+855 16 757 168     samnob@keiladaily.com
KD Logo

ក្លឹបបឹងកេតរៀបចំការប្រកួត CAMBODIA AIRWAYS CUP 2021

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 184

ក្លឹបកីឡាបាល់ទាត់បឹងកេត ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២០ បានប្រកាសរៀបចំការប្រកួតពានរង្វាន់មិត្តភាព CAMBODIA AIRWAYS CUP 2021 ដើម្បីត្រៀមការប្រកួតលីគកំពូលរដូវកាលថ្មី ២០២១ ដោយមាន៤ក្រុមចូលរួមប្រកួតប្រជែង ក៏ដូចជាគោលដៅបង្កើនគុណភាពត្រៀមចូលរួម ប្រកួតប្រជែងពានរង្វាន់ក្លឹបលំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC CUP នៅក្នុងពូល G រដូវកាល ២០២១នេះដែរ។
លោក បែ មករា អ្នកចាត់ការទូទៅក្លឹបបឹងកេត ដែលជាប្រធានគណៈកម្មការរៀបចំការប្រកួត CAMBODIA AIRWAYS CUP 2021 បញ្ជាក់ថា ព្រឹត្តិការណ៍នេះមាន៤ក្រុមចូលរួមមានម្ចាស់ផ្ទះបឹងកេត អាស៊ីអឺរ៉ុប អគ្គិសនីកម្ពុជា និង នគរបាលជាតិ ដែលគ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ តាមរូបមន្តប្រកួតលីគវិលជុំ ចំនួន១ជើង (ក្នុង១ក្រុមមាន៣ប្រកួត) ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងឈ្នះជើងឯកតែម្តង។ នេះជាការលើកឡើងរបស់លោក នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅកីឡដ្ឋាន CAMBODIA AIRWAYS។



លោកបន្ថែមថា គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីរិតចំណងសាមគ្គីភាពរវាងបណ្តាក្លឹបនានា នៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ក៏ដូចជាសាកល្បងនូវគុណភាពបច្ចេកទេស ដើម្បីត្រៀមការប្រកួតផ្លូវការនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា និងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១ នាពេលខាងមុខ។ ព្រឹត្តិការណ៍នេះ មិនមានប្រាក់រង្វាន់សម្រាប់ក្រុមជ័យលាភីទេ ប៉ុន្តែថវិកាដែលរកបានពីការលក់សំបុត្រចូលទស្សនារបស់អ្នកគាំទ្រ នឹងផ្តល់ជូនសម្រាប់កិច្ចការសប្បុរសធម៌ ដូចជាមន្ទីរពេទ្យជាដើម។ ការលក់សំបុត្រត្រូវបានកំណត់ចំនួន១០% សម្រាប់កៅអីកីឡដ្ឋាន CAMBODIA AIRWAYS តាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលយោងលើវិធានការរបស់ក្រសួងសុខាភិបាល។

លោក បែ មករា បង្ហាញថា នេះជាឆ្នាំដំបូង ដែលបង្កើតឡើង ដើម្បីផ្តល់ជូនដល់អ្នកគាំទ្រនូវភាពសប្បាយរីករាយដោយកើតចេញពីការប្រកួតដ៏អស្ចារ្យនេះ។ ថវិកាដែលទទួលបានក្នុងការរៀបចំនេះ គឺទទួលបានការឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ ដែលជាដៃគូសហការឧបត្ថម្ភធំរបស់ក្លឹបបាល់ទាត់បឹងកេត ចាប់ពីដើមឆ្នាំ២០១៩មកម៉្លេះ។ លោកគូសបញ្ជាក់ចុងក្រោយថា ការរៀបចំពានរង្វាន់នេះ ក៏សំដៅទៅលើការបង្កើនគុណភាពបច្ចេកទេសរបស់កីឡាកររបស់ខ្លួនឲ្យកាន់តែប្រសើរដូចគ្នាផងដែរ សម្រាប់ត្រៀមចូលរួមប្រកួតប្រជែង AFC Cup ក្នុងរដូវកាល២០២១នេះ ដោយលោកចាត់ទុកថា នេះជាគោលដៅរួមនៃការអភិវឌ្ឍកីឡាបាល់ទាត់របស់ក្លឹប។

គ្រូបង្គោលទាំង៤រូប គឺលោក គីម ភក្តី ក្លឹបបឹងកេត, លោក អ៊ុង កនយ៉ានិត ក្លឹបនគរបាលជាតិ, លោក សុក វាសនា ក្លឹបអាស៊ីអឺរ៉ុបយូណាយធីត និងលោក មាស សំអឿន ក្លិបអគ្គិសនីកម្ពុជា សុទ្ធតែបានបង្ហាញនូវសារៈសំខាន់ នៃព្រិត្តិការណ៍មុនរដូវកាលនេះ ដើម្បីជាការបង្កើនគុណភាពបច្ចេកទេសដល់កូនក្រុមរបស់ខ្លួនកាន់តែល្អប្រសើរដូចៗគ្នា ដែលជាការត្រៀមខ្លួនកាន់តែរឹងមាំ មុនការប្រកួតលីគកំពូលកម្ពុជា ដែលគ្រោងនឹងចូលមកដល់ក្នុងអំឡុងខែមីនា ឆ្នាំ២០២១៕

រូបភាព បឹងកេត

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖