+855 16 757 168     samnob@keiladaily.com
KD Logo

ឈិន ឈឿន គ្រោងបង្កើតវីដេអូហ្វឹកហាត់ល្អៗច្រើនថែមទៀតសម្រាប់យុវជន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 52

ខ្សែបម្រើ ឈិន ឈឿន បង្ហើបថា មានគម្រោងបង្កើតវីដេអូហ្វឹកហាត់កាយសម្បទា និងបច្ចេកទេសបាល់ទាត់ល្អៗកាន់តែច្រើនថែមទៀតដើម្បីជាការចែករំលែកបទពិសោធដល់យុវជន ជាពិសេសក្មេងៗនៅតាមបណ្ដាខេត្តដើម្បីអាចហ្វឹកហាត់ដោយខ្លួនឯងបាន។

មួយរយៈចុងក្រោយ គេឃើញកីឡាករសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានបង្ហោះវីដេអូហ្វឹកហាត់កាយសម្បទា និងបច្ចេកទេសជាហូរហែលើទំព័រ Facebook របស់ខ្លួន។ គេថា នៅថ្ងៃមុខអាចនឹងរៀបចំជាកាលវិភាគប្រចាំតែម្ដង ដោយមានចំនួន៣វីដេអូក្នុងមួយសប្ដាហ៍សម្រាប់ចែករំលែកដល់យុវជន។

ឈិន ឈឿន រៀបរាប់ “៖ ខ្ញុំនៅមានលំហាត់ជាច្រើនដើម្បីចែកជូនដល់ប្អូនៗនៅតាមខេត្តដែលមិនមានការហ្វឹកហាត់ត្រឹមត្រូវ ដោយអាចជាវីដេអូលំហាត់ផ្សេងៗពាក់ព័ន្ធនឹងបាល់ទាត់ និងកីឡា មួយសប្ដាហ៍៣វីដេអូអ៊ីចឹងទៅ។ កន្លងមកក៏មានអ្នកចង់ឲ្យខ្ញុំធ្វើវីដេអូសម្រាប់ពួកគាត់ដែរ។ ខ្លះទៅ គាត់សួរថាតើចង់លេងបាល់ទាត់ ចង់លេងអាជីពត្រូវធ្វើម៉េច ចង់មានកាយសម្បទាល្អត្រូវធ្វើម៉េច តែខ្ញុំមិនអាចរៀបរាប់តាមការឆាតបានទេ អ៊ីចឹងមានតែធ្វើវីដេអូនេះឯងដើម្បីពួកគាត់ងាយស្រួលហ្វឹកហាត់។”

ស្ថិតក្នុងវ័យ៣២ឆ្នាំ ឈិន ឈឿន មានកាយសម្បទាយ៉ាងល្អ ដោយបានចាប់ផ្ដើមផ្ដោតលើការហ្វឹកហាត់ច្រើនឆ្នាំមកហើយ។ គេថា ទម្រាំឈានដល់ចំណុចនេះ ត្រូវអត់ធ្មត់ខ្លាំង តែអ្វីទទួលបាន គឺការមានកាយសម្បទា និងសុខភាពល្អដែលជាចំណែកជួយដល់ការលេងបាល់ទាត់របស់គេ។

កីឡាករដែលបានចំណាយពេលមួយរដូវកាល២០២០ នៅព្រះខ័នរាជស្វាយរៀងប្រាប់ថា លំហាត់ដែលគេចេះ និងយកទៅបង្ហាញលើបណ្ដាញសង្គមនេះ បានមកពីការរៀនសូត្រពីគ្រូៗ និងក្នុងក្រុមជម្រើសជាតិ ជាដើម។ មិនតែប៉ុណ្ណោះ គេក៏ព្យាយាមស្រាវជ្រាវតាម YouTube និងវីដេអូរបស់កីឡាករអាជីពនានាលើពិភពលោកដែរ។ ឈិន ឈឿន ចាត់ទុកការហ្វឹកហាត់បន្ថែមដោយខ្លួនឯងនេះពិតជាសំខាន់ខ្លាំងសម្រាប់អ្នកកីឡា និងអ្នកលេងបាល់ទាត់ដូចរូបគេ៕

ប្រភព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖