+855 16 757 168     samnob@keiladaily.com
KD Logo

ឪពុកពន្លកគុនខ្មែរ ចាំ សិលា៖“សូម្បី អត់លុយ ក៏ខ្ញុំខ្ចីគេនាំកូន មកប្រកួត ដែរ” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 354

ដោយទឹកចិត្ត ស្រលាញ់កូន និង ពេញចិត្ត អាជីពប្រដាល់ផង នោះ ឪពុកពន្លកគុនខ្មែរដែលមានទេពកោសល្យ ប្រយុទ្ធមួយរូប ចាំ សិលា លោក ឡា ចាំ បង្ហើបថា កន្លងមក ពេលកូនខ្លួន មានឈ្មោះឡើងរេញ ប្រកួត ម្ដងៗ ទោះពុំមានថវិកផ្ទាល់ខ្លួនធ្វើសាហ៊ុយ លោកសុខចិត្ត ពឹងពាក់ខ្ចីលុយអ្នកជិតខាង នាំកូនប្រុស ជិះរថយន្ត ពីបន្ទាយមានជ័យ មក ប្រកួត នៅរាជធានីភ្នំពេញ។


បុរស វ័យ ៣៧ឆ្នាំ រូបនេះ រៀបរាប់ថា សព្វថ្ងៃ ចាំ សិលា អាចរកចំណូលបាន តិចតួច សម្រាប់ផ្គត់ផ្គង់ការ សិក្សារបស់គេផ្ទាល់ខ្លួនផង ដែរ ក្រោយមានការ ឧបត្ថម្ភមួយចំនួន ។

លោក ឡា ចាំ រៀបរាប់ ៖ “បាទ ស្រលាញ់កូនខ្លាំង ។ សូម្បីតែ អត់លុយ ក៏រកខ្ចីគេជិះឡាននាំកូនមកប្រកួតបាន។ ស្រលាញ់កូនខ្លាំងមែនទែន។ មុនដំបូង ខ្ញុំខ្ចីលុយគេមក តែឥឡូវ លោកគ្រូ ថៃ អ៊ូ គាត់ឧបត្ថម្ភ។ គាត់ជួយចេញថ្លៃសាហ៊ុយ ការ ស្នាក់នៅហូបចុក។ ចឹង ខ្ញុំអាចសល់លុយ ទុកឲ្យរៀនសូត្រ តទៅមុនទៀតបាន។ លុយកូន គេវ៉ៃបានប៉ុន្មាន ដូចថា យើង វ៉ៃអន្តរជាតិ បាន ៤០ដុល្លារ ឬ ៥០ដុល្លារ ចឹង វាយកទៅវា ដាក់ក្នុងកូនជ្រូកវាមួយចឹង។ យើង អត់មានប៉ះពាល់របស់វាទេ។ ដល់ពេលវា សន្សំបានច្រើន វា អាចទិញ ខ្សែករ ចិញ្ចៀន ខ្សែដៃ របស់ វាបានច្រើន។ សម្រាប់ខ្ញុំ អត់មានអីប៉ះពាល់របស់កូនទេ មានជួយ កូនថែម ។ ខ្ញុំមានអាជីព ធ្វើស្រែចឹង ពេល លក់ស្រូវបានលុយតិចតួច ជួយកូនបង់សាលា រៀន ថែមទៀតទៅ”។

លោក ឡា ចាំ សង្កត់ធ្ងន់ថា ទោះ កូនប្រុសខ្លួន ចាំ សិលា គេចូលចិត្ត និង សម្រេច ដើរ លើវិថីប្រដាល់ បែបណាក្ដី ប៉ុន្តែ លោក ក៏ជំរុញ ឲ្យរូបគេ ខិតខំរៀនសូត្រ ផង ដែរ ពោលចាប់ទាំង ការ សិក្សា និង ឡើង រេញ ។ បុរសស្រលាញ់គុនខ្មែរ រូបនេះ រំពឹងទៀតថា ថ្ងៃមុខ ពេលកូនខ្លួន ក្លាយជា អ្នកប្រដាល់ល្បីឈ្មោះ គេនឹងអាច រកចំណូលជួយដល់គ្រួសារ ផង ដែរ ។


សូមជម្រាបថា លោក ឡា ចាំ មានកូនបីនាក់ ក្នុងនោះប្រុស២ និងស្រី១ ហើយមានទីលំនៅបច្ចុប្បន្ន នៅភូមិគាប ឃុំទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្ត បន្ទាយមានជ័យ។ ដោយឡែក ពន្លកគុនខ្មែរ ចាំ សិលា បានចូលហ្វឹកហាត់ប្រដាល់តាំង ពីអាយុ ៨ ឆ្នាំ និង ឆ្លងកាត់បទពិសោធសង្វៀន សរុប ៤០លើក ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖