិចតើខ្មែរបានលេខ៤ដោយរបៀបណា?

AFC Asian Cup 1972 ជាព្រឹត្តិការណ៍លើកទី៥នៃការប្រកួតដណ្ដើមជើងឯកបាល់ទាត់ទ្វីបអាស៊ី ហើយក៏ជាលើកដំបូងនិងតែម្ដងគត់ដែរ ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយើងបានជម្រុះជាប់ទៅបង្ហាញខ្លួនក្នុងជុំផ្ដាច់ព្រ័ត្រ។

ពេលនោះ ក្រុមជម្រើសជាតិដែលមានឈ្មោះថា «សាធារណរដ្ឋខ្មែរ» បានប៉ះ អ៊ីរ៉ង់ ដែលជាក្រុមការពារតំណែងជើងឯក ចំនួន២ប្រកួត ហើយចាញ់ទាំង២លើក។

លើកទី១ ខ្មែរ ចាញ់ អ៊ីរ៉ង់ ០-២ នៅកីឡដ្ឋានជាតិរបស់ថៃក្នុងរាជធានីបាងកក ថ្ងៃទី៧ខែឧសភាឆ្នាំ១៩៧២ ក្នុងការប្រកួតដើម្បីបែងចែកពូលសម្រាប់លេងជុំផ្ដាច់ព្រ័ត្រ។ Hossein Kalani និង Safar Iranpak ជាអ្នករកគ្រាប់បាល់សម្រាប់អ៊ីរ៉ង់។

នៅថ្ងៃទី១៦ខែឧសភាឆ្នាំ១៩៧២ ខ្មែរ ជួប អ៊ីរ៉ង់ ម្ដងទៀតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបានចាញ់ជាថ្មីដោយលទ្ធផល១-២។ Iranpak បានបើកការនាំមុខសម្រាប់អ៊ីរ៉ង់ ក្នុងនាទី១៣ រួច ឌឿ សុខុម (Doeur Sokhom) តាមស្មើឱ្យខ្មែរ ក្នុងនាទី១៨ តែ Parviz Ghelichkhani ស៊ុតគ្រាប់ជ័យជម្នះសម្រាប់ក្រុមខ្លាំងអ៊ីរ៉ង់ក្នុងនាទី៤៧។

អ៊ីរ៉ង់ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយស៊ី កូរ៉េខាងត្បូង ២-១ ក្នុងវគ្គថែមម៉ោង១៥នាទី២ដង ហើយបានលើកពាន AFC Asian Cup ជាលើកទី២ បន្ទាប់ពីឈ្នះលើកដំបូងក្នុងឆ្នាំ១៩៦៨ ចំណែក ខ្មែរ មកប្រកួតដណ្ដើមលេខ៣ ចាញ់ ថៃ ដោយបាល់ប៉េណាល់ទី៣-៥ បន្ទាប់ពីស្មើគ្នា២-២។

អ៊ីរ៉ង់បានលើកពានជើងឯកទ្វីបអាស៊ីលើកទី៣ជាប់គ្នាក្នុងឆ្នាំ១៩៧៦ តែក្រោយពីនោះមកពួកគេមិនទាន់បានឈ្នះពាននេះម្ដងទៀតនៅឡើយទេ ស្របពេលជប៉ុន បានវ៉ាក្លាយជាក្រុមជោគជ័យបំផុតក្នុងពាននេះ ដោយលើកពាន៤ដង ពោលគឺក្នុងឆ្នាំ១៩៩២, ២០០០, ២០០៤ និង២០១១។ កាតារ ជាជើងឯក AFC Asian Cup 2019 ដែលជាការឈ្នះពានជើងឯកទ្វីបអាស៊ីលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ខណៈ អ៊ីរ៉ង់ បានឡើងដល់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្នាំនេះ។ 

ដោយឡែក ពាក់ព័ន្ធនឹងជំនួបរវាង អ៊ីរ៉ង់ និង កម្ពុជា នៅតេហេរ៉ង់ ម៉ោង៨៖៣០យប់ថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០១៩នេះក្នុងវគ្គជម្រុះ FIFA World Cup 2022 ជុំទី២ប្រចាំទ្វីបអាស៊ី អ៊ីរ៉ង់ នឹងគ្មានខ្សែប្រយុទ្ធមុតស្រួច Alireza Jahanbakhsh ឡើយ។ អតីតម្ចាស់ស្បែកជើងមាសលីគកំពូលហុល្លង់រដូវកាល២០១៧-១៨រូបនេះខានបានលេងឱ្យ Brighton & Hove Albion ក្នុងក្របខ័ណ្ឌ Premier League តាំងពីរងរបួសអំឡុងពេលជួយ អ៊ីរ៉ង់ ឈ្នះ២-០នៅផ្ទះ ហុងកុង។

ប៉ុន្តែ អ៊ីរ៉ង់របស់លោក Marc Wilmots នឹងកើនទំនុកចិត្តដោយភាពឡើងជើងរបស់ខ្សែប្រយុទ្ធឆ្នើម Sardar Azmoun មកពីក្លិប Zenit St Petersburg។ កីឡាករវ័យ២៤ឆ្នាំរូបនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ច្រើនតាមរយៈការបង្ហាញគុណផលយ៉ាងចំណានរបស់គេសម្រាប់ក្លិបយក្សរុស្ស៊ី រួមទាំងការស៊ុតចូល២គ្រាប់ក្នុងការចូលលេងពាន UEFA Champions League ២ប្រកួតដំបូងក្នុងរដូវកាល២០១៩-២០។

ទោះបែបនេះក្ដី គ្រូបង្វឹកកម្ពុជា លោក Felix Dalmas បានលើកឡើងថាក្រុមគោព្រៃខៀវនឹងលេងដោយគ្មានភាពភ័យខ្លាច ហើយនឹងប្រឹងលេងឱ្យបានល្អបំផុតទល់នឹងក្រុមជម្រើសជាតិលេខ១ប្រចាំទ្វីបអាស៊ី៕


ដោយ៖ ប៊ុនតឺម
ប្រភព៖ AFC, Wikipedia

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖