+855 16 757 168     samnob@keiladaily.com
KD Logo

សាលាបាល់ទាត់បង្ហាត់បាល់ទាត់ដឹកនាំដោយគ្រូប្រេស៊ីលប្រកាសបើកជាផ្លូវការ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 209

សាលាបាល់ទាត់ប្រេស៊ីលនៅកម្ពុជារៀបចំដោយក្រុមហ៊ុនរៀនលាននែរ សហការជាមួយ Brazilian International Football Academy បានប្រកាសបើកជាផ្លូវការហើយនៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ។


សាលាដែលមានឈ្មោះថា BIFA Cambodia គឺប្រកបដោយលក្ខណៈអាជីពដំបូងគេដែលនឹងមានវត្តមាននៅប្រទេសកម្ពុជា។ BIFA ផ្តោតសំខាន់លើការបណ្តុះបណ្តាលបាល់ទាត់កម្រិតអាជីពសម្រាប់សិស្សដែលមានអាយុពី៤-១៨ឆ្នាំ។ គ្រូបង្វឹក BIFA ទាំងអស់សុទ្ធតែជាអតីតកីឡាករអន្តរជាតិឬគ្រូបង្វឹកអន្តរជាតិដែលមានសមត្ថភាព។ BIFA ផ្តោតលើការអភិវឌ្ឍកីឡាករម្នាក់ៗបន្ទាប់មកបណ្តុះបណ្តាលពួកគេឱ្យធ្វើការជាក្រុម។

ការចាប់ផ្តើមនៃ BIFA កម្ពុជាក៏ត្រូវបានគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដោយសារពួកគេជឿជាក់យ៉ាងមុតមាំក្នុងការជួយអភិវឌ្ឍយុវជនក្នុងតំបន់និងផ្តល់ឱ្យពួកគេនូវឱកាសកាន់តែច្រើន។


លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលើកឡើងថា បាល់ទាត់ថ្នាលកម្ពុជាមានការកើនឡើងច្រើនជាពិសេសតាមខេត្ត និងតាមបណ្ដាក្លិបអាជីពនានា។ លោកចាត់ទុកជារឿងល្អមួយដែល BIFA បង្កើតសាលានេះឡើងឲ្យមានសកម្មភាពកាន់តែច្រើនថែមទៀតក្នុងផ្ដល់ឱកាសដល់យុវជនបានហ្វឹកហាត់បាល់ទាត់ប្រកបដោយស្តង់ដារ។


ចំណែកឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះBIFA Cambodia ដែលបានមកបណ្ដុះបណ្ដាលយុវជននៅកម្ពុជា។ ឯកឧត្តមក៏បានស្នើ BIFA សហការយ៉ាងជិតស្និទជាមួយ FFC និងគោរព​តាមគោលការណ៍ច្បាប់របស់ FIFA។ ឯឧត្តមក៏ចាត់ទុកថា នេះជាឱកាសពិសេស​ដែលកម្ពុជាកំពុងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។​ ដូច្នេះមិនអាចខ្វះបានការអភិវឌ្ឍកីឡាដែលចូលរួមពីវិស័យឯកជន​​៕

អត្ថបទ ៖ អភ័យវង្ស




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖