+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែបម្រើបាត់ដំបង ឈៀង មករា តស៊ូ២ឆ្នាំទើបមានឱកាសចូលលេងទៀងទាត់ក្នុងពានសម្ដេចតេជោ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 213

ខ្សែបម្រើ ឈៀង មករា ជាសមាជិកមួយរូបប្រចាំក្រុមបាល់ទាត់ខេត្តបាត់ដំបង តាំងពីឆ្នាំ២០១៧ និងបានប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៤លើក គឺ២០១៧, ២០១៨, ២០២០ និង២០២១។ នៅ២ឆ្នាំដំបូងគេមិនសូវមានឱកាសបានចូលលេងប៉ុន្មានទេ ដែលកាលណោះគេលេងឲ្យក្រុមផ្សេងមួយទៀតដែលបានសិទ្ធិតំណាងក្រុមបាត់ដំបងក្នុងពានសម្ដេចតេជោ ហ៊ុន សែន។ តែយ៉ាងណា នៅ២ឆ្នាំបន្ទាប់ ក្រុម ស.ស.យ.ក បាត់ដំបង ដែលទទួលសិទ្ធិបន្តពីក្រុមមុន បានជ្រើសមករាចូលរួមបន្ត និងផ្ដល់ឱកាសចូលលេងយ៉ាងទៀងទាត់។

មករា ថ្លែងបែបនេះ "៖ ឆ្នាំនេះជាឆ្នាំទី៤ សម្រាប់ខ្ញុំក្នុងពានសម្ដេចតេជោ ហ៊ុន សែន តែទើបតែបានលេងជាប់ ២ឆ្នាំចុងក្រោយនេះទេ។ កាលហ្នុង ២ឆ្នាំដំបូងបម្រុង ហើយលេងបានតែ១ប្រកួតអីទេ ប្តូរចូលទៀត។ ទោះមានឱកាសតិចតួច តែខ្ញុំនៅតែខំប្រឹងទៅហាត់ អត់ដែលខានទេ ទៅហាត់ជាប់លាប់រហូតហ្នឹង ហើយប្រឹងយកចិត្តទុកដាក់ ប្រឹងស្ដាប់គ្រូ។ ទាល់តែរវល់ខ្លាំង ទើបអត់បានទៅ។ ម្យ៉ាងកាយសម្បទារបស់ខ្ញុំរាងតូចផង អ៊ីចឹងខ្ញុំត្រូវតែប្រឹងខ្លាំងជាងគេ។ ២ឆ្នាំដំបូងមិនមែន ស.ស.យ.ក តំណាងខេត្តទេ ទើបតែ២ឆ្នាំចុងក្រោយហ្នឹងទេ ទើបគេយកស.ស.យ.ក បាត់ដំបង តំណាងតែម្ដង ព្រោះធ្វើបានល្អក្នុងពាន Soccer League។ "

រដូវកាល២០២១នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ខ្សែបម្រើវ័យក្មេងរូបនេះអវត្តមានតែ១ប្រកួតប៉ុណ្ណោះ ដោយសារធុរៈផ្ទាល់ខ្លួន។ មុនឈានចូលក្រុមតំណាងខេត្ត កីឡាករមានកំណើតនៅស្រុកបាណន់ ធ្លាប់លេងឲ្យក្រុមឃុំតាគ្រាម និងក្រុមស្រុកបាណន់។ គេថា មិនធ្លាប់រំពឹងអាចក្លាយជាកីឡាករតំណាងខេត្តបាត់ដំបងទេ ព្រោះមានមាឌតូចជាងគេ តែដោយសារតែការប្រឹងប្រែង ទើបឈានដល់កម្រិតដ៏ល្អមួយ។

គួរបញ្ជាក់ថា ក្រុម ស.ស.យ.ក ខេត្តបាត់ដំបង នៅតែបន្តជំហរចូលរួមការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ដែលនៅសេសសល់ បន្ទាប់ពីអាក់ខានមួយរយៈធំដោយសារបញ្ហាជំងឺកូវីដ១៩៕

អត្ថបទ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖