+855 16 757 168     samnob@keiladaily.com
KD Logo

មាស កក្កដា​៖ U17​បឹងកេត​នឹងលេង​ដោយ​មិន​ភ័យ​ខ្លាច​ទល់​ព្រះខ័ន​រាជ​ស្វាយរៀង​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 687
មុនជំនួបទល់នឹងក្រុមខ្លាំងនៃលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់​សម្ដេច​តេជោ ហ៊ុន សែន នៅម៉ោង​៣:៣០​រសៀល​ថ្ងៃពុធ​ទី៤ខែឧសភា​ឆ្នាំ​២០១៦​នេះ លោក មាស កក្កដា គ្រូបង្គោលឈុតយុវជន​របស់ក្លិប​បឹងកេតអង្គរ ប្រាប់ Keiladaily ថាកីឡាករក្មេងៗ​របស់លោកនឹង​លេង​​ធម្មតា​ដូច​ប៉ះ​ក្រុម​នានា​កន្លង​មក​ ដោយមិន​ខ្លាច​រអា​អ្វីឡើយ​។

អតីតគ្រូយុវជននៃក្រុមអាកាសចរណ៍ស៊ីវិលដដែល បញ្ជាក់ថា៖ “ព្រះខ័នរាជស្វាយរៀងជា​ក្រុមដ៏ខ្លាំងមួយ​នៃលីគ​កំពូល​កម្ពុជា តែសម្រាប់​ជំនួបថ្ងៃនេះ U17បឹងកេត មិនលេង​បែបការពារ​ច្រើន​ឡើយ គឺយើងលេង​ធម្មតា​តាម​ក្បួន​ដូច​រាល់​ដង ព្រោះថា​យើងមិន​ផ្ដោត​លើលទ្ធផល​ប៉ុន្មានទេ​។ សំខាន់គឺ​ខ្ញុំចង់​ផ្ដល់​ឱកាស​ដល់ក្មេងៗឱ្យបង្ហាញ​សមត្ថភាព​របស់ពួកគេ​ដោយមិនខ្លាច​រអាទល់​នឹងក្រុមខ្លាំង​។ ក្មេងៗរបស់យើង​នឹងក្លាយជា​ផ្ទាំងស៊ីប​របស់ព្រះខ័ន​រាជ តែអ្វី​ដែល​សំខាន់​គឺការបង្ហើន​បទពិសោធ​និងកម្រិត​បច្ចេកទេស​ដល់​កីឡាករ​យុវជន​របស់យើង​ ហើយ​ការ​ប្រកួត​ទល់​នឹង​​​ក្រុម​អាជីព​មួយ​ដែល​សម្បូរ​ដោយ​កីឡាករ​ជម្រើស​​ជាតិ​​ដូច្នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​​យុវជន​យើង​​”។

ការប្រកួតនេះនឹងធ្វើឡើងនៅលើទីលាន​ចម្ការកៅ​ស៊ូបឹងកេត ស្ថិត​ក្នុងស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម។



នៅថ្ងៃនេះដែរ ពូល A ដូចគ្នា ក្រុមខេត្តកណ្ដាល ត្រូវស្វាគមន៍ ក្រុម​ខេត្តកំពង់ឆ្នាំង នៅកីឡដ្ឋាន​ខេត្តកណ្ដាល ម៉ោង ៣:៣០នាទី​រសៀល និង ក្រុម​ខេមបូឌាន​ថៃហ្គឺរ ត្រូវប៉ះក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ វេលាម៉ោង ៣:៣០នាទីរសៀល នៅពហុកីឡដ្ឋានជាតិ​។



ចំណែកឯ៣គូទៀត នៅពូល B ក្រុមខេត្តព្រៃវែង ត្រូវស្វាគមន៍ក្រុម​អាស៊ីអ៊ឺរ៉ុបយូណាធីត នៅកីឡដ្ឋាន​ខេត្តពៃ្រវែង វេលាម៉ោង ៣:៣០នាទីរសៀល។ ក្រុម អ.ហ ខេត្តកំពង់ធំ ប៉ះជាមួយក្រុម​ក្រសួងការពារជាតិ នៅកីឡដ្ឋានខេត្ត​កំពង់ធំវេលាម៉ោង ៣:៣០នាទី និងមួយគូទៀត គឺក្រុមខ្លាំង បឹងកេតអង្គរអេហ្វស៊ី ត្រូវប៉ះ​ក្រុមខេត្ដស្ទឹងត្រែង វេលាម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិ​៕

អត្ថបទ៖ ហាក់ សានីត
រូបថត៖ PKRSVFC & FFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖