+855 16 757 168     samnob@keiladaily.com
KD Logo

ត្បូងឃ្មុំទុកជំនួបកែបដូចផ្ដាច់ព្រ័ត្រ ខណៈជឿត ណាចារ ថាអាចពិបាករឿងមួយ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 336

លោក ផន រស្មីពេជ្រ គ្រូបង្គោលក្រុមជម្រើសខេត្តត្បូងឃ្មុំបានចាត់ទុកជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត តទល់ខេត្តកែបដូចទៅនឹងការប្រកួតយកជើងឯកដូច្នោះដែរ ដូច្នេះលោកបានត្រៀមខ្លាំងសម្រាប់ដំណាក់កាលដ៏សំខាន់នេះ។


ជាមួយគ្នានេះ គ្រូបង្វឹកក្រុមការពារតំណែងជើងឯកថ្នាក់ខេត្តដដែលមើលឃើញតំបន់ប្រយុទ្ធរបស់កែប គឺជាចំណុចដ៏សំខាន់មួយដែលក្រុមលោកត្រូវប្រុងប្រយ័ត្នខ្លាំង។

លោក ផន រស្មីពេជ្រ ពន្យល់ “៖ក្នុងចិត្តរបស់ខ្ញុំជាវគ្គផ្ដាច់ព្រ័ត្រហើយ អ៊ីចឹងយើងបានត្រៀមខ្លាំង។ បើយើងលេងឈ្នះកែប ដូចតែយើងលេងឈ្នះជើងឯកអ៊ីចឹងដែរ។ កែបគេល្អមែនទែននៅតំបន់ប្រយុទ្ធ។ គេលេងស៊ីចង្វាក់គ្នា ហើយលេងល្អទាំងព្រម និងសមត្ថភាពប្រហាក់ប្រហែលគ្នា។ ក្រុមយើងក៏បានពង្រឹងលើចំណុចមួយចំនួនបន្ថែមទៀតដែរ ជាពិសេសកម្លាំង ប្រព័ន្ធប្រយុទ្ធ និងការពារកណ្ដាល។”

ចំណែកខ្សែបម្រើ ជឿត ណាចារ របស់កែបមានការព្រួយបារម្ភខ្លះដែរក្នុងការប្រកួតជើងទីមួយនៅផ្ទះត្បូងឃ្មុំ ជាពិសេសពាក់ព័ន្ធនឹងកត្តាទីលានដែលហាក់លំបាកខ្លាំង។

សមាជិកក្រុមមកពីខេត្តមាត់សមុទ្រពន្យល់ “៖តារាងពិបាកដែរ ហើយកីឡាករយើងរបួសពីរបីនាក់ទៀត។ សម្រាប់គោលដៅជើងទីមួយនេះ គឺថ្នាក់ដឹកនាំគិតថា ត្រឹមស្មើក៏ល្អដែរ ព្រោះពាក់ព័ន្ធនឹងទីលានតែម្ដង។ បើកីឡាករគេវិញ ប្រយុទ្ធគេល្អ គេច្បាស់។”

ជុំវិញអវត្តមានខ្សែប្រយុទ្ធ ទេព ស៊ើហ្វីអ៊ី នៅជើងទីមួយថ្ងៃពុធ ទី១៥ កក្កដា ណាចារ យល់ឃើញថា អាចប៉ះពាល់ដល់ក្រុមកែបខ្លះដែរ ព្រោះរៀមច្បងរូបនេះជាអ្នករកគ្រាប់បាល់បានច្រើនសម្រាប់ក្រុម។ យ៉ាងណា ក្រុមការងារគ្រូបង្វឹកក៏បានព្យាយាមបំពេញចំណុចខ្វះខាតរួចរាល់ហើយ ។

បន្ទាប់ពីការប្រកួតជើងទីមួយនៅទីលានវិទ្យាល័យមេមត់ ក្រុមទាំងពីរនឹងប៉ះគ្នានៅជើងទីពីរថ្ងៃពុធ ទី២២ ខែកក្កដា លើទឹកដីខេត្តកែប៕


រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖