+855 16 757 168     samnob@keiladaily.com
KD Logo

ការរៀបចំកន្លែងដុតភ្លើងគប់ ត្រៀមពិធី​បើក-បិទ​ស៊ីហ្គេម និង​អា​ស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 259

CAMSOC-ភ្នំពេញ៖ កន្លែងដុតភ្លើងគប់ក្នុងវិមានកីឡដ្ឋាន នៃ​ពហុ​កី​ឡ​ដ្ឋាន​ជាតិ​មរ​ត​ក​តេជោ បាន​នឹង​កំ​ពុង​ដំ​ណើរ​ការ​សាង​សង់​ហើយ ដោយមានការ​រៀប​ចំ​នូវ​ប្រ​ព័ន្ធ​សុវត្ថិ​ភាព​ខ្ពស់​បំ​ផុត សម្រាប់​ត្រៀម​ពិធី​បើក-បិទ ការ​ប្រ​កួត​កី​ឡា​ស៊ីហ្គេម និង​អា​ស៊ាន​ប៉ារ៉ា​ហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ​២០២៣ នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រ​កួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី៣២ ឆ្នាំ​២០២៣ (CAMSOC) បានឲ្យដឹងថា ប្រ​ព័ន្ធ​ភ្លើង​គប់​នេះ ត្រូវ​រៀប​ចំ​ក្រោយ​គេ ព្រោះ​ជា​កន្លែង​មួយ​ដ៏​សំខាន់ ដែល​ត្រូវ​ប្រើ​ប្រ​ព័ន្ធ​សុវត្ថិ​ភាព​ខ្ពស់ ដោយ​សារ​ត្រូវ​ប្រើ​ហ្គាស​សម្រាប់​ដុត។ ដូច្នេះ​ ប្រ​ព័ន្ធ​ភ្លើង​គប់​នេះ ត្រូវ​រៀប​ចំ​ឲ្យ​មាន​សុវត្ថិ​ភាព​បំ​ផុត។


យ៉ាងណាមិញកន្លែងដុតភ្លើងគប់នេះ នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​រួច​រាល់ នៅ​មុន​ដំ​ណាច់​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ព្រោះ​គណៈ​កម្មាធិ​ការ​ជាតិ CAMSOC គ្រោង​នឹង​រៀប​ចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ វិ​មាន​កី​ឡ​ដ្ឋាន នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរ​តក​តេជោ នៅ​ចុង​ខែ​វិច្ឆិកា។ ដូច្នេះ​ បន្ទាប់​ពី​ដំ​ឡើង​កន្លែង​ដុត​ភ្លើង​គប់​រួច នឹង​ត្រូវ​រៀប​ចំ​ពិធី​សម្ពោធ​ពេញ​លេញ​ទាំង​អស់​តែ​ម្ដង។ នេះជាកាបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។


ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បាន​បន្ថែម​ថា «ការ​រៀប​ចំ​ប្រ​ព័ន្ធ​ភ្លើង​គប់ គឺ​ដើម្បី​បំ​​​ពេញ​លក្ខណៈ នៃ​ដំ​ណើរ​ការ​រៀប​ចំ​ពិធី​បើក​-​បិទ​ស៊ីហ្គេម ក៏​ដូច​ជា​អា​ស៊ាន​ប៉ារ៉ា​ហ្គេម​របស់​យើង។ យើង​ឃើញ​ហើយ​ថា នៅ​ព​ហុ​កីឡ​ដ្ឋាន​ជាតិ​ (ស្ដាត​អូ​ឡាំ​ពិក) ក៏​មាន​កន្លែង​ដុត​ភ្លើង​គប់​ដែរ អ៊ីចឹង​វា​មាន​លំ​នាំ​របស់​វា​ឲ្យ​គ្រប់​លក្ខ​ខណ្ឌ នៃ​ពិធី​បើក​-​បិទ​របស់​យើង»។


ពាក់ព័ន្ធនឹងដំណើរការភ្លើងគប់នេះ ថ្នាក់ដឹកនាំ​គណៈ​កម្មា​ធិ​ការ​ជាតិ CAMSOC បាន​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់ និង​គិតគូរយ៉ាងល្អិតល្អន់ ជាក់​ស្ដែង​ភ្លើង​គប់ ដែល​គ្រោង​យក​មក​ដុត​ប្រារព្ធ​ពិធី​បើក​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្ដ្រ​នៅ​កម្ពុជា នឹង​ត្រូវ​រៀប​ចំ​ពិធី​សុំ​ភ្លើង​អា​ទិ​ទេព (កម្ដៅ​ព្រះ​អាទិត្យ) នៅ​ប្រា​សាទ​អង្គរ​វត្ត ដែល​គ្រោង​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​ព្រះ​រា​ជា​ធិ​ប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ​ម​ហា​ក្សត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។


ពិធីសុំភ្លើងអាទិទេពនេះ គ្រោងរៀបចំនាខែកុម្ភៈ ឆ្នាំ​២០២៣។ បន្ទាប់​មក​ កម្ពុជា​នឹង​រៀប​ចំ​ពិធី​ដង្ហែរ​ភ្លើង​គប់​នេះ ឆ្លង​កាត់​បណ្ដា​ប្រ​ទេស​ទាំង​អស់ ក្នុង​តំ​បន់​អាស៊ី​អាគ្នេយ៍ ចាប់​ពី​ខែ​មីនា ឆ្នាំ​២០២៣ មុន​ដង្ហែរ​ចូល​មក​កម្ពុជា​វិញ ហើយ​បន្ដ​ដង្ហែរ​តាម​បណ្ដា​ខេត្ត​ជុំ​វិញ​បឹង​ទន្លេ​សាប រហូត​ដល់​វិមាន​កីឡ​ដ្ឋាន នៃ​ព​ហុកី​ឡ​ដ្ឋាន​ជាតិ​មរ​តក​តេជោ ចំ​ពេល​ប្រា​រព្ធ​ពិធី​បើក​ការ​ប្រ​កួត​កី​ឡា​ស៊ីហ្គេមជា​ផ្លូវ​ការ​ នៅ​ល្ងាច​ថ្ងៃ​ទី០៥ ខែ​ឧសភា ឆ្នាំ​២០២៣ តែ​ម្ដង៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖