+855 16 757 168     samnob@keiladaily.com
KD Logo

រឿងរ៉ាវខ្លះៗក្រោយចប់ការប្រកួត MCL ពាក់កណ្ដាលសប្ដាហ៍នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 236

ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League រដូវកាល ២០២១ បានបញ្ចប់យុទ្ធនាការពាក់កណ្ដាលសប្ដាហ៍ចំនួន៦ប្រកួតទៀតហើយ ហើយក៏មានរឿងរ៉ាវគួរចាប់អារម្មណ៍ខ្លះៗដែរ។

១. ក្រុមមានឱកាសប្រជែងជើងឯកនៅសល់តែ៤ក្រុមដែលនៅមានឱកាសបន្តការប្រជែងតំណែងជើងឯក MCL នៅសល់តែភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, វិសាខា និងបឹងកេត។

១៦ប្រកួតកន្លងមក ភ្នំពេញក្រោនមាន៣៧ពិន្ទុ ច្រើនជាងក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង ២ពិន្ទុ លើសក្រុមលេខ៣ វិសាខា និងក្រុមលេខ៤ បឹងកេត ៣ពិន្ទុ។ ដោយឡែក វិសាខា ទើបប្រកួតបាន ១៥លើក តិចជាងក្រុម៣ផ្សេងទៀត១ប្រកួត។ យោងតាមចំនួនពិន្ទុ និងតារាងពិន្ទុដែលបង្ហាញឲ្យឃើញនេះ គេអាចនិយាយបានថា ណាហ្គាវើលដ៍, អង្គរថាយហ្គឺរ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានអស់ឱកាសដណ្ដើមចំណាត់ថ្នាក់លេខ១ ទៅហើយ ខណៈគិរីវង់សុខសែនជ័យ មិនអាចឡើងផុតពីលេខ៨របស់ ខ្លួនទេ បន្ទាប់ពីចាញ់ទាំង៤ប្រកួតដំបូង។

២. ២ក្រុមនៅ Top 8 មិនទាន់ចាញ់ ខណៈនគរបាលជាតិបន្តធ្វើបានល្អ

ការចែកពិន្ទុគ្នារវាងបឹងកេត និងព្រះខ័នរាជស្វាយរៀង ដោយលទ្ធផលស្មើគ្នា ១ទល់នឹង១ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា មានន័យថា ក្រុមទាំង២ នៅតែមិនទាន់បរាជ័យក្នុងការប្រកួតដំណាក់កាល Top 8។ ពួកគេក៏ជាក្រុមដែលបានផ្ដល់បរាជ័យលើកដំបូងក្នុងរដូវកាល ២០២១ ដល់វិសាខា (ចាញ់បឹងកេត) និងភ្នំពេញក្រោន (ចាញ់ព្រះខ័នរាជ) និងបានកើតឡើងក្នុងថ្ងៃតែមួយនៃសប្ដាហ៍ដំបូង ដំណាក់កាល Top 8 ដូចគ្នា។

ចំណែកនៅដំណាក់កាល Bottom 5 ឯណោះវិញ នគរបាលជាតិនៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយបានយកឈ្នះសូលទីឡូអង្គរ ១ទល់នឹង០។ ជ័យជម្នះនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ធ្វើឲ្យក្រុមនគរបាលជាតិ រក្សាកំណត់ត្រា១០០ភាគរយ គិតត្រឹម៣ប្រកួតដំបូងនៅ Bottom 5។ ប្រកួតចុងក្រោយរបស់ពួកគេត្រូវប៉ះអគ្គិសនីកម្ពុជា។ សម្រាប់អគ្គិសនីក៏បានលទ្ធផលគួរកត់សម្គាល់ដែរ តែទើបប្រកួតបាន២លើក ដោយឈ្នះអាស៊ីអឺរ៉ុប និងស្មើព្រៃវែង។

៣. Marcio វ៉ាផុតចំនួនគ្រាប់បាល់ដែល Privat រកបានពេលឈ្នះស្បែកជើងមាស ២០២០

២គ្រាប់ក្នុងសំណាញ់ភ្នំពេញក្រោន ធ្វើឲ្យគ្រាប់បាល់របស់ Marcio Marques ឡើងដល់១៧គ្រាប់ និងបន្តឈរកំពូលតារាង Top Scorers នៃក្របខណ្ឌ Metfone Cambodian League 2021 ជាបណ្ដោះអាសន្ន គិតត្រឹម១៦ប្រកួតកន្លងមករបស់ណាហ្គាវើលដ៍។

១៧គ្រាប់របស់ខ្សែប្រយុទ្ធប្រេស៊ីលខាងលើរកបាននោះ មានន័យថា វ៉ាផុតចំនួនគ្រាប់ដែលខ្សែប្រយុទ្ធ Privat Mbarga ឈ្នះស្បែកជើងមាសរដូវកាល ២០២០។ រដូវកាលមុន Privat រកគ្រាប់បាល់បញ្ចូលទីសរុបបាន១៦គ្រាប់សម្រាប់ព្រះខ័នរាជស្វាយរៀង។ យ៉ាងណា រដូវកាល២០២០ មានការបែងចែកត្រឹម Top 6 ពោលតិចជាងរដូវកាល ២០២១ ចំនួន២ក្រុម។

៤. កែវ សុខសិលា នាំមុខតារាង Clean Sheet

ជាមួយជ័យជម្នះ៥ទល់នឹង០លើគិរីវង់សុខសែនជ័យ កាលថ្ងៃពុធ ទី២៩ ខែកញ្ញា អ្នកចាំទីវិសាខា កែវ សុខសិលា មានចំនួន clean sheet ៦ដង តាមពីក្រោមដោយអ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់បឹងកេត ដែលធ្វើបាន ៥ដង៕

អត្ថបទ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖