ក្លិបកាំភ្លើងធំ Arsenal បានបើកមណ្ឌលហ្វឹកហាត់ London Colney របស់ពួកគេកាលពីថ្ងៃចន្ទទី២៧ខែមេសាឆ្នាំ២០២០ ដើម្បីឱ្យកីឡាកររបស់ពួកគេមកហ្វឹកហាត់វិញជាលក្ខណៈបុគ្គល ប៉ុន្តែក្លិបនេះនឹងបន្តរក្សាអនុវត្តគោលការណ៍គម្លាតសង្គមនៅអំឡុងការផ្ទុះជំងឺកូវីដ១៩ដដែល។
ការប្រកួតបាល់ទាត់អាជីពក្នុងប្រទេសអង់គ្លេសត្រូវបានផ្អាកតាំងពីថ្ងៃទី១៣ខែមីនាមកម្ល៉េះ គឺមួយថ្ងៃក្រោយលោក Mikel Arteta ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយតាំងពីនោះមកគ្មានក្លិបណាបើកទីលានហ្វឹកហាត់នោះទេ។
តែនៅដើមសប្ដាហ៍នេះ បន្ថែមលើ Arsenal ក្លិប West Ham United និង Brighton & Hove Albion ក៏បានបើកមណ្ឌលហ្វឹកហាត់របស់ពួកគេឡើងវិញផងដែរដើម្បីឱ្យកីឡាករចូលហាត់លក្ខណៈបុគ្គល។
រាជរដ្ឋាភិបាលអង់គ្លេសត្រូវបានរំពឹងថានឹងពិនិត្យឡើងវិញការរឹតបន្តឹងបម្រាមគោចរនៅថ្ងៃទី៧ខែឧសភា។
Premier League កំពុងសង្ឃឹមថាការប្រកួតអាចត្រលប់មកវិញនៅថ្ងៃទី៨ខែមិថុនា និងបញ្ចប់រដូវកាល២០១៩-២០នៅចុងខែកក្កដា ដើម្បីឱ្យស្របតាមផែនការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប។
តែដើម្បីធ្វើបែបនោះបាន ក្លិបទាំងអស់ត្រូវផ្ដើមហាត់ពេញលេញពីថ្ងៃទី១៨ខែឧសភាទៅ ដ្បិតពួកគេត្រូវការពេលពី២ទៅ៣សប្ដាហ៍ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួត។
ក្លិបនានាក្នុងលីគកំពូលអង់គ្លេសនឹងជួបពិភាក្សាគ្នានៅថ្ងៃសុក្រទី១ខែឧសភា អំពីជម្រើសនៃការបន្តលីគជាថ្មី ក្នុងអ្វីដែលត្រូវបានពណ៌នាថា [Project Restart]។
សូមជម្រាបផងដែរថា មនុស្សជាង២ម៉ឺននាក់ក្នុងប្រទេសអង់គ្លេសបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩៕
ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖