+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូបង្វឹក ជា រិទ្ធ ប្រាប់គន្លឹះសំខាន់ខ្លះៗឲ្យអ្នកប្រដាល់ខ្មែរឆ្ពោះទៅកម្រិតអន្តរជាតិ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 446

លោក ជា រិទ្ធ ដែលគេស្គាល់ថាជាគ្រូបង្វឹកប្រចាំក្លិបអាណាចក្រប្រយុទ្ធនៅខេត្តសៀមរាប បានបង្ហើបអំពីទស្សនៈខ្លះៗ នាំឲ្យកីឡាករប្រដាល់កម្ពុជាអាចឆ្ពោះទៅរកកម្រិតអន្តរជាតិ ពោល ត្រូវហ្វឹកហាត់ខ្លាំងដើម្បីយកឈ្នះកីឡាករក្នុងស្រុកឲ្យអស់ និង បង្កើនកម្លាំងស៊ុហ្វឲ្យខ្លាំងក្លាបំផុតតាមតែអាចធ្វើទៅបាន។ ការបញ្ចេញទស្សនៈបែបនេះស្របពេលលោក កំពុងបង្វឹកកីឡាករមានឈ្មោះបោះសំឡេងមួយនៅក្លិបខាងលើដូចជា គង់ សំបូរ, ឫទ្ធិ សាស្ត្រាវុធ និង ឆោម ប៊ុនឡុង ជាដើម។


មន្ត្រីចៅក្រមសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានបញ្ជាក់ទៀតថា លោកកំពុងបុកបង្វឹកកម្លាំងស៊ុហ្វរហូតដល់ ៨០% ឯណោះ ដល់កូនសិស្សរបស់លោក។ លោករំលឹកថា គង់ សំបូរ មានសមត្ថភាពប្រឡូកបានទាំងជាតិ និង អន្តរជាតិ ខណៈដែល អ្នកលេងគុនខ្មែរវ័យក្មេងត្រឹមវ័យ ១៨ ឆ្នាំ សាស្ត្រាវុធ កំពុងសាងប្រជាប្រិយភាពបានល្អណាស់នាពេលថ្មីៗនេះ ក្រោយឈ្នះ សូត្រ វាសាន , ហុត គឺមហៀង និង ឡុង ណងសៅជាដើម។

គ្រូបង្វឹកវ័យ ៣៧ ឆ្នាំដដែលនេះគូសបញ្ជាក់ទៀតថា៖«ខ្ញុំតែងតែលើកទឹកចិត្តកូនសិស្ស ថា បើចង់ខ្លាំងទៅវ៉ៃអន្តរជាតិយើងត្រូវធ្វើឲ្យបានល្អ និង លេចធ្លោក្នុងស្រុកដោយឈ្នះកីឡាករក្នុងស្រុកទាំងអស់ក្នុងកម្រិតគីឡូដូចគ្នា។ ក្រៅពីបង្វឹកគុនខ្មែរ ខ្ញុំក៏បានប្រាប់កូនសិស្សអំពីរបៀបវ៉ៃ នៅ K1 ក្បាច់មួយថៃ មួយឡាវ ក្បាច់គុនមីយ៉ាន់ម៉ា Lethwei ផងដែរ ដែលមានលក្ខណៈខុសគ្នាមួយចំនួន។ ដើម្បីឲ្យយើងខ្លាំង យើងក៏ត្រូវសិក្សាអំពីក្បាច់គេដែរ។»

លើសពីការហ្វឹកហាត់ទៀងទាត់ជាប្រចាំ គ្រូបង្វឹកគុនខ្មែរដែលមានសញ្ញាប័ត្រអនុបណ្ឌិតអក្សរសាស្ត្រភាសាអង់គ្លេសរូបនេះថា ការញុំាអាហារត្រូវតែគិតគូរដែរ ព្រោះក្នុងនាមជាកីឡាករ មិនត្រូវញុំាផ្ដេសផ្ដាសនោះឡើយដែលនាំឲ្យកម្លាំងធ្លាក់ចុះ។ គ្រូបង្វឹករូបនេះរៀបរាប់ទៀតថា កីឡាករខ្មែរមួយចំនួនមិនទាន់សុំាទៅនឹងចំណីអាហារនៅក្រៅប្រទេសទេ ព្រោះថា នៅស្រុកខ្មែរវ៉ៃត្រឹម ៣ ទៅ ៥ ទឹកមិនបញ្ហាសោះ ប៉ុន្តែ ដល់ទៅវ៉ៃស្រុកគេ គឺស្រុតកម្លាំងតែម្ដង។ នេះជាចំណុចដែលត្រូវសិក្សាបន្ថែមអំពីការញុំាអាហារ។

សាស្ត្រាចារ្យភាសាអង់គ្លេសរូបនេះសង្កត់ធ្ងន់៖« ជាក់ស្ដែង ខ្ញុំគិតថា គង់ សំបូរ ប៉ះ Zhang Chenglong នៅស្រុកខ្មែរ វាមិនអីទេត្រឹម ៣ ទឹកនោះ។ ប៉ុន្តែពេលវ៉ៃនៅ One Championship នាប្រទេសសិង្ហបុរី បែររាងយ៉ាប់កម្លាំងបន្តិច ដែលនាំឲ្យចាញ់ពិន្ទុ។ នេះជាចំណុចយើងត្រូវរៀនសូត្រ និង ធ្វើឲ្យសុំាចំពោះការញុំាអាហារនៅប្រទេសដែលយើងត្រូវទៅប្រកួត។»


គួររំលឹកថា មកដល់ពេល លោក ជា រិទ្ធ ចូលបង្វឹកនៅក្លិបអាណាចក្រប្រយុទ្ធនៃទឹកដីខេត្តសៀមរាបបានរយៈពេល ១ ឆ្នាំមកហើយ។ ក្រៅពីការងារស្រលាញ់ក្បាច់គុនខ្មែរ លោកមានការងារក្រៅម៉ោងមួយទៀតគឺ បង្រៀនភាសាអង់គ្លេសនៅតាមសាកលវិទ្យាល័យមួយចំនួននៅទឹកដីខេត្តសៀមរាប

អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖