+855 16 757 168     samnob@keiladaily.com
KD Logo

Pique ទម្លាយថាកីឡាករ Barcelona បានធ្វើការលះបង់ធំមួយដើម្បីជួយក្លិបយក Neymar មកវិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 721

ខ្សែការពារ Gerard Pique និយាយថាកីឡាករ Barcelona បានសុខចិត្តពន្យារការបើកប្រាក់ខែ ប្រសិនបើវានឹងជួយសម្រួលដល់ការទិញ Neymar ត្រលប់ពី Paris St Germain មកវិញក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ។

អំឡុងទីផ្សារដោះដូររដូវក្ដៅកន្លងទៅ Barcelona បានធ្វើគ្រប់យ៉ាងដែលអាចទៅរួចដើម្បីនាំយក Neymar ត្រលប់មក Camp Nou វិញ ប៉ុន្តែចុងបញ្ចប់ការផ្ទេរមិនអាចសម្រេចទៅបាន​ដដែល​។

អតីតសមាជិក Manchester United ពីឆ្នាំ២០០៤ដល់២០០៨ Pique ទម្លាយឱ្យដឹងថាកីឡាករ Barca ទាំងអស់បានសុខចិត្តពន្យារពេលបើកលុយ ដើម្បីជួយក្លិបកុំឱ្យបំពានច្បាប់កំហិតការចាយវាយ Financial Fair Play ដើម្បីទិញ Neymar ត្រលប់មកវិញ។

កីឡាករវ័យ៣២ឆ្នាំដែលគាំទ្រការផ្ដាច់ខ្លួនរបស់តំបន់ស្វយ័តកាតាឡូនីញ៉ា និយាយតាមវិទ្យុអេស្ប៉ាញ Cadena Ser ថា៖ «ពួកយើងទាំងអស់គ្នាបានត្រៀមខ្លួនរួចរាល់ដើម្បីកែប្រែកិច្ចសន្យារបស់ពួកយើង។ ពួកយើងមិនបរិច្ចាគលុយទេ ប៉ុន្តែពួកយើងជួយសម្រួលឱ្យកាន់តែងាយស្រួលដល់ក្លិបដោយអនុញ្ញាតឱ្យក្លិបចាំបង់លុយមួយចំនួនដល់ពួកគេនៅឆ្នាំទី២ឬឆ្នាំទី៣ជំនួសឱ្យឆ្នាំទី១»។

សូមរំឭកថា Neymar បានចាកចេញពី Barcelona ក្នុងឆ្នាំ២០១៧ បន្ទាប់ពី PSG បង់លុយផ្ដាច់កុងត្រាតម្លៃ២២២លានអឺរ៉ូ (២០០លានផោន) ដែលជាតម្លៃឯតទគ្គកម្មក្នុងប្រវត្តិសាស្ត្របាល់ទាត់។

គួរបញ្ជាក់ផងដែរថា ក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ Barca បានចាយជាង២០០លានផោនលើការនាំចូលសមាជិកថ្មី រួមទាំងខ្សែបម្រើហុល្លង់ Frenkie de Jong ពី Ajax និងខ្សែប្រយុទ្ធបារាំង Antoine Griezmann ពី Atletico Madrid៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖