+855 16 757 168     samnob@keiladaily.com
KD Logo

ក្រោយសងសឹក Ruiz បានសម្រេច កើបលុយជិត១០០លានដុល្លារ​នៅ​អារ៉ាប់ Joshua បង្ហើបកត្តានាំឱ្យចាញ់លើកមុន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 708

ក្រោយសងសឹកដោយជោគជ័យលើជើងខ្លាំងអាមេរិក-ម៉ិកស៊ីកូ Andy Ruiz Jr. នៅអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ ជើងឯកពិភពលោកទម្ងន់ធ្ងន់គ្រប់ស្ថាប័នជនជាតិអង់គ្លេស Anthony Joshua បង្ហើបឱ្យដឹងតាមរយៈ BBC ថាមុនប៉ះគ្នាលើកទី១ក្នុងខែមិថុនា ដែលគេបានបរាជ័យនោះ គេមានបញ្ហាសុខភាព។

កីឡាករកម្ពស់១.៩៨ម៉ែត្ររំឭកថា កាលណោះគេមានអារម្មណ៍ថានឿយហត់ខ្លាំងនិងខ្សោះខ្លួន មុនឡើងវាយ។ នៅក្នុងបន្ទប់មុនឡើងរេញ គេបានយកទឹកកកមួយថង់ស្អំក្បាល និងសួរខ្លួនឯងថាម៉េចបានទៅជាអីចឹង? គេសន្និដ្ឋានថាប្រហែលមកពីខំហាត់ខ្លាំងពេកមើលទៅ។

កាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០១៩ Joshua បានប្រកួតចាញ់ Ruiz ក្នុងទឹកទី៧ នៅអាមេរិក បណ្ដាលឱ្យបាត់បង់ខ្សែក្រវាត់ WBA, IBF, WBO និង IBO។ នោះជាបរាជ័យលើកដំបូងបង្អស់ក្នុងអាជីពរបស់គេ បន្ទាប់ពីបានឈ្នះ២២ប្រកួតដំបូងជាប់ៗគ្នាដោយផ្ដួលដៃគូសន្លប់ដល់ទៅ២១លើកឯណោះ។

ប៉ះគ្នាជាថ្មីក្នុងជំនួបសងសឹកនៅទីក្រុង Diriyah ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ថ្ងៃសៅរ៍មុន Joshua បានឈ្នះពិន្ទុឯកច្ឆ័ន្ទលើ Ruiz ដោយបានត្រួតត្រាទាំង១២ទឹក។ ចៅក្រមបានផ្ដល់ពិន្ទុ ១១៨-១១០, ១១៨-១១០ និង ១១៩-១០៩ សម្រាប់ Joshua។

Joshua សង្កត់ធ្ងន់ថាទំនួលខុសត្រូវក្នុងឋានៈជាជើងឯកពិភពលោកគឺពិបាក។ តែឥឡូវគេមានថាមពលវិញហើយ ហើយគេមិនដែលខកខានការហ្វឹកហាត់ម្ដងណាឡើយ។

តាមសេចក្ដីរាយការណ៍របស់ Dailymail ការប្រកួតលើកនេះនៅអារ៉ាប៊ីសាអ៊ូឌីតដែលជាប្រទេសមហាសេដ្ឋីប្រេង មានតម្លៃ៩៨លានដុល្លារ ដោយ Joshua ទទួលបានចំណូលសរុប៨៥លានដុល្លារអាមេរិក ខណៈ Ruiz ទទួលបាន១៣លានដុល្លារ។

នេះជាការប្រកួតប្រដាល់លុយធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីការប្រកួតរវាង Floyd Mayweather (ឈ្នះបាន២៧៥លានដុល្លារ)ទល់ Conor McGregor (ចាញ់បាន៨៥លានដុល្លារ), Manny Pacquiao (ចាញ់បាន១២០លានដុល្លារ) vs Floyd Mayweather (ឈ្នះបាន១៨០លានដុល្លារ)ជាដើម។

ដោយឡែក Dailymail បានរំឭករឿងមួយពាក់ព័ន្ធតម្លៃខ្លួនប្រកួត គឺក្នុងឆ្នាំ១៩៩៥ ពេល Pacquiao ប្រកួតលើកដំបូងក្នុងវ័យ១៦ឆ្នាំ ឈ្នះ Edmund Enting Ignacio ក្នុងជំនួប៤ទឹក Pacquiao ទទួលបានតម្លៃខ្លួនត្រឹម១០០ប៉េសូហ្វ៊ីលីពីន ឬស្មើនឹង២ដុល្លារអាមេរិកប៉ុណ្ណោះ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC, Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖