+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ អាយ.អេស.អាយ ពេញចិត្តការប្រឹងប្រែងរបស់កូនក្រុមទោះពិបាកប្រជែងភ្នំពេញក្រោន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 48

ទោះចាញ់ភ្នំពេញក្រោនដល់ទៅ៥ទល់នឹង០ក្នុងថ្ងៃបើកឆាកពានរង្វាន់ League Cup By Forward 2021 លោក John Botioba គ្រូបង្គោលក្រុមអាយ.អេស.អាយដង្កោសែនជ័យនៅតែបង្ហាញការពេញចិត្តចំពោះការប្រឹងប្រែងរបស់កូនក្រុមទាំងអស់ ព្រោះពួកគេបានបញ្ចេញអស់ពីលទ្ធភាពដែលខ្លួនមាន។

គ្រូបង្វឹកជនជាតិកាមេរូនទទួលស្គាល់ចំពោះលទ្ធផលនេះ និងបានអបអរដល់ភ្នំពេញក្រោនដែលស័ក្ដិសមចំពោះជ័យជម្នះ ព្រោះម្យ៉ាង ក្រុមរបស់លោកមិនបានហ្វឹកហាត់ជុំគ្នាដល់ទៅ៧សប្ដាហ៍ពាក់ព័ន្ធនឹងការរាលដាលជំងឺកូវីដ១៩។ ផ្ទុយទៅវិញ លោកសប្បាយចិត្តដែលកូនក្រុមអាចបង្កើតឱកាសមួយចំនួនក្នុងការប្រកួតប្រចាំពូល A កាលថ្ងៃសៅរ៍ នេះ ហើយសង្ឃឹមថា ពួកគេនឹងអាចរៀនសូត្រយកទៅអភិវឌ្ឍខ្លួនបន្ថែមទៀត។

លោក John Botioba បង្ហាញចំណាប់អារម្មណ៍បែបនេះ “៖ ជាបឋមខ្ញុំសូមអបអរដល់ភ្នំពេញក្រោនចំពោះជ័យជម្នះដែលស័ក្ដិសមសម្រាប់ពួកគេ។ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តជាមួយកូនក្រុមខ្ញុំដែរ ពីព្រោះយើងបានប្រឹងអស់ពីលទ្ធភាពហើយ។ ម្យ៉ាងយើងមិនបានហ្វឹកហាត់ជុំគ្នាដល់ទៅ៧សប្ដាហ៍ ព្រោះស្ថានភាពកូវីដ១៩។ ខ្ញុំបានឃើញចំណុចល្អមួយចំនួនអំឡុងការប្រកួត។ យើងអាចបង្កើតឱកាសខ្លះដែរ អ៊ីចឹងអាហ្នឹងសំខាន់មែនទែន ហើយយើងក៏អាចរៀនសូត្រពីបរាជ័យនេះដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរជាបន្តបន្ទាប់ទៅមុខដែរ។”

ជុំវិញការលេងរវាងកូនក្រុមវ័យក្មេង និងកីឡាករសម្បូរបទពិសោធវិញ គ្រូបង្វឹកដដែលបញ្ជាក់ថា បានយល់គ្នាជាជំហានៗហើយ។ ជាមួយគ្នានេះ កីឡាកររៀមច្បងបានជំរុញទឹកចិត្ត និងបង្ហាញគម្រូល្អដល់កូនក្រុមវ័យក្មេងទាំងពេលហ្វឹកហាត់ និងលើទីលាន។

លោក John Botioba ក៏បានចាត់ទុក League Cup By Forward 2021 ជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមលោកក្នុងការដកស្រង់បទពិសោធពីក្រុមមកពីក្របខណ្ឌ Metfone Cambodian League ខណៈអាយអេសអាយដង្កោសែនជ័យកំពុងសម្រួចខ្លួនត្រៀមក្របខណ្ឌ Cambodian League 2 រដូវកាលថ្មីផងដែរ៕

ប្រភព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖