+855 16 757 168     samnob@keiladaily.com
KD Logo

ឡៅ ចិត្រា ថា កងស្យាម ធ្លាប់សន្លប់ក្រោមដៃខ្លួនមុនប៉ះគ្នាប្រជែងខ្សែក្រវាត់ប្រាក់ “អធិរាជគុនខ្មែរ ISI PALM” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 367

មុនជំនួបផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ប្រាក់ “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន នាថ្ងៃអាទិត្យ សប្ដាហ៍នេះ អ្នកប្រដាល់គុនខ្មែរជួរមុខកម្ពុជា ឡៅ ចិត្រា បង្ហើបថា កងស្យាម ម៉.រិទ្ធភិផាក់ ធ្លាប់ស្គាល់រស់ជាតិចាញ់ខ្លួនពីរលើកមកហើយ ដោយក្នុងនោះ កីឡាករថៃរូបនេះ ថែមទាំងធ្លាប់សន្លប់ក្រោមផ្លែកែងរបស់ខ្លួនម្ដងផងដែរ ក្នុងទឹកទី៣ កាលពីពេលកន្លងមក។


ម្ចាស់មេដាយសំរិទ្ធគុនខ្មែរ ស៊ីហ្គេម ឆ្នាំ២០១៧ រូបនេះ បន្តថា កងស្យាម ជាកីឡាករថៃមួយរូប មានស្នៀតជើង និងកណ្ដាប់ដៃល្អ ពុំអាចមើលស្រាលបានឡើយ។ បែបនេះក្ដី ឡៅ ចិត្រា ប្ដេជ្ញាថា នឹងប្រឹងប្រែងធ្វើឲ្យបានល្អបំផុត ហើយរំពឹងអាចបន្តគ្រងជ័យជម្នះ លើកជើងខ្លាំងថៃរូបនេះ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ប្រាក់ដំបូងគេ ឆ្ពោះទៅក្រសោបឱកាសបន្តប្រជែងខ្សែក្រវាត់មាស ក្នុងកម្មវិធី”អធិរាជគុនខ្មែរ ISI PALM “ ដែលមានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់មួយនេះ។

ជើងខ្លាំងវ័យក្មេងត្រកូល ឡៅ ដើមកំណើតពីខេត្តកំពង់ស្ពឺ ដដែល បញ្ជាក់ថា ជំនួបដ៏ជក់ចិត្តវគ្គផ្ដាច់ព្រ័ត្រ ប្រជែងខ្សែក្រវាត់ប្រាក់ នាសប្ដាហ៍នេះ ខ្លួនបានបង្កើនការហ្វឹកហាត់ និងពង្រឹងសមត្ថភាពបានយ៉ាងល្អរួចជាស្រេច ក្នុងការត្រៀមខ្លួនតតាំងនឹងអ្នកប្រដាល់ថៃ កងស្យាម ដែលទើបទម្លាក់បេក្ខភាពគុនខ្មែរ សារឿន ច័ន្ទ នៅជុំដំបូង កាលពីសប្ដាហ៍កន្លងទៅរូបនេះ។


សូមជម្រាបថា ឡៅ ចិត្រា និងអ្នកប្រដាល់ថៃ កងស្យាម ម៉. រិទ្ធភិផាក់ នឹងត្រូវតតាំងគ្នា ប្រជែងខ្សែក្រវាត់ប្រាក់ ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន នាថ្ងៃអាទិត្យ ទី០៩ ខែមិថុនា សប្ដាហ៍នេះ ដើម្បីស្វែងរកអ្នកខ្លាំងបន្តទៅដណ្ដើមខ្សែក្រវាត់មាស អមដោយទឹកប្រាក់៤០លានរៀល។ ដោយឡែក លើសង្វៀនតែមួយ ជើងខ្លាំងទម្ងន់ស្រាលកម្ពុជា វ៉ាន់ វឿន ក៏នឹងបង្ហាញខ្លួន ក្នុងជំនួបមិត្តភាពអន្តរជាតិ ប៉ះអ្នកប្រដាល់ថៃ យ៉ត់ចក្រគ្រិត រួមទាំងពន្លកគុនខ្មែរ ប៉ះគុនថៃ ពីរគូទៀតផងដែរ ផ្សាយលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីវេលាម៉ោង១២ថ្ងៃត្រង់តទៅ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖