+855 16 757 168     samnob@keiladaily.com
KD Logo

មិនទាន់គិតលទ្ធផលចុងក្រោយបែបណា ជា ច័ន្ទដារ៉ា ថា ត្រូវប្រឹងអស់សមត្ថភាពជួយក្រុមជាមុនសិន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 104

ខ្សែការពារ ជា ច័ន្ទដារ៉ា អះអាងថា ទោះលទ្ធផលពីការប្រកួតចុងក្រោយនៃក្របខណ្ឌ Metfone Cambodian League 2021 របស់សូលទីឡូអង្គរទៅជាបែបណា អ្វីសំខាន់រូបគេ និងមិត្តរួមក្រុមឯទៀតនឹងប្រឹងប្រែងអស់ពីសមត្ថភាពជាមុនសិន ដើម្បីជួយក្រុមគេចផុតពីតំបន់កាត់ចោល។

អតីតកីឡាករភ្នំពេញក្រោនថ្លែងបែបនេះ "៖ក្ដីរំពឹងរបស់ខ្ញុំក្នុងការចូលរួមជាមួយសូលទីឡូអង្គរនេះ គឺប្រឹងប្រែងជួយក្រុមគេចឲ្យផុតពីតំបន់គេកាត់ចោល។ ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព១០០ភាគរយលើ១០០ភាគរយតែម្ដង។ អ្វីសំខាន់ គឺយើងដាក់ចិត្ដ ដាក់កាយ សម្រាប់២ប្រកួតហ្នឹង ព្រោះវាពិតជាការប្រកួតដ៏សំខាន់សម្រាប់យើង។ យើងនៅតែមានសង្ឃឹមថា អាចបន្តនៅលីគកំពូល"។

ទាក់ទងទៅនឹងការចូលរួមជាមួយសូលទីឡូអង្គរដែលមានកីឡាករក្មេងច្រើន កីឡាករមានកំណើតនៅខេត្តបាត់ដំបង ពិតជាសប្បាយចិត្តក្នុងការទទួល យកបទពិសោធ និងការប្រកួតប្រជែងថ្មី។ សម្រាប់ការលេងក្នុងក្រុមវិញ គេថា អាចសម្របខ្លួន និងសហការគ្នាបានល្អ ទោះកីឡាករក្មេងៗមួយចំនួននៅស្ទើរបទពិសោធ។ គេរីករាយ និងអរគុណដែលគ្រូបង្វឹកបានផ្ដល់ឱកាសដល់គេបានបង្ហាញខ្លួនកន្លងមក។

ជា ច័ន្ទដារ៉ា បានចាកចេញពីភ្នំពេញក្រោន នាដំណាច់ឆ្នាំ២០២០។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេញាំញីដោយសាររបួសជង្គង់ជាញឹកញយ។ មុនចូលរួមជាមួយសូលទីឡូអង្គរ អតីតសមាជិកយុវជន U19 កម្ពុជា បានឆ្លៀតពេលទៅហ្វឹកហាត់នៅក្រុមសូហ្វីយ៉ាប៉ៃលិនដើម្បីរក្សាកម្លាំង និងកាយសម្បទា។

ដោយឡែក សូលទីឡូអង្គរ ដែលស្ថិតនៅលេខ១៣ មាន៥ពិន្ទុ នៅសល់២ប្រកួតទៀតមុនបញ្ចប់រដូវកាល ២០២១នៃក្របខណ្ឌ Metfone Cambodian League ដោយត្រូវប៉ះអាស៊ីអឺរ៉ុបយូណាយធីត និងព្រៃវែងអេហ្វស៊ី៕

អត្ថបទ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖