+855 16 757 168     samnob@keiladaily.com
KD Logo

អតីតកូនសិស្ស Solskjaer ជនជាតិន័រវេស Erling Haaland បង្កើតឯតទគ្គកម្មក្នុងពាន UCL

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 916

ខ្សែប្រយុទ្ធជម្រើសជាតិន័រវេសវ័យ១៩ឆ្នាំ Erling Braut Haaland បានក្លាយជាកីឡាករទី១ដែលរកបានដល់ទៅ៦គ្រាប់ពីការចូលលេង៣ប្រកួតដំបូងក្នុងអាជីពរបស់គេក្នុងពានរង្វាន់ UEFA Champions League។

ក្នុងការប្រកួតដែល Red Bull Salzburg ចាញ់ Napoli ២-៣ យប់ថ្ងៃពុធទី២៣ខែតុលាឆ្នាំ២០១៩ Haaland រកបាន២គ្រាប់ម្នាក់ឯងឱ្យ Salzburg តាមស្មើគ្រាប់នាំមុខទាំង២លើករបស់ Dries Mertens។ ប៉ុន្តែបន្ទាប់មក Lorenzo Insigne ស៊ុតគ្រាប់ជ័យជម្នះឱ្យក្រុមមកពីអ៊ីតាលី។

Haaland បានស៊ុតចូលក្នុងនាទីទី៨ម្ដងដែរ តែត្រូវបានអាជ្ញាកណ្ដាលមិនយកជាការណ៍ បន្ទាប់ពីពិនិត្យ VAR ឃើញថាអកហ្សឺ។

បន្ថែមលើនេះ Haaland ក៏ក្លាយជាកីឡាករយុវជនទី២ដែលតែងស៊ុតចូលក្នុង៣ប្រកួតដំបូងក្នុងពាន UCL បន្ទាប់ពី Karim Benzema បានធ្វើមុន។

សូមជម្រាបថា Haaland ដែលមានកម្ពស់១.៩៤ម៉ែត្រ ត្រូវបានមជ្ឈដ្ឋានទូទៅ​ប្រៀបធៀប​ទៅនឹង Zlatan Ibrahimovic ដោយសារតែកម្ពស់និងសមត្ថភាពបញ្ចប់ទីយ៉ាងច្បាស់របស់គេ។


គេបានផ្ដើមអាជីពនៅក្លិប Bryne ក្នុងឆ្នាំ២០១៥ មុនចូលរួមក្លិប Molde ក្នុងរដូវកាល២០១៧-១៨ ដែលមានលោក Ole Gunnar Solskjaer ជាអ្នកចាត់ការ។ កាលណោះ លោក Solskjaer បាននិយាយថា Haaland មានស្ទីលលេងស្រដៀង Romelu Lukaku។

Manchester United ធ្លាប់បានបញ្ជូនគ្រូអង្កេតទេពកោសល្យកីឡាករ (Scout) ទៅមើលការលេងរបស់ Haaland កាលពីខែកក្កដាឆ្នាំ២០១៨ ក្នុងការប្រកួតដែល Haaland ស៊ុតចូល៤គ្រាប់ម្នាក់ឯងទល់នឹង Brann ក្នុងពេល១៧នាទីនិង៤វិនាទី ជួយ Molde ឈ្នះ៤-០។ តែគេបានបំពេញហ៊ែតទ្រីកនៅពីមុខ Scout របស់ Man Utd ក្នុងពេលត្រឹម១១នាទីនិង២វិនាទីប៉ុណ្ណោះ (៣គ្រាប់ដំបូង)។

កាលនៅជាអ្នកចាត់ការ Molde លោក Solskjaer បានទម្លាយថាមានក្លិបមួយចំនួនបានដាក់សំណើសុំទិញ Haaland តែក្លិប Molde មិនលក់។ យ៉ាងណាក្ដី នៅទីបំផុត Haaland បានចេញពី Molde ទៅចូលរួមក្លិបអូទ្រីស Red Bull Salzburg ក្នុងខែមករាឆ្នាំ២០១៩ លើកិច្ចសន្យា៥ឆ្នាំ។

គួរ​ជម្រាប​ផង​ដែរ​ថា Haaland ជា​កូន​របស់​អតីត​ខ្សែការពារ​ជម្រើស​ជាតិ​ន័រវេស Alf-Inge Håland ដែល​ជា​អតីត​កីឡាករ​ក្លិប Bryne, Nottingham Forest, Leeds United និង Manchester City។ Erling Haaland ​បានកើត​នៅ Leeds ក្នុង​ប្រទេស​អង់គ្លេស ហើយ​គេជា​អ្នក​គាំទ្រ​ Leeds​។ គេ​បាន​និយាយ​ក្នុង​សម្ភាសន៍​ជាមួយ​កាសែត​ន័រវេស​ក្នុង​ឆ្នាំ​២០១៧​ថា​ក្ដី​ស្រមៃ​របស់​គេ​គឺ​ចង់​ឈ្នះ Premier League ជាមួយ Leeds៕ 


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖