+855 16 757 168     samnob@keiladaily.com
KD Logo

នៅ ស្រីពៅ បង្ហើបគម្រោងពេលឈប់ប្រកួតគុនខ្មែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 407

កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ ដែលកំពុងទទួលបានប្រជាប្រិយភាពនៅក្នុងស្រុក និង ឆាកអន្តរជាតិតាមរយៈការទៅប្រកួតសង្វៀន ONE Championship នាពេលថ្មីៗនេះបានដាក់គោលដៅរួចហើយទៅថ្ងៃអនាគត បើសិនជាឡើងប្រកួតលែងកើត។ ស្រីពៅ ដែលឡើងប្រកួតនៅសង្វៀន ONE ចំនួនពីរលើក បានបង្ហើបបំណងថា ខ្លួនចង់ក្លាយជា គ្រូបង្វឹក ចៅក្រម ឬ បើមានលទ្ធភាពអាចចង់បើកក្លិបប្រដាល់មួយនៅក្នុងភូមិម្ដុំចំការដូងដែលរស់នៅបច្ចុប្បន្នទៀតផង។ 


នៅ ស្រីពៅ ដែលជាម្ចាស់ខ្សែក្រវាត់គុនខ្មែរទម្ងន់ ៦៣,៥ គីឡូក្រាមបាន គូសបញ្ជាក់ថា ៖«គោលបំណងខ្ញុំចង់ធ្វើទៅថ្ងៃមុខបង គឺ ចៅក្រម អាជ្ញាកណ្ដាល និង គ្រូបង្វឹកផង ហើយខ្ញុំត្រូវរៀនពីឥឡូវទៅ។ នេះជាឱកាសល្អព្រោះការងារនេះ នារីៗមិនសូវសម្បូរទេ។ បងសួរដូចពិបាកឆ្លើយរឿងមានប្ដី..ហឹម បើសិនខ្ញុំមានប្ដី ហើយខ្ញុំនៅប្រកួតបានគឺ ខ្ញុំនៅតែប្រកួត។ បើប្ដីខ្ញុំ ឲ្យប្រកួតខ្ញុំនៅប្រកួត ព្រោះនៅស្រុកគេ ដូច Priscilla គាត់មានកូនមានប្ដី គាត់នៅប្រកួតជាមួយខ្ញុំបាន»។

កីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship បានបន្តថា ពេលឃើញប្រពន្ធលោកគ្រូអេ ភូថង អ្នកស្រី សឹង សុម៉ាលី ឬ ប្រពន្ធគ្រូ នួន ភារម្យ ធ្វើជាចៅក្រម និង អាជ្ញាកណ្ដាល ក៏ជាចំណែកមួយដែលធ្វើឲ្យរូបគេកាន់តែមានចំណង់ចំណូលចិត្តដែរ ខណៈ ខ្លួនស្រលាញ់ក្បាច់គុនខ្មែរតាំងពីដើមមកផងនោះ។

កីឡាការិនីវ័យ ២៤ ឆ្នាំ សង្កត់ធ្ងន់ដូច្នេះ ៖«បើសិនខ្ញុំមានលុយ ឬ មានលទ្ធផល ខ្ញុំប្រហែលអាចបើកក្លិបប្រដាល់មួយទៀតជាមួយបងប្រុសខ្ញុំ នៅ ស៊ីថា ទៅថ្ងៃអនាគតប្រចាំភូមិខ្ញុំនៅម្ដុំចំការដូងតែម្ដង ព្រោះបងខ្ញុំគាត់យល់អំពីការងារនេះដែរ។ នេះជាការរួមចំណែកក្នុងការស្រលាញ់គុនខ្មែរ និង ជួយបំផុសគុនខ្មែរ»។

បន្ទាប់ពីទទួលការបង្ហាត់ដោយគ្រូបង្វឹក ញ៉ូវ ម៉ាក និង លោក ម៉ាក សាខន នៅក្លិបតាឡីដំរីមានរិទ្ធិ នាដើមឆ្នាំ ២០១៤ ស្រីពៅ ចាប់ផ្ដើមមានទីផ្សារ ជាហូរហែ រហូតដល់ពិបាករកគូប្រកួតនៅក្នុងស្រុក។ បន្ទាប់មកគេបានឈានជើងចូលសង្វៀនអន្តរជាតិចំនួន ៤ លើក គិតត្រឹមពេលនេះ។ ពីរលើកដំបូង ស្រីពៅ ឈ្នះ កីឡាការិនីម្ចាស់មីយ៉ាន់ម៉ា Shwe Sin Min នៅឆ្នាំ ២០១៨ និងទទួលពានជាកីឡាការិនីឆ្នើមបំផុតប្រចាំសង្វៀន World Lethwei Championship របស់មីយ៉ាន់ម៉ា។

បន្ទាប់មកនាខែ កុម្ភៈឆ្នាំ ២០១៩ ស្រីពៅ បានបង្កើតកំណត់ត្រាគួរចងឲ្យចាំដោយយកឈ្នះកីឡាការិនីមានបទពិសោធន៍ច្រើនថៃ Rika Ishige ដោយពិន្ទុនៅសង្វៀន ONE នាប្រទេសថៃ មុនចាញ់ពិន្ទុទាំងល្អមើលទល់នឹងកីឡាករការិនីម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី Priscilla កាលដើមខែ ឧសភា។


បច្ចុប្បន្ន នៅ ស្រីពៅ កំពុងហាត់ប្រដាល់សកលជាមួយគ្រូបង្វឹក វ៉ែន សុផល, ជ័យ ណារ៉ា និង គ្រូបង្វឹកសញ្ជាតិគុយបា Rolando castellano rodriquez ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំ ២០១៩ នេះនៅប្រទេសហ្វីលីពីន។ ព្រឹត្តិការណ៍ស៊ីហ្គេមនៅហ្វីលីពីន នឹងចាប់ផ្ដើមបើកពីថ្ងៃទី ៣០ ខែ វិច្ឆិកា ដល់ថ្ងៃបិទបញ្ចប់ទី ១០ ខែ ធ្នូ ឆ្នាំ ២០១៩។ ដ្បិតហ្វឹកហាត់ខ្លាំងក្លា នៅ ស្រីពៅ មិនខុសពី វី ស្រីខួច ប៉ុន្មានទេ ដោយសារមិនសូវមានសង្វៀនប្រដាល់សកលឡើងប្រកួតញឹកញាប់៕

អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖