+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ុន ច័ន្ទរាជ្យ៖“នៅ ស្រីពៅ អាចជាអ្នកប្រដាល់គំរូ សម្រាប់កីឡាការិនីក្មេងៗជំនាន់ក្រោយ”

| 210



ក្រោយចូលរួមប្រកួត MMA លើកដំបូង និងដណ្ដើមបានជ័យជម្នះក្នុងកម្មវិធីដ៏ល្បី ONE Championship នៅប្រទេសថៃ កាលពីពាក់កណ្ដាលខែកុម្ភៈ កន្លងមក គ្រូបង្វឹកគុនចម្រុះកម្ពុជា លោក ហ៊ុន ច័ន្ទរាជ្យ បានចាត់ទុក នៅ ស្រីពៅ ជាកីឡាការិនីប្រដាល់គំរូមួយរូប ហើយអាចនឹងទាក់ទាញនារីៗជំនាន់ក្រោយ ងាកមកហ្វឹកហាត់ និងចាប់អាជីពប្រដាល់ ឬគុនចម្រុះ កាន់តែច្រើននាថ្ងៃមុខ។



នាឱកាសចូលជួប និងលើកទឹកចិត្ត ពីប្រធានសហព័ន្ធកីឡា MMA កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន កាលពីថ្ងៃទី២៧ ខែកុម្ភៈ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ម្ចាស់ក្លឹបប្រដាល់ Cambodian Top Team ពន្យល់បែបនេះ៖ “ឥឡូវចាប់ផ្ដើមមានច្រើនហើយ ដោយសារតែកីឡាការិនី នៅ ស្រីពៅ ប្រកួតបានជោគជ័យ។ ឥឡូវមានកីឡាការិនីមកពីផ្នែកកីឡាផ្សេងៗ ដែលពួកគាត់មកសុំហាត់ MMA វិញ។ ចឹងរឿងហ្នឹង ក៏ជារឿងល្អមួយដែរ។ ចឹងឥឡូវខ្ញុំកំពុងប្រមូលកីឡាការិនីឲ្យបានច្រើន ព្រោះទីផ្សារ MMA សម្រាប់កីឡាការិនីក៏ធំនិងច្រើនជាងមុនដែរ។ និយាយរួមខ្ញុំគិតថា ប្រហែលប៉ុន្មានឆ្នាំក្រោយ សឹងតែច្រើនជាកីឡាករ។ បាទ ខ្ញុំគិតថា នៅ ស្រីពៅ អាចធ្វើជាកីឡាការិនីគំរូមួយ សម្រាប់កីឡាការិនីក្មេងៗជំនាន់ក្រោយ។ ដោយសារតែ ពេល នៅ ស្រីពៅ ទៅប្រកួតហ្នឹង ធ្វើបានល្អមែនទែន។ ហើយក៏មានគេគាំទ្រច្រើន។ ចឹងសង្ឃឹមកីឡាការិនីក្មេងជំនាន់ក្រោយ គេមើលឃើញ នៅ ស្រីពៅ ហើយចាត់ទុក នៅ ស្រីពៅ ជា Hero មួយដែរ ដើម្បីលើកទឹកចិត្ត និងជំរុញពួកគាត់ មកហាត់ MMA”។


គួរដឹងដែរថា នៅ ស្រីពៅ ជាកីឡាការិនីប្រដាល់ទម្ងន់ស្រាលជួរមុខកម្ពុជាមួយរូប ពុំទាន់ធ្លាប់ស្គាល់ពាក្យចាញ់ឡើយ ក្នុងការប្រកួតគុនខ្មែរ នៅសង្វៀនក្រៅស្រុក កន្លងមក ដូចជា កម្មវិធី Lethwei នៅភូមា ជាដើម។ កីឡាការិនីប្រដាល់សកលជម្រើសជាតិ រូបនេះ ក៏ទើបបង្ហាញខ្លួនប្រកួត MMA ក្នុងកម្មវិធី ONE Championship លើកដំបូង ដោយយកឈ្នះកីឡាការិនីម្ទាស់ផ្ទះថៃ Rika Ishige នៅទីក្រុងបាងកក ផងដែរ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមក និងទទួលបានការគាំទ្រកាន់តែខ្លាំង ពីអ្នកស្នេហាវិស័យប្រដាល់ទាំងក្នុងនិងក្រៅស្រុក៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
Loading...