+855 16 757 168     samnob@keiladaily.com
KD Logo

វគ្គគ្រូអភិវឌ្ឍបាល់ទាត់​សហគមន៍ចូលរួមបណ្ដុះបណ្ដាលដោយគ្រូមកពី Spurs បានបញ្ចប់ហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 167


«វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» រៀបចំដោយ ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត AIA បានបញ្ចប់វគ្គទី៤ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ នាសាកលវិទ្យាល័យភ្នំពេញអាមេរិកាំង ដែលជាវគ្គសិក្សាចុងក្រោយនៅឆ្នាំ២០១៩ ក្រោយដំណើរការលើកទីមួយកាលខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមឧទ្ទេសពីលោក Anton Blackwood និង Aaron Tillbrook ជាគ្រូផ្នែកអភិវឌ្ឍន៍អន្តរជាតិមកពីក្លិប Tottenham Hotspur។


កម្មវិធីដ៏ពិសេសនេះត្រូវបានចូលរួមជាសិក្ខាកាមដោយគ្រូបង្វឹក និងអ្នកបច្ចេកទេសមកពីក្លិបអាជីពទាំង១៤នៅលីគកំពូលកម្ពុជា Cambodian League សរុប៥០នាក់ ដោយមានការគាំទ្រពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC និងធ្វើឡើងក្នុងគោល​ដៅ​លើក​កម្ពស់វិស័យ​បាល់​ទាត់​សម្រាប់​សហគមន៍​ថ្នាក់មូលដ្ឋាន​នៅ​កម្ពុជា តាមរយៈ​ការ​បណ្តុះ​បណ្តាល​ចំណេះ ជំនាញអភិវឌ្ឍកម្មវិធីសម្រាប់​យុវជន ដល់គ្រូ​បង្វឹក​បាល់​ទាត់ក្នុង​ស្រុក។ បុព្វហេតុចម្បងនៃ​កិច្ច​ផ្តួចផ្តើមនេះ កើតឡើង​ចេញ​ពី​ការ​ប្តេជ្ញាចិត្តរបស់​ AIA Cambodia ដើម្បី​ជំរុញឲ្យ​ប្រជាជនខ្មែរ​មាន​សុខភាព និង​ជីវិតកាន់តែប្រសើរ។ 


វគ្គចុង​ក្រោយ​ នៃ​កម្មវិធីនេះ រួម​មាន​ទាំង​ការ​បណ្តុះ​បណ្តាល​ក្នុង​ថ្នាក់​រៀន និង​ការហ្វឹកហាត់​នៅ​ក្នុង​តារាង​បាល់ទាត់នៃ​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ វគ្គនេះ ផ្តោត​លើ​ការ​ផ្សារ​ភ្ជាប់​វិធី​សាស្ត្រ​ទាំង​ឡាយ​ដែល​បានលើក​ឡើង​កន្លងមក ដើម្បី​ធានាថា​គ្រូ​បង្វឹក​ចូលរួម​អាច​អនុវត្ត​នូវ​កម្មវិធី​ហ្វឹក​ហាត់​ដែល​មាន​រចនាសម្ព័ន្ធត្រឹម​ត្រូវ​ សម្រាប់​ក្រុមយុវជននៃ​ក្លិបនីមួយៗរៀងៗខ្លួន​ក្នុង​ពេល​អនាគត។ ការ​អនុវត្ត​របស់​គ្រូ​បង្វឹក​នី​មួយៗ ក៏​ត្រូវ​បាន​វាយ​តម្លៃ​ផង​ដែរ។


គ្រូបង្វឹក Spurs លោក Anton Blackwood បានមានប្រសាសន៍ថា «ពេល​យើង​មើល​លើ​ការ​ហ្វឹក​ហាត់​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​នេះ យើង​ពិត​ជា​រីករាយ​ដែល​បាន​ឃើញ​គ្រូ​បង្វឹក​កម្ពុជា​ទទួល​បាន​បទពិសោធន៍​ថ្មីៗជាច្រើន។ មក​ដល់​ពេលនេះ យើង​បាន​ចែក​រំលែក​ជំនាញ​ និង​វិធីសាស្ត្របង្វឹក​មូល​ដ្ឋាន​ទាំង​ឡាយ។​ ដូច្នេះ នៅ​ក្នុង​វគ្គចុង​ក្រោយ​នេះ យើង​ពិនិត្យ​មើល​លើ​កម្មវិធីទាំង​មូលជា​ពិស្តារ និង​ផ្តោត​លើ​វិធីសាស្ត្រ​ល្អ​បំផុតក្នុង​ការ​អនុវត្ត​ជំនាញដែល​បាន​រៀន​កន្លងមក ក្នុង​ការ​បង្វឹក​ជាក់ស្តែង។»


កម្មវិធីនេះអាច​រៀបចំឡើងបានដោយ​សារ​តែក្រុមហ៊ុននេះ​ជា​ដៃគូ​សាកលផ្លូវការ​របស់​ក្លិប​បាល់​ទាត់​ Spurs។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់សាកល៣រូបនៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ អេ អាយ អេ ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកគេនៅលើវិស័យបាល់ទាត់ ស្របពេល​នឹង​ការ​ជួយ​ឲ្យ​ពួក​គេទទួល​បាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ដែល​នេះគឺ​ជាការ​ប្តេជ្ញារបស់ អេ អាយ អេ ទាំងមូល។


ជាមួយគ្នានេះ លោកស្រី Pauline Teoh នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា «ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ធំ​ជាងគេនៅ​លើ​ពិភព​លោក ដែល​មាន​សាវតាប្រកបមោទភាព​ក្នុង​ការ​លើក​កំពស់​ការ​រស់នៅ​ដោយ​សុខភាព​ល្អ យើង​ពិត​ជា​រីករាយណាស់​ដែល​យើង​អាច​អញ្ជើញគ្រូ​បង្វឹកលំដាប់​ពិភពលោកពី​ក្លិប​ Spurs ដៃគូរបស់​យើង មក​កម្ពុជា និង​ជួយ​អភិវឌ្ឍបទដ្ឋានបាល់ទាត់សហគមន៍។ យើង​ប្តេជ្ញាចាប់​យក​តួនាទីយ៉ាងសកម្ម​លើការងាយ​ជួយ​សហគមន៍របស់​យើង ហើយ​សម្រាប់​កម្មវិធីនេះ ជំនួយ​របស់​យើង​ផ្តោតលើ​ការ​ធ្វើឲ្យ​ការ​ហ្វឹក​ហាត់​បាល់​ទាត់​ថ្នាក់​សហគមន៍កាន់តែប្រសើរ និង​ផ្តោតលើ​ការ​អភិវឌ្ឍទេពកោសល្យក្មេងៗ។​ បើ​ទោះ​បី​ជា​កម្មវិធី​បណ្តុះបណ្តាល​មួយ​នេះបាន​មក​ដល់​ទី​បញ្ចប់​ក៏ពិតមែន តែយើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បីរៀបចំកិច្ចផ្តួចផ្តើម​ជាច្រើន​ផ្សេងទៀតនាពេល​អនាគត ដែល​ផ្តល់​គុណ​ប្រយោជន៍​ដល់​សុខភាព និង​សុខុមាលភាពប្រជាពល​រដ្ឋខ្មែរ។»


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖