+855 16 757 168     samnob@keiladaily.com
KD Logo

ឃួន ឡាំងកូស៊ីន ថា ណុកក្រៈជីប ចាញ់ ដ្បិតវាយប្រមាថសមត្ថភាពរបស់ខ្លួន 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 166

ក្រោយផ្ដួលជើងខ្លាំងថៃ ណុកក្រៈជីប ស៊ីតផអែត ក្នុងទឹកទី២ នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន យ៉ាងកក្រើក កាលពីថ្ងៃអាទិត្យ អ្នកប្រដាល់គុនខ្មែរវ័យក្មេង ឃួន ឡាំងកូស៊ីន លើកឡើងថា ម្ចាស់មេដាយមាសពិភពលោក IFMA ៥សម័យថៃ រូបនេះ វាយហាក់ប្រមាថ និងមើលស្រាលដល់របស់សមត្ថភាពរបស់ខ្លួន ដែលមានបទពិសោធខ្ចី ហើយធ្វេសប្រហែស ទើបខ្លួនអាចយកឈ្នះកីឡាករថៃរូបនេះបាន ដោយចាយពេលត្រឹមតែ២ទឹក។


ក្រោយការប្រកួត អ្នកស្នងគុនខ្មែរ ដើមកំណើតពីខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ខ្លួនរំភើបដោយអាចយកឈ្នះអ្នកប្រដាល់ថៃ ដែលធ្លាប់ផ្ដួលជើងខ្លាំងកម្ពុជាជាច្រើនរូប នាពេលកន្លងមក លើសពីការរំពឹងទុករបស់ខ្លួន។

អ្នកប្រដាល់គុនខ្មែរវ័យក្មេងរៀបរាប់ ៖“បាទកីឡាករគាត់ល្អដែរ និយាយទៅ។ ហើយយើងក៏ពិបាកទប់ទល់ដែរ។ ឆ្លងកាត់មួយទឹក ខ្ញុំក៏រំពឹងដែរ ព្រោះអីគាត់វ៉ៃរាងទម្លាក់ គាត់រាងប្រមាទខ្ញុំ ឃើញខ្ញុំរាងក្មេង។ ខ្ញុំមិនបានរំពឹងថាអាចផ្ដួលគាត់ឆាប់រហ័សចឹងនោះទេ។ ហើយខ្ញុំរំភើបខ្លាំង ព្រោះមានបងប្អូនខ្មែរគាំទ្រខ្ញុំយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍អរខ្លាំងមែនទែន ពេលអាចវាយគេរាប់ចឹង”។

កូនសិស្សអតីតអ្នកប្រដាល់គុនខ្មែរជើងខ្លាំង សាន សៅយ៉ាន់ រូបនេះ បន្ថែមថា ប្រសិន មានជំនួបសងសឹកស្នើពី ណុកក្រៈជីប ខ្លួននឹងនៅតែស្វាគមន៍ ហើយរំពឹងនឹងធ្វើបានល្អបន្តទៀត បើទោះដឹងថាកីឡាករថៃរូបនេះ ជាអ្នកប្រដាល់ឆ្នើមមូយរូបក៏ដោយ។

ឃួន ឡាំងកូស៊ីន បន្ត ៖ “ ប្រសិនជាជួបលើកក្រោយ ខ្ញុំនៅតែសង្ឃឹម ព្រោះខ្ញុំបានស្គាល់គាត់ ហើយដឹងថាគាត់ខ្លាំងដៃ និងជើង។ ហើយប្រសិនជាយើងយកមកកែតម្រូវ យើងអាចសង្ឃឹមឈ្នះទៀត។ តែអាចរាងពិបាកជាងមុនដែរ។ ព្រោះអី គេមកតំរូវយើង យើងធ្លាប់ជួបគ្នាចឹង គេដឹងថាត្រៀមតំរូវយើងបានល្អ”។


សូមជម្រាបថា ឃួន ឡាំងកូស៊ីន បានបំបាក់ខ្លាចាស់ថៃ និងជាម្ចាស់មេដាយមាស ពិភពលោក IFMA ៥សម័យ ណុកក្រៈជីប ស៊ីតផអែត ដែលធ្លាប់យកឈ្នះជើងខ្លាំងកម្ពុជាជាច្រើនរូប ដូចជា ខាំ ខ្លានាង សែន រ៉ាដេត និង វ៉ាន់ វឿន ជាដើម នាពេលកន្លងមក ក្នុងទឹកទី២ យ៉ាងកក្រើក ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន កាលពីថ្ងៃអាទិត្យ ទី០២ ខែមិថុនា នៅសង្វៀនភីអិនអិន ព្រែកព្នៅ ក្រោមក្រសែភ្នែកអ្នកទស្សនាយ៉ាងច្រើនកុះករ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN  


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖