+855 16 757 168     samnob@keiladaily.com
KD Logo

AIA-ISF Youth league គ្រោងពង្រីកវិសាលភាពនៃប្រកួតបន្ថែមដល់តាមបណ្តាខេត្តមួយចំនួនឆ្នាំក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 259

ក្រោយបញ្ចប់ការប្រកួត និង ស្វែងរកឃើញជើងឯក ក្នុងកម្មវិធីបាល់ទាត់យុវជន AIA-ISF Youth League ២០១៩-២០២០ កាលពីថ្ងៃទី០៤តុលា អង្គរការផ្កាយសមុទ្រ ដែលមានការសហការណ៍ជាមួយ AIA នោះ បានគ្រោងនឹងពង្រីកវិសាលភាពរបស់ខ្លួន អោយមានការប្រកួតប្រជែងកាន់តែច្រើននៅភ្នំពេញ និង ឈានទៅដល់ការរៀបចំការប្រកួតនៅតាមបណ្តាលខេត្តសំខាន់ៗមួយចំនួននាឆ្នាំក្រោយផងដែរ ។


​ការបង្កើនការប្រកួត និង កម្មវិធីប្រកួតរហូតដល់តាមបណ្តាលខេត្តបែបនេះ ត្រូវបានលោក យិន សាមឌី អោយដឹងថា នេះជាការរួមចំណែកដ៏សំខាន់មួយ ដើម្បីជំរុញ និង ផ្តល់ឱកាសដល់យុវជននៅតាមសហគមន៍ អោយមានឱកាសលេងបាល់ទាត់ ដើម្បីទទួលបាន សុខភាពល្អ ការបង្កើនចំណងមិត្តភាព ៖ « ជាការពិតណាស់ គំរោងរបស់យើង​នៅឆ្នាំនេះ យើងចង់ពង្រីក កម្មវិធីរបស់យើងដល់ខេត្តទៀត យើងសង្ឃឹមថាយើងនឹងអាចបើកលីគនៅតាមបណ្តាខេត្តទៀត ដើម្បីផ្តល់ឱកាសដល់ក្មេងៗតាមខេត្ត ពេលខ្លះគាត់នៅឆ្ងាយៗដែលគាត់អត់សូវមានឱកាសក្នុងការបញ្ចេញសមត្ថភាពរបស់គាត់ទេ អីចឹង ខាង AIA គេចង់ពង្រីកនៅតាមខេត្ត ដើម្បីអោយក្មេងមួយចំនួន គាត់បង្ហាញពីទេពកោសល្យរបស់គាត់ ប្រហែលជាឆ្នាំក្រោយលីគរបស់យើងនឹងមាននៅតាមខេត្តទៀត​ ។ អ្វីដែលយើងគិតដំបូងនោះគឺ យើងអាចទៅបាត់ដំបង​ និង សៀមរាប ហើយអាចកំពតដែរ»។



​លោក យិន សាមឌី បន្តថា លោកសប្បាយរីករាយ ចំពោះការបង្ហាញនូវការលេងយ៉ាងល្អ ការចេះស្រលាញ់ និង អធ្យាស្រ័យគ្នាក្នុងការប្រកួត ។ ហើយក្រៅពីការផ្តល់ឱកាសដល់ក្មេងៗក្នុងការលេងបាល់ទាត់ដើម្បីបង្កើននូវភាពសប្បាយរីករាយដល់ពួកគេ ក្នុងនោះកម្មវិធីបាល់ទាត់យុវជនមួយនេះ ក៏ធ្លាប់បានផលិតចេញនូវធនធានកីឡាករឆ្នើមៗមួយចំនួន រហូតក្លាយជាកីឡាករនៅក្លិបអាជីពមួយចំនួនផងដែរ តាមរយៈការបណ្តុះឆន្ទៈ និង គោលដៅលេងបាល់ទាត់ដល់ពួកគេ ។


​គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់យុវជន AIA-ISF Youth League បានដំណើរការប្រកួតតាំងពីចុងឆ្នាំ២០១៩ និង​ ទើបតែបញ្ចប់ការប្រកួតកាលពីថ្ងៃទី០៤តុលាឆ្នាំ២០២០ កន្លងទៅនេះ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ។ ក្រោយបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាយជាច្រើនខែកន្លងមកនេះ ចំពោះ U18ប្រុស ជើងឯកបានទៅ ក្រុម PSE , U16ប្រុស ជើងឯកបានទៅ នគររាជ , U14ប្រុស ជើងឯកបានទៅ នគររាជ , U10ប្រុស ជើងឯកបានទៅ EYC , U18ស្រី ជើងឯកបានទៅ សហគមន៍បាល់ទាត់ខេត្តកំពង់ស្ពឺ , U14ស្រី ជើងឯកបានទៅ សាលាបឋមសិក្សាពញ្ញាពន់ , U10ស្រី ជើងឯកបានទៅ សហគមន៍បាល់ទាត់ខេត្តកំពង់ស្ពឺ ៕

អត្ថបទ ៖លោក សាក្រវ៉ា 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖