+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តម វ៉ាត់ ចំរើន លើកទឹកចិត្តនារីៗចូលហ្វឹកហាត់កីឡាប្រយុទ្ធអាជីពឲ្យបានច្រើន 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 276

អគ្គលេខាធិការ នៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានស្នើ និងលើកទឹកចិត្តដល់នារីៗវ័យក្មេង ដែលស្រលាញ់ស្នេហាវិស័យកីឡា គួរងាកមកហាត់កីឡាប្រយុទ្ធអាជីពឲ្យបានច្រើន ដូចជា ប្រដាល់ និង MMA ជាដើម ដើម្បីបង្កើនចំនួនកីឡាការិនី និងលើកកម្ពស់ស្ដ្រី ក្នុងប្រភេទកីឡាមួយនេះ ឲ្យកាន់តែផុសផុលនៅក្នុងសង្គម។


ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា មានប្រសាសន៍ថា កីឡាការិនីមានទាំងសក្កានុពល និងឱកាសច្រើន ក្នុងការប្រកួតប្រជែង ជាងកីឡាករ ទាំងក្នុងឆាកជាតិ និងអន្តរជាតិ ខណៈវិស័យកីឡានៅកម្ពុជា កំពុងជំរុញ និងលើកទឹកចិត្តដល់នារីៗវ័យក្មេង មកហ្វឹកហាត់ចាប់អាជីពកីឡាឲ្យបានច្រើន។

អគ្គលេខាធិការ NOCC រៀបរាប់ ៖ “ យើងឃើញហើយ កីឡាការិនី ជាឱកាសល្អសម្រាប់ការប្រកួតគ្រប់កីឡាទាំងអស់។ កីឡាការិនី មានឱកាសច្រើនជាងបុរស ច្រើនជាងកីឡាករ។ ហើយកម្រិតនៃការលូតលាស់របស់កីឡាការិនី គេហៅថាកម្រិតគុណផលរបស់កីឡាការិនីផ្សេងៗទៀត វាលើសខ្វះគ្នាច្រើនទេ។ វាប្រដំប្រសងគ្នា។ ចឹងយើងមានឱកាសច្រើនណាស់។ ហើយឱកាសនេះ ដែលយើងរៀបចំផែនការជំរុញ និងកៀរគរកីឡាការិនីចូលរួមការប្រកួត និងការហ្វឹកហាត់”។

ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកកីឡាការិនីគុនប្រយុទ្ធកម្ពុជាឆ្នើមៗពីររូប គឺ វរៈកីឡាការិនីតេក្វាន់ ដូ ស៊ន សៀវម៉ី និងកីឡាការិនីប្រដាល់ នៅ ស្រីពៅ ដែលបានសាងស្នាដៃល្អជូនជាតិ និងជាកីឡាការិនីគំរូ ក្នុងការទាក់ទាញនារីៗវ័យក្មេង ឲ្យចូលហ្វឹកហាត់កីឡាកាន់តែច្រើន ដើម្បីបង្ហាញពីស្រ្តីមានសមត្ថភាព មិនចាញ់បុរសនោះឡើយ។


សូមជម្រាបថា ប្រភេទកីឡាប្រយុទ្ធ ដូចជា ប្រដាល់ MMA និងប្រភេទកីឡាមួយចំនួនផ្សេងៗទៀត កីឡាការិនីហ្វឹកហាត់អាជីពនៅមានកម្រិតតិចតួចនៅឡើយ ខណៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងលើកទឹកចិត្ត និងកៀរគរឲ្យនារីៗវ័យក្មេង ចូលហ្វឹកហ្វឺនជាកីឡាការិនីអាជីព ដើម្បីត្រៀមប្រកួតប្រជែង ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
Loading...