+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ថា Salzburg ជាក្រុមដ៏ខ្លាំងមិនគួរឱ្យជឿ តែ Liverpool ឈ្នះព្រោះលេងឆ្លាត​ណាស់​ក្នុង​វគ្គ​ទី​២

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 619

អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថាលោកស្រលាញ់ត្រង់ក្រុមរបស់លោកលេង«ឆ្លាតណាស់»នៅពេលពួកគេផ្ដួល Red Bull Salzburg ២-០ ក្នុងរាត្រីថ្ងៃអង្គារទី១០ខែធ្នូឆ្នាំ២០១៩ ហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League ក្នុងនាមលេខ១ពូល E។

Liverpool ដែលត្រូវការយ៉ាងហោច១ពិន្ទុ ធ្វើមិនបានល្អទេក្នុងវគ្គទី១ ទល់នឹងក្រុមម្ចាស់ផ្ទះ Salzburg ដែលរកបាន៨៧គ្រាប់ក្នុង២៤ប្រកួតរដូវកាលនេះ។

ប៉ុន្តែការតែតបញ្ចូលទីរបស់ Naby Keita ពីការលើកបាល់របស់ Sadio Mane ក្នុងនាទី៥៧ និងគ្រាប់ស៊ុតក្នុងមុំចង្អៀតរបស់ Mohamed Salah ក្នុងនាទី៥៨ ធានាបានជ័យជម្នះ២-០សម្រាប់ក្រុមហង្សក្រហម។

ក្រោយការប្រកួត លោក Klopp និយាយថា៖ «ខ្ញុំមានការគោរពខ្លាំងបំផុតចំពោះអ្វីដែល Salzburg កំពុងធ្វើ។ ខ្ញុំដឹងថាមនុស្សទាំងពួងមើលឃើញវារបៀបម៉េច គឺអ្នកគិតថាភាពជាក្រុមខ្លាំងបំផុតក្នុងប្រទេសអូទ្រីសគឺអូខេ។ បន្ទាប់មកអ្នកឃើញថាពួកគេល្អបែបណា, ពួកគេលេងល្អបែបណាក្នុងជើងទី១ (Liverpool ឈ្នះ៤-៣នៅ Anfield), ពួកគេល្អបែបណាពេលលេងទល់ Napoli និង Genk ហើយបន្ទាប់មកអ្នកអាចមកទីនេះក្នុងនាមជាជើងឯក Champions League ហើយយល់ច្រឡំស្ថានការណ៍នោះ»។

«ខ្ញុំពិតជាស្រលាញ់ណាស់ដែលក្រុមរបស់ខ្ញុំឆ្លាតខ្លាំងដែលពួកគេស្ដាប់តាមនិងផ្លាស់ប្ដូរការលេងដូច្នេះ។ Salzburg ខ្លាំងមិនគួរឱ្យជឿ ជាពិសេសក្នុងវគ្គទី១ តែពួកយើងក៏បានរួចរាល់សម្រាប់ការប្រជែងនេះដែរ»។

ចំណែកលោក Jesse Marsch គ្រូបង្វឹក Salzburg បានលើកឡើងថាការប្រកួតនេះប្រៀបដូចជាការប្រកួតប្រដាល់ទម្ងន់ធ្ងន់មួយគូដែលវាយទៅវាយមក តែទីបញ្ចប់គូប្រកួតវាយចូលច្រើនជាងខាងលោកចំនួន២ដៃ ហើយនេះជាការកំណត់ភាពចាញ់ឈ្នះក្នុងពាន Champions League។

គូប្រកួតវគ្គ១៦ក្រុមចុងក្រោយ Champions League នឹងត្រូវបានបង្ហាញក្នុងការចាប់ឆ្នោតនៅទីក្រុង Nyon ប្រទេសស្វ៊ីស នាថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ចំណែក Salzburg ធ្លាក់ទៅលេងពាន Europa League វគ្គ៣២ក្រុមចុងក្រោយ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖