+855 16 757 168     samnob@keiladaily.com
KD Logo

Salah និង Mane នឹងចេញពី Liverpool ទៅចូលក្លិបយក្ស La Liga ឬ?

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 4863

ខ្សែប្រយុទ្ធឆ្នើម Mohamed Salah និង Sadio Mane របស់ Liverpool បានទាក់ទាញចំណាប់អារម្មណ៍ក្លិបយក្សអេស្ប៉ាញ Barcelona និង Real Madrid ប៉ុន្តែវីរបុរសក្លិបហង្សក្រហម លោក Steve McManaman ដែលធ្លាប់លេងនៅ La Liga ច្រើនរដូវកាលដែរនោះ បានបញ្ចេញទស្សនៈថាអ្នកទាំងពីរនឹងបន្តនៅអង់គ្លេសទៀត។


ការរះឡើងរបស់ Liverpool ក្នុងពានទ្វីបអឺរ៉ុបរដូវកាលមុន និងក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីក្លិបនានាមកលើតារារបស់ពួកគេ ពិសេស Salah និង Mane។

Mane ត្រូវបានភ្ជាប់នឹងការចង់បានរបស់ Real តាំងពីមុនគេឡើងជើងខ្លាំងម្ល៉េះ ខណៈ Salah ក៏ត្រូវបានភ្ជាប់នឹងក្លិបគីឡូធ្ងន់អេស្ប៉ាញដែរ។

ប៉ុន្តែ អតីតខ្សែបម្រើដ៏ល្អរបស់អង់គ្លេស McManaman ដែលបានផ្ដើមអាជីពនៅ Liverpool ពីឆ្នាំ១៩៩០ដល់១៩៩៩ មុនផ្លាស់ទៅលេងឱ្យ Real Madrid ដល់ឆ្នាំ២០០៣ និយាយថាលោកមិនគិតថាខ្សែប្រយុទ្ធស្លាបទាំង២ដ៏ល្អខាងលើនឹងចេញពី Anfield ក្នុងពេលឆាប់ៗឡើយ។

លោក McManaman ដែលបានបង្ហើយអាជីពជាកីឡាករនៅ Manchester City ពីឆ្នាំ២០០៣ដល់២០០៥ លើកឡើងដូច្នេះ៖ «Real Madrid មាន Eden Hazard រួចទៅហើយ ហើយពួកគេបានទិញ Rodrygo រដូវក្ដៅឆ្នាំទៅមិញ។ កាលពីខែមករាកន្លងទៅនេះ ពួកគេក៏បានវិនិយោគលើ Reinier ទៀត ដូច្នេះខ្ញុំគិតថាចចាមអារ៉ាមរវាងពួកគេលើខ្សែប្រយុទ្ធ Liverpool គឺមិនពិតទេ។ មិនថាលទ្ធផល Champions League រដូវកាលនេះចេញមកយ៉ាងណាទេ ក្រុមល្អបំផុតក្នុងលោកបច្ចុប្បន្ននេះសុទ្ធតែជាក្រុមនៅអង់គ្លេស មិនមែន Real Madrid ឬ Barcelona ទេ។ បួនប្រាំឆ្នាំមុន គ្រប់គ្នា​និយាយ​ពី​ Real និង Barce មិនដាច់ពីមាត់ ព្រោះពួកគេ​បាន​ឈ្នះពាន​ជា​ច្រើន ពិសេស Champions League សឹង​រាល់​ឆ្នាំ ប៉ុន្តែ​ឥឡូវ​ក្រុមល្អ​បំផុត​គឺ​នៅ​អង់គ្លេស​វិញ​ហើយ»។

«ខ្ញុំមិនគិតថាមានឱកាសណាមួយដែល Sadio Mane ឬ Mohammed Salah នឹងទៅចូលរួម Real Madrid ឬ Barcelona ក្នុង​ពេល​ដ៏​ខ្លី​ឡើយ។ Barca និង Real នឹង​ជួប​ស្ថានភាព​អន្តរកាល​នា​ពេល​បន្តិច​ទៀត។ Lionel Messi នឹង​ចូល​និវត្តន៍​ក្នុង​ពេល​ពីរបី​ឆ្នាំ​ខាង​មុខ ខណៈ Sergio Ramos, Karim Benzema, Toni Kroos, Luka Modric ​សុទ្ធ​តែ​វ័យ​ជាង​៣០​អស់ហើយ។ ដូច្នេះ​ខ្ញុំគិ​ត​ថា​អនាគត​របស់​តារា​បាល់ទាត់​ឆ្នើម​ៗ​​នៃ​​ពិភពលោក​គឺ​នៅ​អង់គ្លេស»។

Salah និង Mane បាននាំ Liverpool កៀកនឹងលើកពានលីគកំពូលអង់គ្លេសជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយទៅហើយ មុនពេលបាល់ទាត់អង់គ្លេសត្រូវបានផ្អាកដល់ថ្ងៃទី៣០ខែមេសា ដោយសារការរាតត្បាតនៃកូវីដ១៩។ ក្រុមលោក Jurgen Klopp កំពុងនាំមុខដាច់២៥ពិន្ទុលើក្រុមលេខ២ Man City។

Liverpool ខកចិត្តក្នុងពាន Champions League ដោយការការពារជើងឯករបស់ពួកគេបានបញ្ចប់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ ចំណែកពាន FA Cup និង League Cup ក៏ពួកគេបានធ្លាក់អស់ដែរ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖