+855 16 757 168     samnob@keiladaily.com
KD Logo

ធន់ អៀងឡៃ ថាសូមទុកមិត្តភាពចោលសិន ក្នុងជំនួបប៉ះ វ៉ាន់ វឿន ប្រជែងគ្នាទៅស៊ីហ្គេម 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 190

អ្នកប្រយុទ្ធទម្ងន់ស្រាល កំពុងមានឈ្មោះសំឡេងមួយរូប ធន់ អៀងឡៃ អះអាងថា នឹងខិតខំអស់ពីសមត្ថភាព ហើយលើរេញសុំទុកមិត្តភាពជាបងប្អូនរួមអាជីពមួយគ្រាសិន ក្នុងជំនួបសាកល្បងបច្ចេកទេស ជាមួយសិស្សច្បងរបស់ខ្លួន វ៉ាន់ វឿន នាថ្ងៃអាទិត្យ សប្ដាហ៍នេះ នៅសង្វៀន ”អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ដើម្បីកាត់សេចក្ដីរកអ្នកឈ្នះ ក្លាយជាកីឡាករតំណាងគុនខ្មែរ ប្រភេទទម្ងន់៥៤គីឡូក្រាម ត្រៀមទៅចូលរួម ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។


ធន់ អៀងឡៃ រៀបរាប់បែបនេះ ៖ “ បាទ ខ្ញុំមានការហ្វឹកហាត់ដិតដល់ ហើយសម្រាប់ការប្រកួតជាមួយសិស្សច្បង វ៉ាន់ វឿន ខ្ញុំក៏មានការព្រួយបារម្ភច្រើនដែរបង ព្រោះគាត់ជាជើងឯក និងកីឡាករជើងចាស់និងខ្លាំងមួយរូបដែរ។ បាទបង នេះការប្រកួតដ៏សំខាន់មួយដែរ សម្រាប់ខ្ញុំ។ ព្រោះអី បើខ្ញុំអាចឈ្នះគាត់ ខ្ញុំនឹងអាចឡើងទៅប្រកួតស៊ីហ្គេម ជាកម្មវិធីដ៏ធំមួយដែរ។ ហើយណាមួយ គឺដើម្បីខ្លួនឯង និងប្រទេសជាតិផងដែរ។ បាទបង ខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាព ទោះយើងធ្លាប់ហ្វឹកហាត់នៅក្លិបជាមួយគ្នា។ ឡើងលើរេញវាជាកីឡា ហើយចុះវិញយើងនៅតែមិត្តភាពជាបងប្អូនដដែល។ ខ្ញុំមិនហ៊ានប្រាកដច្រើនទេ ព្រោះកីឡាយើងហាត់ដូចគ្នា ពេលឡើងលើរេញទើបដឹងបង”។

កូនសិស្សគ្រូ ធន់ សុភា រូបនេះ បន្ថែមថា ក្រៅពីខំបង្កើនការហ្វឹកហាត់ រូបគេក៏មានក្ដីបារម្ភមួយចំនួនផងដែរ ដ្បិតម្ចាស់មេដាយសំរឹទ្ធ ស៊ីហ្គេម ឆ្នាំ២០១៧ វ៉ាន វឿន ជាកីឡាករជួរមុខ ហើយមានបទពិសោធច្រើន ពុំអាចមើលស្រាលបានឡើយ។

អៀងឡៃ បន្ថែម ៖ “គឺខ្ញុំបារម្ភទាំងអស់បង ព្រោះអីគាត់ជាកីឡាករជើងចាស់មួយរូប ដូចនេះ ខ្ញុំបារម្ភគ្រប់ស្នៀត គ្រប់ក្បាច់របស់គាត់ទាំងអស់បង។ សម្រាប់ខ្ញុំ អត់មានអ្វីច្រើនទេ មានតែបុកឲ្យខ្លាំង និងវ៉ៃចេញឲ្យច្បាស់ៗ។ ខ្ញុំមិនទាន់និយាយការរំពឹងទេ ព្រោះរាល់ការប្រកួតខ្ញុំមិនសូវហ៊ានរំពឹងទេ សំខាន់ដល់៥ទឹកបានដឹង”។


សូមបញ្ជាក់ថា ធន់ អៀងឡៃ និង វ៉ាន់ វឿន ត្រូវបានសហព័ន្ធកីឡាប្រដាលគុនខ្មែរ សម្រេចឲ្យសាកល្បងបច្ចេកទេសគ្នា នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន នាថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា សប្ដាហ៍នេះ ដើម្បីរកអ្នកឈ្នះ ក្លាយជាកីឡាករគុនខ្មែរតំណាងជាតិ ក្នុងប្រភេទទម្ងន់់៥៤គីឡូក្រាម ត្រៀមចេញទៅចូលរូមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ដោយឡែក លើសង្វៀនតែមួយ ក៏មានគូមិត្តភាពអន្តរជាតិដ៏ជក់ចិត្តបីគូផ្សេងទៀតផងដែរ រួមមាន ពន្លកគុនខ្មែរ ឡុង ពិសិដ្ឋ ប៉ះថៃ យ៉តឃុនភុន ស្របពេល សិស្សគុនក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ រឿម វណ្ណៈ តតាំងថៃ ស៊ីងថង និងថ្នាលគុនខ្មែរ វិន ដេវីត តទល់កីឡាករថៃ កៅសែន ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង១២ថ្ងៃត្រង់តទៅ៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖