+855 16 757 168     samnob@keiladaily.com
KD Logo

ឡៅ ចិត្រា ប្រាប់មូលហេតុទាត់ច្រើនពេលផ្ដួលកងស្យាមយកខ្សែក្រវាត់ប្រាក់នៅ PNN 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 742

ក្រោយចាយពេលត្រឹមតែ២ទឹក ផ្ដួលជើងខ្លាំងថៃ កងស្យាម ម៉.រិទ្ធភីថាក់ ឲ្យអាជ្ញាកណ្តាលរាប់ដល់១០បញ្ឈប់ការប្រកួត ក្លាយជាម្ចាស់ខ្សែក្រវាត់ប្រាក់ដំបូងគេ ក្នុងកម្មវិធីប្រដាល់ “អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន កាលពីថ្ងៃអាទិត្យ អ្នកលេងគុនខ្មែរជួរមុខ ឡៅ ចិត្រា បង្ហើបថា ខ្លួនចាប់ផ្ដើមចូលចិត្តប្រើក្បាច់ទាត់សន្ធប់ទៅលើគូប្រកួតច្រើន ខុសពីសព្វថ្ងៃ ដោយសារតែបានហ្វឹកហាត់ពង្រឹងស្នៀតជើងច្រើន ក្រោយទទួលបទពិសោធពីសង្វៀន ONE Championship ប៉ះអ្នកប្រដាល់ថៃ ស៊ុបភើឡេក។


ឡៅ ចិត្រា រៀបរាប់បែបនេះ៖ ”បាទបង អារម្មណ៍គឺសប្បាយចិត្តមែនទែន។ សព្វថ្ងៃខ្ញុំប្រើជើងច្រើន ព្រោះហាត់ឥឡូវចូលចិត្តប្រើជើងបង។ ព្រោះធ្លាប់មានបទពិសោធពីកីឡាករថៃ នៅ ONE Championship គឺគេទាត់មួយទឹកចូលជិត២០ទៅ៣០ជើង។ ខ្ញុំផ្ដោតទាំងខ្មែរ ទាំងថៃ បង។ តែកីឡាករខ្មែរក៏ល្អច្រើនបង។ គឺមានទើបឡើង ហើយសាករៗខ្ញុំ មានគេល្អច្រើន កម្លាំងស៊ុសគេខ្លាំង។ អត់ដឹងម៉េចទេ មិនដឹងថាបានឡើងទៅវគ្គបន្តទៀតអត់ទេ ប៉ុន្តែនឹងខំប្រកួតឲ្យអស់ពីសមត្ថភាព”។

ម្ចាស់មេដាយសំរឹទ្ធគុនខ្មែរ ស៊ីហ្គេម ឆ្នាំ២០១៧ រូបនេះ បន្ថែមថា ខ្លួននឹងបន្តខិតខំអភិវឌ្ឍសមត្ថភាពឲ្យកាន់តែរឹងមាំ ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ឆ្ពោះទៅប្រជែងខ្សែក្រវាត់មាស ក្នុងកម្មវិធី” អធិរាជគុនខ្មែរ ISI PALM” ដែលប្រជុំដោយអ្នកខ្លាំង ទាំងបេក្ខភាពខ្មែរ និងថៃ មួយនេះ។


សូមជម្រាបថា កម្មវិធីប្រដាល់ “អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន បានរកឃើញម្ចាស់ខ្សែក្រវាត់ប្រាក់ដំបូងគេហើយ ដោយបានទៅអ្នកប្រយុទ្ធគុនខ្មែរជួរមុខ ឡៅ ចិត្រា ក្រោយផ្ដួលអ្នកប្រដាល់ថៃ កងស្យាម ម៉.រិទ្ធភីថាក់ ឲ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃអាទិត្យ ទី០៩ ខែមិថុនា។ ឡៅ ចិត្រា នឹងឈរចាំម្ចាស់ខ្សែក្រវាត់ប្រាក់៣រូបផ្សេងទៀត ដែលនឹងធ្វើការប្រកួតប្រជែងជម្រុះ ឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាស អមដោយទឹកប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖