+855 16 757 168     samnob@keiladaily.com
KD Logo

លោក រិទ្ធ ឌីកា អតីតអ្នកចាត់ការ U19 កម្ពុជា បានលេខ៣ក្នុងពូល៣លើកជាប់គ្នានៅជើងឯកអាស៊ីអាគ្នេយ៍​​​​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 938


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក រិទ្ធ ឌីកា ដែលបច្ចុប្បន្នជានាយកបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរំឭកពីអនុស្សាវរីយ៍មួយជាមួយក្រុមបាល់ទាត់អាយុក្រោម១៩ឆ្នាំកម្ពុជាពីចន្លោះឆ្នាំ២០១១ដល់២០១៥ក្នុងការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U19 Championship។ 

ក្នុងនាមជាអ្នកចាត់ការផង និងបង្ហាត់ផ្ទាល់ផង លោកបាននាំក្រុម U19 ឈ្នះហ្វីលីពីន ស្មើម៉ាឡេស៊ី ស្មើសិង្ហបុរី និងចាញ់ថៃទទួលបាន៥ពិន្ទុ និងចំណាត់ថ្នាក់លេខ៣ក្នុងពូល សម្រាប់យុទ្ធនាការ AFF U19 ដំបូងរបស់ខ្លួននៅឆ្នាំ២០១១ នាប្រទេសមីយ៉ាន់ម៉ា។ 


លើកទីពីរ នៅប្រទេសឥណ្ឌូនេសុី ឆ្នាំ២០១៣ លោកបានដឹកនាំក្រុមឈ្នះសិង្ហបុរី, ឈ្នះហ្វីលីពីន, ចាញ់ឡាវ និងចាញ់ទីម័រខាងកើត បាន៦ពិន្ទុ និងចំណាត់ថ្នាក់លេខ៣ដដែល។

ក្នុងបេសកកម្មចុងក្រោយរបស់ខ្លួនលើកទី៣នៅប្រទេសឡាវ ឆ្នាំ២០១៥ ក្រុម U19 កម្ពុជាបានយកឈ្នះប្រ៊ុយណេ, ឈ្នះហ្វីលីពីន, ស្មើឡាវ និងចាញ់ថៃ មាន៧ពិន្ទុ នៅតែទទួល​បានលេខ៣ប្រចាំពូល។

លោក រិទ្ធ ឌីកា អះអាងថា ការសម្រេចចិត្តលាឈប់ពីតួនាទីអ្នកចាត់ការទូទៅ ព្រោះមិនអាចដឹកនាំក្រុម U19 ឆ្លងផុតវគ្គចែកពូលនៅឆ្នាំទី៣តាមគម្រោង។ 

ពាក់ព័ន្ធនឹងអាជីពជាកីឡាករខ្លួនឯងវិញ លោក រិទ្ធ ឌីកា ផ្ដើមហ្វឹកហាត់បាល់ទាត់នៅឆ្នាំ១៩៩៣ជាមួយក្រុមពិភពពាណិជ្ជ  មុនទៅចូលរួមជាមួយក្រុមប៉ូលិស B ឆ្នាំ១៩៩៧។


លុះក្រោយមក ក្រោមការផ្ដួចផ្ដើមពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្រុមបាល់ទាត់កងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវបានបង្កើតឡើង ហើយ លោក រិទ្ធ ឌីកា កាលណោះនៅជាកីឡាករនៅឡើយ និងអតីតគ្រូបង្គោល មិត្ត សំអ៊ែល ត្រូវទាក់ទងឲ្យទៅជួយរៀបចំ និងបានរួមរស់នៅទីនោះដល់បច្ចុប្បន្នដែលត្រូវបានគេស្គាល់ថា ជាក្លិបព្រះខ័នរាជស្វាយរៀង (ធ្លាប់ប្ដូរឈ្មោះជាគ្រុឌបៃតង និងព្រះខ័នរាជ ផងដែរ)។


និយាយការជាប់ជម្រើសជាតិ បុរសមានកំណើតនៅភ្នំពេញធ្លាប់លេងឲ្យក្រុម U16 នៅឆ្នាំ១៩៩៥ និងក្ដាប់កៅអីក្រុមធំពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ មុនចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំ២០០៧។

ក្រោយព្យួរស្បែកជើងរួចរាល់ និងដោយទទួលបានបទពិសោធពីអតីតគ្រូបង្គោលជម្រើសជាតិកម្ពុជា លោក Joachim Fickert ជនជាតិអាល្លឺម៉ង់ លោក រិទ្ធ ឌីកា ត្រូវបានជ្រើសរើសចូលរួមក្រុមការងារគ្រូបង្វឹកព្រះខ័នរាជក្រោមការដឹកនាំពីអតីតគ្រូបង្គោល មិត្ត សំអ៊ែល។ អតីតខ្សែបម្រើរូបនេះក៏ឆ្លងកាត់ការបណ្ដុះបណ្ដាលពីការងារដឹកនាំក្រុមនៅប្រទេសជប៉ុនថែមទៀត។ 


លោក រិទ្ធ ឌីកា បញ្ជាក់ថា បេសកកម្មជាមួយក្រុម U19 កម្ពុជាទាំង៣លើកពីចន្លោះឆ្នាំ២០១១ដល់២០១៥ ក៏ជាការតេស្ដសមត្ថភាពរបស់លោកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដូច្នេះដោយសារមិនជោគជ័យតាមបំណង លោកក៏សម្រេចចិត្តលាឈប់ដើម្បីបង្ហាញពីទំនួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំមួយរូប។ 

ជាចុងក្រោយ លោក រិទ្ធ ឌីកា ក៏បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានផ្ដល់ឱកាសដល់លោកចូលរួមជួយអភិវឌ្ឍប្រភេទកីឡាលើវាលស្មៅមួយនេះ។


ទោះបីមានវ័យជ្រេទៅហើយក្ដី លោកនៅតែឆ្លៀតប្រមែប្រមូលអតីតកីឡាករ និងអ្នកស្រលាញ់បាល់ទាត់ច្រើននាក់ទៀតចូលរួមលេងជាមួយគ្នានៅពេលទំនេរដើម្បីសុខភាព និងសាមគ្គីភាព៕


អត្ថបទ ៖ អភ័យវង្ស



 



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖