+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ទាត់ក្នុងប្រទេសនីការ៉ាហ្គាបន្តលេងទាំងកីឡាករមានអារម្មណ៍ភ័យខ្លាច

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 374

នីការ៉ាហ្គាជាប្រទេសមួយនៅក្នុងតំបន់អាមេរិកកណ្ដាល មានព្រំប្រទល់ជាប់ហុងឌុយរ៉ាស និង កូស្តារីកា។​ បាល់ទាត់ក្នុងប្រទេសនេះកំពុងកើនឡើងប្រជាប្រិយភាពដោយសារតែពួកគេជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលលីគបាល់ទាត់នៅតែបន្តដំណើរការ ខណៈជំងឺកូវីដ១៩កំពុងគំរាមកំហែងពិភពលោកយ៉ាងខ្លាំង។

ប៉ុន្តែទោះបីជាលីគនីការ៉ាហ្គាបន្តដំណើរការក៏ដោយ ក៏ការលេងមិនសូវមានភាពស្វិតស្វាញខ្លាំងជាប្រក្រតីឡើយ ដោយសារកីឡាករខ្លាចរអាគ្នាទៅវិញទៅមក។ នេះបើតាមការលើកឡើងពីសំណាក់កីឡាករនៅទីនោះ។

ជាក់ស្ដែង អ្នកចាំទី Carlos Mosquera របស់ក្លិប Deportivo Las Sabanas បានប្រាប់ Reuters ថា៖ «ពួកយើងព្យាយាមចៀសពីការប៉ះកីឡាករដទៃ។ ភាពភ័យខ្លាចចំពោះអ្វីដែលកំពុងកើតឡើងគឺមានក្នុងចិត្តយើងជានិច្ច។ ពេលលេង ផ្លូវចិត្តរបស់យើងមិនបានផ្ដោតលើការប្រកួតទេ ប៉ុន្តែតែងតែគិតថាគូបដិបក្ខរបស់យើងអាចមានជំងឺកូវីដ១៩»។

ប៉ុន្តែកីឡាករនានានៅក្លិប Deportivo Las Sabanas និយាយថាពួកគេត្រូវការលេងដើម្បីរក្សាចំណូលផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ហើយពួកគេថែមទាំងនិយាយលេងបន្លំមែនថាចំណាប់អារម្មណ៍ថ្មីមកលើបាល់ទាត់នីការ៉ាហ្គាអាចជួយឱ្យពួកគេបានផ្ទេរទៅក្លិបធំណាមួយ។

សូមជម្រាបថា Primera Liga de Nicaragua ជាលីគមួយក្នុងចំណោមលីគបាល់ទាត់៤នៅជុំវិញពិភពលោកដែលបន្តដំណើរការក្នុងខណៈកូវីដ១៩កំពុងធ្វើទុក្ខបុកម្នេញសាកលលោក រួមជាមួយលីគក្នុងប្រទេសបេឡារូស នៅអឺរ៉ុប, ប៊ុរុនឌី នៅអាហ្វ្រិក និង តាហ្ស៊ីគីស្ថាន នៅអាស៊ីកណ្ដាល។

លីគនីការ៉ាហ្គា ដំណើរការដោយមិនឱ្យទស្សនិកជនចូលទស្សនាផ្ទាល់ឡើយ តែផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ឬតាមហ្វេសប៊ុក។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់នីការ៉ាហ្គា លោក Jose Maria Bermudez និយាយថាអ្នកគាំទ្រនៅជុំវិញពិភពលោកពេលនេះកំពុងបែរមកមើលការប្រកួតលីគនីការ៉ាហ្គា ហើយភ្នាល់ការប្រកួតទាំងនោះថែមទៀតផង៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖