+855 16 757 168     samnob@keiladaily.com
KD Logo

មកដឹងលម្អិតបន្ថែមពីបម្រាមលើរុស្ស៊ី និងលក្ខខណ្ឌ​មួយ​ដែលពួកគេអាចចូលរួមព្រឹត្តិការណ៍កីឡាធំៗបាន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 274

រុស្ស៊ីត្រូវបានដាក់បម្រាមមិនឱ្យចូលរួម​ឬ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍កីឡាធំៗទាំងអស់រយៈពេល៤ឆ្នាំ ជាថេរៈវេលាដែលរួមបញ្ចូលទាំងព្រឹត្តិការណ៍​ FIFA World Cup 2022 ផងដែរ។ ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីនៅតែអាចចូលលេងជុំផ្ដាច់ព្រ័ត្រ World Cup 2022 នៅកាតារបាន ប្រសិនពួកគេជម្រុះជាប់។ ហេតុអ្វី?

ព្រោះថាបម្រាមដែលភ្នាក់ងារប្រឆាំងដូពីងពិភពលោក (WADA) បានដាក់ចេញនោះ គឺនៅក្នុងន័យហាមមិនឱ្យប្រើទង់ជាតិនិងភ្លេងជាតិរុស្ស៊ីនៅក្នុងព្រឹត្តិការណ៍កីឡាធំៗទាំងអស់រយៈពេល៤ឆ្នាំ។ ដូច្នេះអត្តពលិករុស្ស៊ីណាដែលមិនជាប់ពាក់ព័ន្ធក្នុងការប្រើសារធាតុប៉ូវកម្លាំងខុសច្បាប់ទេនោះ អាចចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាធំៗបាន ដោយប្រើទង់អព្យាក្រិត។

មន្ត្រីជាន់ខ្ពស់របស់ WADA លោក Jonathan Taylor បានបញ្ជាក់ថា៖ «បើពួកគេជម្រុះជាប់ ក្រុមបាល់ទាត់មួយដែលតំណាងប្រទេសរុស្ស៊ីមិនអាចចូលរួម World Cup 2022 បានទេ។ ប៉ុន្តែបើមានយន្តការមួយសម្រាប់អនុវត្ត អីចឹងពួកគេអាចចូលរួម World Cup 2022 បានក្នុងនាមជាក្រុមមួយអព្យាក្រិត មិនតំណាងរុស្ស៊ី (មិនប្រើទង់ជាតិនិងភ្លេងជាតិរុស្ស៊ី)។ រឿងនេះគឺសម្រាប់ FIFA ជាអ្នកអនុវត្ត ប៉ុន្តែពួកគេត្រូវធ្វើការងារនេះដោយសហការជាមួយ WADA។ ប៉ុន្តែគ្មានទង់ជាតិឬភ្លេងជាតិរុស្ស៊ីទេ»។


អ្នកនាំពាក្យ FIFA បាននិយាយថា FIFA កំពុងទាក់ទងជាមួយ WADA ដើម្បីបញ្ជាក់ឱ្យច្បាស់ពីលក្ខណៈនៃបម្រាមលើរុស្ស៊ីពាក់ព័ន្ធនឹងផ្នែកបាល់ទាត់។

សូមជម្រាបថា FIFA World Cup 2022 នឹងចាប់ផ្ដើមពីថ្ងៃទី២១ខែវិច្ឆិកាដល់ថ្ងៃទី១៨ខែធ្នូ។ ចំណែកវគ្គជម្រុះក្នុងទ្វីបអឺរ៉ុបនឹងចាប់ផ្ដើមពីខែមីនាឆ្នាំ២០២១ទៅ។

សម្រាប់ វគ្គជម្រុះ ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីនៅអាចប្រើទង់ជាតិនិងភ្លេងជាតិរបស់ពួកគេបាន ដោយសារ WADA ចាត់ទុកថាវគ្គជម្រុះមិនទាន់ជាការកំណត់ជើងឯកពិភពលោកនៅឡើយទេ ទាល់តែជុំផ្ដាច់ព្រ័ត្រ៣២ក្រុមចុងក្រោយទើបជាការកំណត់រកជើងឯកពិភពលោកពិតប្រាកដ និងជាពេលរុស្ស៊ីជាប់បម្រាម។

ដោយឡែក Euro 2020 ក៏រុស្ស៊ីលេងបានធម្មតា និងទីក្រុង St Petersburg របស់ពួកគេធ្វើជាម្ចាស់ផ្ទះមួយក្នុងចំណោមទីក្រុងម្ចាស់ផ្ទះទាំង១២ផងដែរ ដោយសារ WADA មិនចាត់ទុក UEFA ជាស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំឡើយ ទាក់ទងនឹងច្បាប់ប្រឆាំងដូពីង៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖