+855 16 757 168     samnob@keiladaily.com
KD Logo

Bale និយាយថាលេងឱ្យវេលស៍រំភើបចិត្តជាងលេងឱ្យ Real Madrid

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 219

ខ្សែប្រយុទ្ធ Gareth Bale និយាយថាពេលលេងឱ្យជម្រើសជាតិវេលស៍ គេមានអារម្មណ៍រំភើបជាងពេលលេងឱ្យ Real Madrid។

កីឡាករវ័យ៣០ឆ្នាំរូបនេះបានរងការរិះគន់ក្នុងប្រទេសអេស្ប៉ាញដោយសារគេចូលហាត់ជាមួយក្រុមជម្រើសជាតិវេលស៍ ទោះបីគេខានលេងឱ្យ Real អស់រយៈពេលមួយខែហើយក្ដី។

តែមុនការប្រកួតជម្រុះ Euro 2020 ដ៏សំខាន់របស់វេលស៍នៅអាហ្សៃបៃហ្សង់រាត្រីថ្ងៃសៅរ៍ទី១៦ខែវិច្ឆិកានេះ (ម៉ោង០០៖០០) Bale និយាយថាគេគ្មានអ្វីត្រូវឆ្លើយតបទេ។

អតីតសមាជិក Southampton និង Tottenham និយាយថា៖ «នៅជាមួយជម្រើសជាតិវេលស៍ ខ្ញុំនិយាយភាសាផ្ទាល់ខ្លួនរបស់ខ្ញុំ (អង់គ្លេស) និងមានអារម្មណ៍ថាស្រួលជាង។ ខ្ញុំពិតជាមានអារម្មណ៍រំភើបជាងបន្តិចមែនពេលលេងឱ្យវេលស៍»។

Bale បន្ថែមថា៖ «ខ្ញុំនៅជាមួយកីឡាករភាគច្រើនក្នុងក្រុមវេលស៍ជាយូរមកហើយ ជាពិសេសកីឡាករចាស់ៗ គឺតាំងពីU17មកម្ល៉េះ។ វាប្រៀបដូចជាអ្នកលេងជាមួយពួកម៉ាកនៅលើសួនច្បាររៀងរាល់ថ្ងៃអាទិត្យអីចឹង។ តែនៅលើទីលាន ខ្ញុំមិនដែលប្រែប្រួលទេ ទោះលេងឱ្យក្រុមណាក៏ដោយ ខ្ញុំតែងតែ១០០%ជានិច្ច»។

សារព័ត៌មាន Marca បានពណ៌នាការហ្វឹកហាត់របស់ Bale ជាមួយវេលស៍ថា«អព្ភូតហេតុក្នុងប្រទេសវេលស៍» ដោយសារ Bale ខានលេងឱ្យ Real តាំងពីរងរបួសកំភួនជើងពេលលេងឱ្យ វេលស៍ ទល់ ក្រូអាត ក្នុងខែតុលាមកម្ល៉េះ។ លើសពីនេះ អតីតខ្សែប្រយុទ្ធ Real និងជានាយកបច្ចេកទេស លោក Predrag Mijatovic លើកឡើងថា Bale ឱ្យអាទិភាពដល់វេលស៍ជាង ហើយសូម្បីតែកីឡាវាយកូនគោលក៏ Bale ផ្ដល់អាទិភាពជាងក្លិប Real ដែរ។

តបនឹងការរិះគន់នេះ អ្នកគាំទ្រវេលស៍ បានបោះពុម្ពបដាដែលមានអក្សរថា៖ «វេលស៍, វាយកូនគោល, ម៉ាឌ្រីដ» តាមលំដាប់លំដោយនេះ និងត្រៀមបង្ហាញវានៅកីឡដ្ឋាន Cardiff City រាត្រីនេះ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖