+855 16 757 168     samnob@keiladaily.com
KD Logo

យុវជននៅអង្គការមួយមានឱកាសទៅទស្សនាការប្រកួតបាល់ទាត់នៅឌូបៃជាមួយប្រាក់ មុន្នីឧត្តម 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 226


យុវជន សេង សារ៉ាយ ជាកីឡាករបាល់ទាត់នៅអង្គការ Happy Football Cambodia Australia (HFCA) ត្រូវបាន Emirates ជ្រើសរើសទៅទស្សនាការប្រកួតក្របខណ្ឌកំពូលអារ៉ាប់រួម UAE Arabian Gulf League នាពេលដ៏ខ្លីខាងមុខជាមួយតារាបាល់ទាត់ ប្រាក់ មុន្នីឧត្តម ក្រោយបង្ហាញសមត្ថភាពយ៉ាងល្អកាលថ្ងៃសៅរ៍ ទី០៧ ខែធ្នូ។


យុវជនវ័យ២១ឆ្នាំដែលរស់នៅអង្គការ HFCA រៀបរាប់បែបថា មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបានឱកាសទៅទស្សនាការប្រកួតបាល់ទាត់នៅប្រទេសជាក្ដីស្រមៃរបស់គេ។ សារ៉ាយ បញ្ជាក់ថា គេជាកុមារកំព្រាឪពុកម្ដាយ និងបានរស់នៅជាមួយបងស្រី មុនផ្លាស់ទៅអង្គការ HFCA តាំងពីអាយុ១៣ឆ្នាំ។ គេថា បាល់ទាត់ធ្វើឲ្យគេក្លាយជាមនុស្សរឹងមាំម្នាក់។ 


ចំណែក ប្រាក់ មុន្នីឧត្តម ដែលជាភ្ញៀវកិត្តិយសបញ្ជាក់ថា យុវជនផ្សេងៗទៀតក៏មានសមត្ថភាពល្អដែរ តែសារ៉ាយ ហាក់មានចំណុចពិសេសជាងគេក្នុងការលេងបាល់ទាត់ ដូច្នេះប្រសិនបើទទួលបានការបណ្ដុះបណ្ដាលជាលក្ខណៈអាជីពបានថែមទៀត គេអាចវិវឌ្ឍខ្លួនជាកីឡាករល្អមួយរូបបាន។


សមាជិកក្លិបព្រះខ័នរាជស្វាយរៀង និងក្រុមជម្រើសជាតិកម្ពុជាបន្ថែម ៖”ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនិងផ្តល់ចំណេះដឹងអំពីបាល់ទាត់ដល់យុវជនកម្ពុជាជំនាន់ថ្មី។ បាល់ទាត់គឺជាកម្លាំងបង្រួបបង្រួមដ៏អស្ចារ្យបំផុតមួយនៅលើពិភពលោកហើយខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយុវជនបានធ្វើនៅថ្ងៃនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ៊ែមមឺរឹតដែលបានផ្តួចផ្តើមគំនិតនេះហើយសង្ឃឹមថាពួកគាត់នឹងបន្តធ្វើបន្ថែមទៀតដើម្បីជួយយុវជនទាំងនេះអោយសម្រេចក្តីសុបិន្តរបស់ពួកគេនិងសម្រេចបាននូវមហិច្ឆតារបស់ពួកគេរួមទាំងការតំណាងអោយប្រទេសកម្ពុជាលើទីផ្សារអន្តរជាតិនៅថ្ងៃណាមួយ។”


ជាមួយគ្នានេះដែរ លោក Talal Al Gergawi នាយកគ្រប់គ្រង អ៊ែមមឺរឹតប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ៖“ក្រុមហ៊ុនលោកមានកិត្តិយសណាស់ដែលបានរៀបចំការប្រកួតមិត្តភាពនេះហើយយើងមានគោលបំណងធ្វើអ្វីៗបន្ថែមទៀតដើម្បីជួយយុវជនដែលជួបការលំបាក។ បាល់ទាត់គឺជាកីឡាមួយប្រភេទដែលមានប្រជាប្រិយខ្លាំងណាស់ដែលជះឥទ្ធិពលដល់ជីវិតមនុស្សគ្រប់វ័យនិងមជ្ឈដ្ឋានផ្សេងៗដូច្នេះយើងមានមោទនភាពក្នុងការជំរុញគំនិតផ្តួចផ្តើមនេះ។ យើងសង្ឃឹមថា សេង សារ៉ាយ ដែលត្រូវបានជ្រើសរើសជាកីឡាករដែលលេងបានល្អជាងគេ នឹងអាចទទួលបានបទពិសោធនៃការធ្វើដំណើរលំដាប់ពិភពលោកទៅកាន់ទីក្រុងឌូបៃរបស់យើង បន្ថែមលើអត្ថប្រយោជន៍ឱកាសក្នុងការមើលការប្រកួតហ្គេមនៅអារ៉ាប់រួម (UAE Arabian Gulf League)"៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖