+855 16 757 168     samnob@keiladaily.com
KD Logo

ភ្នំពេញក្រោនប៉ះ Kedah ផ្ដាច់ព្រ័ត្រ Smart RSN Cup

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 121

ក្លិបបាល់ទាត់ភ្នំពេញក្រោននឹងជួបប្រកួតជាមួយ Kedah FA ក្នុងវគ្គផ្ដាច់ព្រ័ត្រ Smart RSN Cup ២០២០ នៅថ្ងៃអង្គារ ទី១៤ ខែមករា នេះ វេលាម៉ោង​៦ល្ងាចនៅកីឡដ្ឋាន Smart RSN។

ក្រុមទាំងពីរសុទ្ធតែមាន៣ពិន្ទុតាមរយៈជ័យជម្នះលើអង្គរថាយហ្គឺរដូចៗគ្នា។ ជាក់ស្ដែង ភ្នំពេញក្រោនឈ្នះ២ទល់នឹង១ និង Kedah ឈ្នះ០ទល់នឹង១។ 


មុនការប្រកួតចូលមកដល់ លោក Aidil Sharin គ្រូបង្គោល Kedah FA បានសរសើរដល់ភ្នំពេញក្រោនដែលមាន​យុវជនល្អៗ ព្រោះលោកធ្លាប់ជួបក្រុមជើងឯក​ MCL ៦សម័យមួយនេះកាលជម្រុះ AFC Cup 2016 ម្ដងដែរ។ 

គ្រូបង្វឹកជនជាតិសិង្ហបុរីពន្យល់ ៖"ខ្ញុំធ្លាប់ជួបជាមួយភ្នំពេញក្រោនហើយនៅ AFC។ ពួកគេមានកីឡាករយុវជនច្រើន។ ពួកគេបានព្យាយាមកសាងធនធានយុវជន។ ខ្ញុំឃើញថា ពួកគេនៅតែថែរក្សាគោលជំហរកសាងយុវជនដដែល។ ចំពោះបច្ចេកទេសវិញ ពួកគេចូលចិត្តលេងលឿនៗ។ ខ្ញុំបានឃើញកាលពួកគេជួបថាយហ្គឺរនៅថ្ងៃដំបូង។ ដូច្នេះ យើងបានដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គេរួចហើយ ហើយយើងក៏បានត្រៀមលក្ខណៈរួចជាស្រេចហើយដែរ។ យើងមានពេលពីរថ្ងៃសម្រាក ដូច្នេះទំនងមិនងាយពេកទេសម្រាប់យើង"។


ពាក់ព័ន្ធនឹងជំនួបវគ្គផ្ដាច់ព្រ័ត្រនេះ លោក Oriol Mohedano គ្រូបង្គោលអង្គរថាយហ្គឺរគិតថា ភ្នំពេញក្រោនអាចមានឱកាសលើកពាន។

គ្រូបង្វឹកជនជាតិអេស្ប៉ាញរៀបរាប់ ៖"សម្រាប់ខ្ញុំ ខ្ញុំគិតថា ភ្នំពេញក្រោន។ ខ្ញុំនឹងរើសភ្នំពេញក្រោន ដោយសារតែកម្លាំងចិត្តរបស់ពួកគេ។ ខ្ញុំរើសនេះមិនមែនមានន័យថា ក្រោនជាមិត្តភក្ដិរបស់ខ្ញុំទេ តែព្រោះពួកគេជាក្រុមកម្ពុជា ខ្ញុំជូនពរពួកគេទទួលបានជោគជ័យ។ រើសនេះក្នុងន័យក្នុងប្រទេសជាតិតែមួយ មិនមែនដោយសារតែក្លិបទេ។ ភ្នំពេញក្រោនក៏មានកីឡាករគ្រប់ជើងទៀតដែរ។ ពួកគេអាចនឹងលេងពិតប្រាកដអស់ពីសមត្ថភាព ឬនៅតែដាក់កីឡាករសាកកម្លាំងឬយ៉ាងណា ខ្ញុំមិនដឹងទេ តែខ្ញុំគិតថា បាល់ទាត់យើងក៏រីកចម្រើនដែរ ដូចថ្ងៃនេះអ៉ីចឹង យើងចាញ់១-០ មែន តែក៏មិនមែនជាការប្រកួតងាយស្រួលដែរ អ៉ីចឹងនៅប្រកួតចុងក្រោយ ក្រុមកម្ពុជានឹងឈ្នះក៏ថាបាន"។


គួរបញ្ជាក់ថា Smart RSN Cup មាន៣ក្រុមចូលរួម គឺ ភ្នំពេញក្រោន, អង្គរថាយហ្គឺរ និង Kedah FA ប្រកួតលក្ខណៈវិលជុំសន្សំពិន្ទុ៕

អត្ថបទ ៖ អភ័យវង្ស



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖