+855 16 757 168     samnob@keiladaily.com
KD Logo

លោក សំ វ៉ាន់ដេត រំឭកហេតុការណ៍ខ្លះៗមុន​ការចែកឋានរបស់លោក កៅ គីរី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 918

ដូចអ្នកនិយមតាមដានបាល់ទាត់ក្នុងស្រុកដឹងហើយថា លោក កៅ គីរី អតីតគ្រូជំនួយក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំព្រះខ័នរាជស្វាយរៀង បានចែកឋានហើយកាលរសៀលថ្ងៃព្រហស្បតិ៍ ទី​០៥ ខែមីនា ដោយសារសម្ពាធឈាមឡើងខ្ពស់។ 

លោក សំ វ៉ាន់ដេត ដែលជាគ្រូធំ U18 ព្រះខ័នរាជស្វាយរៀងបញ្ជាក់់ថា ទាំងលោកផ្ទាល់, និងក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធានក្លិប សុទ្ធសឹងតែភ្ញាក់ផ្អើល និងស្ដាយខ្លាំងចំពោះការបាត់បង់សមាជិកដ៏មានតម្លៃខាងលើ។ 


គ្រូបង្វឹកកាន់ A-License រូបនេះឲ្យដឹងថា មួយរយៈធំចុងក្រោយ លោក កៅ គីរី តែងតែបង្ហើបពីអារម្មណ៍តានតឹង និងអាការៈមិនស្រួលខ្លះៗ ហើយក្រុមការងារតែងតែជំរុញឲ្យលោកទៅពិនិត្យសុខភាពរហូតដល់ក្រៅប្រទេសទៀតផង ប៉ុន្តែលោកតែងតែប្រកែក ហើយអះអាងថា គ្មានបញ្ហាអ្វីឡើយ។ 

លោក សំ វ៉ាន់ដេត លម្អិត ៖"គាត់តែងតែប្រាប់ខ្ញុំពីអារម្មណ៍តឹងតែង គិតច្រើន ពីជីវិតគ្រួសារ និងការងារច្រើន។ តាមពិតទៅនៅស្វាយរៀង យើងឲ្យគាត់ធ្វើតែផ្នែករដ្ឋបាលទេ ព្រោះគាត់ការងារច្រើនជាពិសេសនៅសាលា។ ពេលខ្លះគាត់ថា គាត់ចុកទ្រូង ថប់ទ្រូង ហើយយើ់ងក៏តែងតែជំរុញគាត់ទៅពិនិត្យសុខភាពនៅក្រៅប្រទេសអីដែរ តែគាត់ចេះតែថា មិនអីៗរហូត។ ការងារគាត់ធ្វើការធម្មតា គាត់ឲ្យយោបល់ និងទំនាក់ទំនងទូទៅ ជាមួយក្លិបផ្សេងអី ហើយខ្ញុំគ្រប់គ្រងនៅលើទីលាន។ គាត់ស្លូតបូត ដូចម្ដាយម្នាក់នៅទីលានអ៊ីចឹងសម្រាប់ផ្នែកយុវជន។ ចំពោះជំងឺគាត់ គាត់អត់ដែលត្អូញឈឺខ្លាំងទេ ពេលខ្លះគាត់ហាត់កីឡាជាមួយយុវជនអ៊ីចឹងទៅ។ មានមនុស្សច្រើនណាស់ជំរុញគាត់ទៅពេទ្យ។ ចុងក្រោយចំថ្ងៃដែលឈឺខ្លាំង ក្រុមយុវជនយើងត្រូវប្រកួតដណ្ដើម​លេខមួយក្នុងពូល។ ជាទូទៅ ពេលព្រលឹមហ្នឹងខ្ញុំតែងតែឆាតលេង និយាយពីរឿងការងារជាមួយគាត់អ៊ីចឹងទៅ។ ប៉ុន្តែប្លែកតែថ្ងៃហ្នុង ខ្ញុំឆាតទៅគាត់ អត់ឃើញ reply ខ្ញុំគិតថា គាត់ប្រហែលអត់ទាន់ភ្ញាក់ទេ ហើយខ្ញុំពេលចេញទៅប្រកួត ដែលត្រូវប្រកួតនៅម៉ោង៨ព្រឹក ខ្ញុំព្យាយាមឆាតទៅគាត់ ព្រោះគាត់កាន់បញ្ជីឈ្មោះ និងកាតអី ខ្ញុំឆាតផង តេផង តែអត់ទទួល ខ្ញុំតេទៅមិត្តភក្ដិផ្សេងៗក៏គេមិនដឹង រហូតដាច់ចិត្តតេទៅឪពុកម្ដាយគាត់ដែលបានទៅស្រុក។ ខ្ញុំគិតថា ប្រហែលគាត់ដួលក្នុងបន្ទប់ទឹក។ ដល់ម៉ោង៩ព្រឹកពេលទៅដល់ផ្ទះ មិត្តភក្ដិក៏គាស់ទ្វារបន្ទប់ទៅ ដឹងថា គាត់ដួលមែន ហើយដំណឹងហ្នឹងក៏ឮដល់ឯកឧត្តម ឌី វិជ្ជា ជាប្រធានក្លិប"។


ក្រោយហេតុការណ៍នៅថ្ងៃសៅរ៍ ទី២៩ កុម្ភៈ នោះ ក្លិបក៏បានបញ្ជូនលោក កៅ គីរី ទៅមន្ទីរពេទ្យក្នុងស្រុកមួយ តែអាការៈកាន់តែខ្លាំងឡើង ថ្នាក់ដឹកនាំក៏បន្តនាំលោកទៅដល់ប្រទេសវៀតណាម។ តែជាអកុសល លោក កៅ គីរី បានលាចាកលោកនេះទៅនៅថ្ងៃទី០៥ ខែមីនា តែម្ដង។


គួររំឭកថា លោក កៅ គីរី ធ្លាប់ជាកីឡាករបស់ព្រះខ័នរាជស្វាយរៀងតាំងពី​នៅជាឈ្មោះកងរាជអាវុធហត្ថ រហូតដល់ឆ្នាំ២០១០។ ពីចន្លោះ២០១១ដល់២០១៤ លោកបានចូលរួមក្រុមការងារយុវជនរបស់ភ្នំពេញក្រោន មុនវិលមកកាន់ព្រះខ័នរាជស្វាយរៀងដឹកនាំក្រុម U18 ដល់បច្ចុប្បន្ន។ ឆ្នាំ២០១៨ លោកបានជួយក្រុមនេះឈ្នះពាន KMH Cup U18 ផងដែរ។ លោកក៏ជាគ្រូអប់រំកាយនៅវិទ្យាល័យសន្ធរម៉ុកទៀតផង។៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖