លោក ភា សុភ័ក្ត្រា អតីតគ្រូជំនួយជម្រើសជាតិកម្ពុជា និងលោក គឹម ភក្ដី នាយកបច្ចេកទេសក្លិបបឹងកេតត្រូវបានលោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើលដ៍ ចាត់ទុកជាមិត្តភក្ដិយល់ចិត្តបំផុតក្នុងការងារបាល់ទាត់។
លោក មាស ចាន់ណា សង្កត់ធ្ងន់ថា តែងតែផ្លាស់ប្ដូរចែករំលែកគំនិតយោបល់គ្នាទៅវិញទៅមកជាមួយដៃគូទាំងពីរខាងលើដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ។
លោក មាស ចាន់ណា ពន្យល់លម្អិតពីទំនាក់ទំនងជាមួយលោក ភា សុភ័ក្ត្រា បែបនេះ “៖ ពីរនាក់ហ្នឹងមានត្រាមួយ។ ត្រាមានការអីនិយាយជាមួយខ្ញុំបានច្រើនណាស់ ព្រោះស្និទ្ធសាលជាមួយគ្នាច្រើន នៅជាមួយគ្នា រៀនជាមួយគ្នា។ ពេលខ្លះមានការអី គឺនិយាយជាមួយគ្នាតែម្ដង។ និយាយពីការងារបច្ចេកទេស និយាយពីការងារគ្រួសារ យើងផ្លាស់ប្ដូរយោបល់គ្នាបានច្រើន។”
ចំពោះលោក គឹម ភក្ដី វិញ លោក មាស ចាន់ណា ក៏បានបរិយាយលម្អិតផងដែរ។
លោក មាស ចាន់ណា បន្ថែម “៖ម្នាក់ទៀត គឺលោក គឹម ភក្ដី ដែលជាមិត្តភក្ដិខ្ញុំ និងជានាយកបច្ចេកទេសក្លិបបឹងកេតរាល់ថ្ងៃហ្នឹង។ គាត់ជាមិត្តភក្ដិតាំងពីនៅក្មេងរហូតដល់ឥឡូវហ្នឹង។ រាប់អានគ្នាចូល២០-៣០ឆ្នាំហើយ។ អ្វីក៏ដោយ ប្រសិនបើគាត់ឃើញខ្ញុំខុស គាត់ស្ដីឲ្យតែម្ដង ហើយបើគាត់ខុស ខ្ញុំក៏ស្ដីឲ្យដែរ និយាយទៅត្រង់ទៅត្រង់មក ព្រោះមិត្តភក្ដិ ពេលឃើញខុសអីនិយាយមកត្រូវវិញ។ អ៊ីចឹងខ្ញុំគិតថា ប្រសិនបើធ្វើជាមួយគ្នា ខ្ញុំសប្បាយចិត្តនឹងធ្វើការជាមួយ ព្រោះចេះកែតម្រូវគ្នាទៅវិញទៅមក។”
គួរដឹងដែរថា លោក មាស ចាន់ណា, លោក ភា សុភ័ក្ត្រា និងលោក គឹម ភក្ដី ទទួលបានសញ្ញាបត្រគ្រូបង្វឹកកម្រិត A ព្រមគ្នាតែម្ដងនៅឆ្នាំ២០១២៕
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖