+855 16 757 168     samnob@keiladaily.com
KD Logo

ថ្នាក់ដឹកនាំសមាគមបាល់ទាត់ ខ.ភ.ម បញ្ជាក់កម្មវិធីប្រោះព្រំលើករាសីដល់កូនក្រុម 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 218

ថ្នាក់ដឹកនាំសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា បាននាំកីឡាករ និងក្រុមការងារទៅទទួលការស្រោចទឹក ប្រោះព្រំលើករាសីនៅវត្តសំរោងអណ្ដែត មុន Metfone Cambodian League 2020 ផ្ដើមដំណើរការឡើងវិញ នៅថ្ងៃទី០៤ ខែកក្កដា។


លោក ខូវ ឆាយ អគ្គលេខាធិការក្រុមមានមូលដ្ឋាននៅកីឡដ្ឋានខេមរភូមិន្ទ (ស្តាតចាស់) បញ្ជាក់ថា កម្មវិធីដ៏ពិសេសខាងលើត្រូវបានផ្ដួចផ្ដើមឡើងដោយលោក ស៊ុប៉ាឆៃ វីរៈភូជុង្គ ដែលជាប្រធានក្លិប និងក្នុងគោលបំណងសុំក្ដីសុខដល់សមាជិកគ្រប់រូប។ មិនតែប៉ុណ្ណោះ លោក ស៊ុប៉ាឆៃ ក៏ជាពុទ្ធសាសនិកជនដ៏ជ្រះថ្លាមួយរូប និងធ្លាប់បានសាងផ្នួសទៀតផង។

លោក ខូវ ឆាយ ពន្យល់ “៖ថ្នាក់ដឹកនាំដែលមានលោក ស៊ុប៉ាឆៃ វីរៈភូជុង្គ ជាប្រធានថ្មីរបស់យើង គាត់ចង់បង្កើតកម្មវិធីហ្នឹងដើម្បីប្រោះព្រំលើករាសីដល់កីឡាករ, គ្រូបង្វឹក និងក្រុមការងារ នៅវត្តសំរោងអណ្ដែត ដើម្បីជួបតែរឿងល្អៗ។ ម្យ៉ាង លោក ស៊ុប៉ាឆៃ ក៏ជាពុទ្ធសាសនិកដ៏រឹងមាំមួយរូប អ៊ីចឹងគាត់មានជំនឿលើការប្រោះព្រំនេះណាស់។ ក្នុងនោះក៏មានការស្ដាប់នូវព្រះធម៌ ពុទ្ធឱវាទ ដើម្បីពង្រឹងសតិដល់កីឡាករ និងឲ្យមានការគោរពវិន័យ និងវិជ្ជាជីវៈខ្ជាប់ខ្ជួន។ ជាមួយគ្នានេះក៏មានការជួបជុំហូបអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ, ម្ចាស់ឧបត្ថម្ភ និងសមាជិកទាំងអស់ ព្រោះអំឡុងកូវីដហ្នឹងយើងអត់ដែលបានជួបជុំអីទេ។”


លោក ខូវ ឆាយ បញ្ជាក់ថា កម្មវិធីពិសេសបែបនេះនឹងត្រូវបានរៀបចំឡើងបន្ថែមទៀតនាពេលខាងមុខ។


គួរដឹងដែរថា មុនការផ្អាកការបណ្ដោះអាសន្ន សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឈរនៅចំណាត់ថ្នាក់លេខ៧ពីការប្រកួត៥លើកដំបូងនៅរដូវកាល២០២០ ដោយឈ្នះពីរ ស្មើពីរ និងចាញ់មួយ មាន៨ពិន្ទុ។ ពួកគេនឹងបន្តការប្រកួត MCL ជាថ្មី ដោយត្រូវជួបណាហ្គាវើលដ៍នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖