+855 16 757 168     samnob@keiladaily.com
KD Logo

Ighalo ថាគេអរពេកឡើងដេកមិនលក់ពេញមួយយប់បន្ទាប់ពី Man Utd ព្រមខ្ចីគេពីក្លិបចិន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 774

ខ្សែប្រយុទ្ធ Odion Ighalo និយាយថាគេចង់ចូលរួម Manchester United ខ្លាំងមែនទែន ហើយគេបានសុខចិត្តកាត់ប្រាក់ខែខ្លួនឯងដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងកើតឡើង។ លើសពីនេះ គេដេកមិនលក់ពេញមួយយប់ បន្ទាប់ពីការចរចារវាង Man Utd និង Shanghai Shenhua សម្រេចបានជោគជ័យ។

អតីតសមាជិក Lyn, Udinese, Granada និង Watford វ័យ៣០ឆ្នាំរូបនេះ ចូលរួម Man Utd លើកិច្ចសន្យាខ្ចីដល់ចប់រដូវកាល២០១៩-២០ ធ្វើឱ្យគេក្លាយជាកីឡាករនីហ្សេរីយ៉ាទី១ក្នុងប្រវត្តិសាស្ត្រក្លិបបិសាចក្រហម។

Daily Mails បានរាយការណ៍ថានៅ Shanghai Shenhua ខ្សែប្រយុទ្ធរូបនេះបានប្រាក់ឈ្នួល៣០០,០០០ផោនក្នុងមួយសប្ដាហ៍ តែគេបានសុខចិត្តបញ្ចុះមកត្រឹម១០០,០០០ផោនក្នុងមួយសប្ដាហ៍ដើម្បីបានលេងឱ្យ Man Utd ដែលជាក្លិបក្នុងក្ដីស្រមៃរបស់គេតាំងពីតូច។

Ighalo ដែលបានលេងឱ្យជម្រើសជាតិនីហ្សេរីយ៉ាពីឆ្នាំ២០១៥ដល់២០១៩ រកបាន១៦គ្រាប់ពី៣៦ប្រកួត និយាយថាម្ដាយរបស់គេយំពេលឃើញព័ត៌មានថាគេផ្លាស់មក Man Utd ហើយតាមផ្លូវនៅស្រុកកំណើតរបស់គេមានការជប់លៀងអបអរយ៉ាងសប្បាយរីករាយ។

កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងពានទ្វីបអាហ្វ្រិកឆ្នាំ២០១៩ និយាយថា៖ «មានក្លិបពីរបីចាប់អារម្មណ៍ខ្ញុំ តែខ្ញុំបាននិយាយថា[សូមជ្រើសយកតែ United បានហើយ បើវាអាចទៅរួច]។ ម៉ោង១១យប់នៅសៀងហៃ ភ្នាក់ងារខ្ញុំបានទូរសព្ទមកខ្ញុំហើយនិយាយថា United ចង់ធ្វើកិច្ចព្រមព្រៀង ដូច្នេះខ្ញុំភ្ញាក់ពីដំណេក និងចាប់ផ្ដើមរកអ្នកបកប្រែម្នាក់ហើយដើរទៅបន្ទប់នាយកក្លិបនិងគោះទ្វារគាត់។ ខ្ញុំបានប្រាប់គាត់ថាភ្នាក់ងារខ្ញុំចង់និយាយជាមួយលោក។ United ចង់បានខ្ញុំ អ្នកត្រូវធ្វើឱ្យរឿងនេះកើតឡើង»។

Ighalo ភ្នាក់ងាររបស់គេ និងភាគីក្លិបទាំង២ បានចំណាយពេលចរចាគ្នានិងស៊ីញេលើឯកសារពាក់ព័ន្ធនានាដើម្បីឱ្យរួចរាល់មុនពេលបិទទីផ្សារត្រូវនឹងម៉ោង៧ព្រឹកនៅសៀងហៃ។ មានក្លិបផ្សេងទៀតចង់បាន Ighalo តែគេបញ្ជាក់ប្រាប់ភ្នាក់ងាររបស់គេថាគេចង់បានតែ Man Utd ប៉ុណ្ណោះ។ ភ្នាក់ងាររបស់គេក៏តបថាបើទៅ Man Utd ត្រូវបញ្ចុះប្រាក់ខែ។ Ighalo ក៏តបថាខ្ញុំមិនខ្វល់ទេ កាត់ប៉ុន្មានកាត់ទៅ សំខាន់ត្រូវធ្វើឱ្យកិច្ចព្រមព្រៀងនេះកើតឡើង។

Ighalo សង្កត់ធ្ងន់ថាកីឡាករជាច្រើននៅពេលចូលរួមក្លិបណាមួយ និយាយថាវាជាក្ដីស្រមៃរបស់ពួកគេ ប៉ុន្តែសម្រាប់គេផ្ទាល់គឺផ្សេង។ ពោល គឺគេជាអ្នកគាំទ្រ Man Utd តាំងពីតូចមកម្ល៉េះ សូម្បីពេលលេងឱ្យ Watford ក៏គេនៅតែស្រលាញ់ Man Utd ហើយមិត្តរួមក្រុមរបស់គេក៏ដឹងដែរ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖