ម្ចាស់ខ្សែក្រវាត់ប្រដាល់សកលពិភពលោកទម្ងន់ធ្ងន់ WBA Asia Boxing Association 2019 អេរិក ភារ៉ុនប៉ែន អះអាងថា ខ្លួនពិតជាចង់ និងពេញចិត្តសម្រាប់ការ ប្រកួតប្រដាល់សកល តំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិផ្សេង ប្រសិនមានឱកាស ព្រោះជាប្រទេសកំណើតរបស់ខ្លួន។
កូនខ្មែរ-អាមេរិក វ័យ២៦ឆ្នាំ រៀបរាប់បែបនេះ ៖ “១០០ភាគរយ ខ្ញុំនឹងប្រកួតតំណាងឲ្យកម្ពុជា ប្រសិនមានឱកាស។ ពិសេស ការប្រកួតរបស់ខ្ញុំកន្លងមកនេះ ក៏ខ្ញុំបានប្រកួតក្នុងនាមតំណាងឲ្យកម្ពុជាផងដែរ។ ព្រោះថា កម្ពុជាជាប្រទេសកំណើតរបស់ខ្ញុំ ហើយជ័យជម្នះក៏សម្រាប់ប្រជាជនខ្មែររបស់ខ្ញុំដែរ។ ខ្ញុំចង់ឲ្យពិភពលោកស្គាល់ថា កម្ពុជាក៏អាចធ្វើបានដូចប្រទេសដ៏ទៃ”។
ជាមួយគ្នានេះ លោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់ក្លិបប្រដាល់ Cambodian Top Team បានបញ្ជាក់ថា លោកមានមោទនភាពដែលមានកូនខ្មែរ អាចដណ្ដើមបានខ្សែក្រវាត់ប្រដាល់សកលកម្រិតពិភពលោកបែបនេះ ហើយលោកក៏ចង់ឲ្យអ្នកប្រដាល់សកលទម្ងន់ធ្ងន់ ខ្មែរ-អាមេរិករូបនេះ ចេញប្រកួតតំណាងឲ្យកម្ពុជាផងដែរ នាពេលខាងមុខ។
ម្ចាស់ក្លិបប្រដាល់ Cambodian Top Team សង្កត់ធ្ងន់៖ “និយាយរួម ខ្ញុំអ្នកអញ្ចើញគាត់មក។ ខ្ញុំបានទាក់ទងទៅគាត់យូរដែរហើយ ទម្រាំគាត់មកដល់។ និយាយរួម ខ្ញុំចង់និយាយគ្នា ដោយសារគាត់ជាកូនខ្មែរមួយរូបដែរ ហើយក៏ជាម្ចាស់ខ្សែក្រវាត់ស្ថាប័នពិភពលោកមួយដែរ។ ហើយនេះជារឿងល្អមួយដែរ និងមោទនភាពដែរ ដែលមានកូនខ្មែរ អាចដណ្ដើមខ្សែក្រវាត់នេះបាន។ គម្រោងខ្ញុំ គឺខ្ញុំចង់នាំគាត់មកស្គាល់ខ្មែរសិន។ ហើយខ្ញុំចង់ទាញគាត់ឲ្យមកខ្មែរវិញ ដើម្បីប្រកួតតំណាងខ្មែរ។ ចឹងពេលណាគាត់ឡើងវ៉ៃខ្សែក្រវាត់សកលពិភពលោកទៀត ចង់ឲ្យគាត់តំណាងខ្មែរ លើកទង់ជាតិខ្មែរ។ ហើយនេះមិនមែនថា ជាផលប្រយោជន៍គាត់ ឬខ្ញុំទេ តែវាជាផលប្រយោជន៍រួម សម្រាប់ប្រទេសជាតិ ដែលមានកីឡាករខ្មែរ អាចឈានទៅប្រកួតក្នុងស្ថាប័នពិភពលោកមួយដែរ”។
គួរដឹងដែរថា អេរិក ប៉ែន ឬ អេរិក ភារ៉ុន ប៉ែន មានម្ដាយជាជនជាតិខ្មែរ និងធំដឹងក្ដីនៅសហរដ្ឋអាមេរិក។ ជើងឯកប្រដាល់សកល WBA ASIA Heavyweight រូបនេះ ផ្ដើមហ្វឹកហាត់ប្រដាល់នៅឆ្នាំ២០១៤ និងឆ្លងកាត់ការប្រកួតចំនួន៣លើក ដោយពុំស្គាល់ចាញ់នោះឡើយ ក្រោយយកឈ្នះកីឡាករឥណ្ឌូនេស៊ី Satria Antasena ត្រឹមទឹកទី១ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ គ្រងខ្សែក្រវាត់ WBA Asia៕
ផ្ដល់សិទ្ធិ ៖ PNN Sports
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖