+855 16 757 168     samnob@keiladaily.com
KD Logo

ត្រូវធ្វើអ្វីខ្លះមុននឹងបើកក្លឹបប្រដាល់មួយបាន?

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 364
ប្រដាល់ក្បាច់គុនបុរាណខ្មែរមានវត្តមាននៅលើដែនដីកម្ពុជាជាយូរលង់ណាស់មកហើយ។ បច្ចុប្បន្ន គេសង្កេតឃើញថា មាន​ស្ថានីយ​​យ៉ាង​ច្រើន​បាន​សហការ​ជាមួយ​នឹង​បណ្ដា​ក្រុមហ៊ុន​នានា​ដើម្បីបង្កើតនូវការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ មានទាំងលក្ខណៈជាតិ និង អន្តរជាតិ។ ដោយសារតែមានការកើនឡើងនូវចំនួនកម្មវិធីប្រកួត យុវជន​មួយ​ចំនួន​បាន​ងាកមកហ្វឹកហាត់មរតកក្បាច់គុនខ្មែរមួយនេះដើម្បីជាការថែរក្សា និង អាចរកចំណូលបានខ្លះដែរ។ មិនតែប៉ុណ្ណោះ អ្នកខ្លះ​បាន​បើក​នូវ​ក្លឹប​ប្រដាល់​ដោយ​ខ្លួន​ឯង​ដើម្បី​បណ្ដុះ​បណ្ដាល​សិស្សចូលរួមប្រកួតដូចគ្នា។



ដោយឡែក តើលោកអ្នកដឹងទេថា គេត្រូវអ្វីខ្លះដើម្បីអាចបើកដំណើរការក្លឹបប្រដាល់មួយបាន?

លោក និន ភីរម្យ អគ្គលេខាធិការរងនៃសហព័ន្ធ​កីឡា​ប្រដាល់កម្ពុជា បានឲ្យ KeilaDaily ដឹងថា គេត្រូវ​ឆ្លង​ដំណាក់កាលច្បាប់ និង ដំណាក់កាល​ផ្ទាល់​ខ្លួន​ដើម្បី​បង្កើត​ក្លឹប​ប្រដាល់​​មួយ​ឲ្យ​​ចេញ​​ជា​រូប​រាង​។

ឧត្ដមសេនីយ៍រូបនេះបញ្ជាក់ ៖ ‘’ជាបឋមគេត្រូវមានទីតាំងផ្ទាល់ខ្លួន និង មានសិស្សចាប់ពី៨ទៅ១០នាក់ ហើយក្នុងនោះត្រូវមានអ្នកហាត់ក្បាច់បុរាណខ្មែរ៧នាក់ និង សកល​​៣​នាក់​។ បន្ទាប់មកទៀត គេសរសេរសុំច្បាប់ទៅកាន់ឃុំ ឬ សង្កាត់ អាជ្ញាធរមូលដ្ឋាន និង បន្តសុំទៅកាន់មន្ទីរអប់រំខេត្ត ក្រុង និង ចូលទៅក្រសួងអប់រំ យុវជន និង កីឡា។ ក្រោយ​ពី​មាន​ចំណារយល់ព្រមពីក្រសួងហើយ ជាចុងក្រោយត្រូវសុំច្បាប់ទៅសហព័ន្ធប្រដាល់ជាការស្រេច។ ដោយឡែក បើចង់ដឹងព័ត៌មានអី អាច​ទាក់​ទង​មក​សហ​ព័ន្ធ​ជាមុន យើង​នឹង​ជួយ​ណែនាំបាន''។

ទាក់ទងនឹងដំណើរការខាងលើ លោក ពេជ្រ សុផាន់ គ្រូជំនួយប្រចាំក្លឹបប្រដាល់ក្រសួងការពារជាតិបានលើកឡើងថា មុននឹង​បើក​ក្លឹប ម្ចាស់នីមួយៗគួរតែមានទីតាំងល្អត្រឹមត្រូវ ជា​ជាង​​គ្រាន់​តែ​បើកក្លឹបប្រដាល់ដើម្បីតែដូរបាយ។

បង​​ប្រុស​បង្កើតកីឡាករ ពេជ្រ សីហា ប្រាប់ KeilaDaily ៖’’ចង់បើកក្លឹបប្រដាល់មួយឲ្យល្អត្រូវមានទីតាំងច្បាស់លាស់ គ្រូល្អ មានរបបចំណីអាហារគ្រប់គ្រាន់ ហើយ​មាន​សម្ភារៈ​​​ហ្វឹក​ហាត់​គ្រប់គ្រាន់ ដូចនៅបរទេសអីចឹងបានទៅរួច អាហ្នឹងទើបសិស្សមានអនាគតល្អ។ ដូចក្លឹបស្រុកខ្មែរខ្លះរាល់ថ្ងៃ ចងតែសាក់២-៣ អញ្ចឹង​គ្រាន់​តែ​បើក​ដូរ​បាយ​ស៊ី​ទេ ចូល​ខ្នាត​​អន្តរជាតិមិនបានទេ’’។

យោងតាមទិន្នន័យពីសហព័ន្ធកីឡាប្រដាល់កម្ពុជា បច្ចុប្បន្នមានក្លឹបចំនួន៩៥កំពុងដំណើរការ សរុបកីឡាករមានជាង១ពាន់នាក់៕




អត្ថបទ ៖ សែន សំរេចតេជះ​
រូបភាព ៖ យន់ រីដូ


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖