ការប្រកួតបាល់ទាត់ពានរង្វាន់៧មករាតេជោសន្តិភាពរដូវកាលទី៥ ឆ្នាំ២០២១ ក្រោមប្រធានបទ”សារៈសំខាន់នៃប្រាក់រៀលសម្រាប់កម្ពុជា” នឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ដែលមាន១០ក្រុមចូលរួម ប្រព្រឹត្តទៅនៅកីឡដ្ឋានខេមរភូមិន្ទ (ស្តាតចាស់)។
លោក អ៊ុច វិសាល តំណាងឯកឧត្តម ជុំ កុសល ប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាព បញ្ជាក់ថា ពានរង្វាន់៧មករាតេជោសន្តិភាពត្រូវបានរៀបចំឡើងដើម្បីអបអរជ័យជម្នះ៧មករា និងជាឆ្នាំទីមួយមានទ្រង់ទ្រាយធំជាងមុនដែលមានក្រុមជាតិ និងអន្តរជាតិចូលរួម។ លោកបញ្ជាក់ថា គណៈកម្មការមានគោលបំណងបង្កើតពាននេះរៀងរាល់ឆ្នាំតែម្ដង។
ចំណែកលោក លោក មាស មានសំណាង តំណាងលោក ធាន ណារិទ្ធ ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍បាល់ទាត់៧មករាតេជោសន្តិភាព សង្កត់ធ្ងន់ថា ពានរង្វាន់៧មករាតេជោសន្តិភាពនេះកាន់តែប្លែកជាងឆ្នាំមុនៗ គឺមានដល់ទៅពីរ។ ពានទីមួយ គឺពាន១១នាក់ និងពានរង្វាន់ទីពីរ គឺប៉េណាល់ទី។ មិនតែប៉ុណ្ណោះ នេះក៏ជារដូវកាលទីមួយដែលមានពានពីរ ប្លែកជាងរាល់ដង ហើយផ្សាយផ្ទាល់លើ Facebook CNC និងផ្ដាច់ព្រ័ត្រផ្សាយផ្ទាល់តាមទូរទស្សន៍ CNC។
លោក កៅ មករា អ្នកគ្រប់គ្រងកិច្ចការច្បាប់ប្រកួត ឲ្យដឹងថា ក្រុមទាំង១០ត្រូវបែងចែកជាពីរពូល និងតម្រូវមានកីឡាករ១៩នាក់ក្នុងក្រុមនីមួយៗ ហើយគិតតាមប្រព័ន្ធ Head-to-Head ក្នុងករណីស្មើពិន្ទុគ្នា។
ក្រុមជើងឯកក្នុងការប្រកួត១១នាក់នឹងទទួលបានបាន៨លានរៀល លេខពីរបាន៤លានរៀល។ ពានប៉េណាល់ទីវិញ ក្រុមលេខមួយបាន៤លានរៀន និងលេខពីរ បាន៣លានរៀល។
ក្រោយការចាប់ពូលនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ពូល A មាន ក្រុម CCCCF FC, ស.យ.ស.ស រតនគិរី, 7 Clean Football, TN Kandal និងវ័យចាស់ទ័ព។ ពូល B មាន CCMP FC, 7NG Soccer Team, ស្រលាញ់សន្តិភាពភ្នំពេញ, មហាហង្សវ័យាចាស់ និង Khmer United។ ការប្រកួតប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ៕
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖