+855 16 757 168     samnob@keiladaily.com
KD Logo

Haaland ថាជំនួបទល់ Liverpool យប់នេះជាប្រកួតធំបំផុតក្នុងអាជីពក្មេងខ្ចីរបស់គេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 487

ខ្សែប្រយុទ្ធវ័យក្មេងកំពុងលេចធ្លោ Erling Haaland និយាយថាគេកំពុងរស់ក្នុងក្ដីស្រមៃរបស់គេនិងត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើឱ្យរដូវកាលដ៏ចិញ្ចែងចិញ្ចាចរបស់គេកាន់តែប្រសើរឡើងមួយកម្រិតទៀតតាមរយៈការផ្ដួល Liverpool យកកៅអី១៦ក្រុមចុងក្រោយ Champions League ជូន Red Bull Salzburg។

កីឡាករវ័យ១៩ឆ្នាំ កម្ពស់១.៩៤ម៉ែត្ររូបនេះបានស៊ុតចូលគ្រប់ប្រកួតក្នុងពូល E ហើយកេរ្តិ៍ឈ្មោះនិងសមត្ថភាពរបស់គេបានទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗជាច្រើន ពិសេស Manchester United ដែលមានលោក Ole Gunnar Solskjaer ជាគ្រូចាស់របស់គេកាលនៅក្លិប Molde។

យប់នេះ Salzburg ត្រូវការឈ្នះដាច់ខាត ពោលគឺធ្វើឱ្យបានស្មើឬប្រសើរជាងជ័យជម្នះដែល Liverpool យកពីពួកគេនៅ Anfield ក្នុងខែតុលាកន្លងទៅ (៤-៣) ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ប្រសិនពួកគេធ្វើបានមែន ហើយ Napoli មិនចាញ់ Genk នោះ Liverpool នឹងក្លាយជាក្រុមការពារជើងឯក UCL ទី១ដែលឆ្លងមិនផុតពូល ចាប់តាំងពី២០១២មកដែល Chelsea បានពើបប្រទះ។

Haaland បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «ពួកយើងអាចឈានជើងចូលការប្រកួតនេះជាមួយអារម្មណ៍ស្រឡះស្អាត។ ពួកយើងគ្មានអ្វីត្រូវខាតបង់ទេ ហើយពួកយើងនឹងរីករាយនឹងខ្លួនឯងហើយញញឹម។ វាជាការប្រកួតធំបំផុតក្នុងអាជីពរបស់ខ្ញុំមកទល់ពេលនេះ។ និយាយដោយស្មោះ ការប្រកួតនេះគឺគួរឱ្យស្រលាញ់ណាស់។ ខ្ញុំកំពុងរស់ក្នុងក្ដីស្រមៃរបស់ខ្ញុំ។ ការប្រកួតបែបនេះជាអ្វីដែលអ្នកស្រមៃចង់លេង ដូច្នេះខ្ញុំរីករាយខ្លាំងណាស់។ ខ្ញុំមានទំនុកចិត្តថាពួកយើងនឹងរកគ្រាប់បាល់បាន។ Liverpool ជាក្រុមដ៏អស្ចារ្យមួយ ប៉ុន្តែ Salzburg ក៏ជាក្រុមដ៏អស្ចារ្យមួយដែរ ហើយពួកយើងបង្កើតឱកាសជាច្រើន។ ខ្ញុំមានទំនុកចិត្តថាយើងនឹងសម្រុកនិងបង្កើតឱកាសបានច្រើន។ ពួកយើងមានស្មារតីក្រុមយ៉ាងល្អណាស់ ដូចដែលអ្នកបានឃើញហើយក្នុងរដូវកាលនេះ។ វាសំខាន់ក្នុងការមានស្មារតីដ៏ល្អមួយ»។

សូមរំឭកថា ក្នុងជើងទី១នៅ Anfield ក្រុមហង្សក្រហមបាននាំមុខ៣-០មុន បន្ទាប់ពីលេងបាន៣៦នាទី។ Salzburg តាមស្មើ៣-៣វិញតាមរយៈគ្រាប់បាល់របស់ Hwang Hee-chan, Minamino និង Haaland តែក្នុងនាទី៦៩ Salah បានស៊ុតគ្រាប់ជ័យជម្នះសម្រាប់ក្រុមលោក Jurgen Klopp៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖